
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9695 នាក់
ម្សិលមិញ 11076 នាក់
សរុប 19720171 នាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ ទំនិញកសិផល ជាមួយ លោកបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងកសិកម្ម។
លោករដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ និងក្តីរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។
លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម និងបុរេសកម្ម ហើយការចុះកិច្ចព្រមព្រៀងថ្ងៃនេះ បញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀត ហើយក្រុមការងារជំនាញទាំងពីរ នឹងធ្វើការជាមួយគ្នា ពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផល សំដៅបើកផ្លូវនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ ការកែលម្អបរិយាកាសវិនិយោគ ការកែលម្អផលិតកម្មពូជ ការលើកកម្ពស់ស្តង់ដាផលិត ការតាំងពិព័រណ៍ផលិតកម្មកសិកម្ម ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើ ស្តង់ដាគុណភាព សុវត្ថិភាព ចំណាយថ្លៃដើមទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងធនធានធម្មជាតិ។
សមភាគីទាំងពីរ កម្ពុជា-ឡាវ បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យ កាន់តែជិតស្និទ្ធ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពី។
ក្រសួងកសិកម្ម បានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ១៤,៩ លានតោនក្នុងឆ្នាំ២០២៥ កើនឡើង ២៧,៨% ធៀបនឹងរយៈពេលមួយឆ្នាំ ដោយបង្កើតប្រាក់ចំណូលប្រហែល ៥ ពាន់លានដុល្លារ។
ក្នុងនោះការនាំចេញស្រូវបានកើនឡើង ៤៨,៨% ដល់ ៦,៨៥ លានតោន ខណៈដែលការនាំចេញអង្ករបានកើនដល់កម្រិតខ្ពស់បំផុតចំនួន ៩៤០,៣២១ តោន ដែលជាការកើនឡើង ៤៥,៦% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ ផលិតផលកសិកម្មមិនមែនអង្ករក៏បានបង្ហាញពីកំណើនជាប់លាប់ផងដែរ ដោយកើនឡើងដល់ ៧,១១ លានតោន។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ខ្សែច្រវាក់ ផ្គត់ផ្គង់និងផលិតកម្មរបស់ប្រទេសកម្ពុជានៅតែមានភាពធន់គ្រប់គ្រាន់ដើម្បីធានាសន្តិសុខស្បៀងជាតិ ទោះបីជាមានបញ្ហាប្រឈមផ្នែកភស្តុភារកម្មតាមបណ្តោយព្រំដែនកម្ពុជា-ថៃក៏ដោយ។
លោកបានមានប្រសាសន៍ថា «នៅក្នុងឆ្នាំ២០២៥ ការនាំចេញដំណាំបានកើនឡើងគួរឲ្យកត់សម្គាល់… ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមផ្សេងៗក៏ដោយ ក៏ការនាំចេញផលិតផលកសិកម្មបានបន្តពង្រីក»។ប្រទេសចិន និងវៀតណាមនៅតែជាទីផ្សារសំខាន់សម្រាប់ផលិតផលកម្ពុជា។ វិស័យកសិកម្មនៅតែជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួននៃសេដ្ឋកិច្ចជាតិ។