
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1833 នាក់
ម្សិលមិញ 6712 នាក់
សរុប 20269224 នាក់
ភ្នំពេញ៖សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៣តុលាបានបញ្ចេញសំណេរតាមហ្វេសប៊ុកថា៖ខ្ញុំសូមបញ្ជាក់សាជាថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ឬការចរចាសន្តិភាពនោះទេ។ កម្ពុជាមិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។
បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ប៉ុន្តែការដោះស្រាយណាមួយដែលអាចទទួលយកបាន គឺត្រូវផ្អែកលើគោលការណ៍តម្លាភាព មានការឯកភាពគ្នា ដោយគ្មានការបង្ខិតបង្ខំរវាងភាគីទាំងពីរ និងដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នា ព្រមទងផ្អែកលើមូលដ្ឋានសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
នៅក្នុងន័យនេះ ការងារវាស់វែង និងខណ្ឌសីមា គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណ:កម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។ JBC បានធ្វើការរួមគ្នាប្រកបដោយផ្លែផ្កា ជាច្រើនក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ទោះបីមិនទាន់បានចប់សព្វគ្រប់ក៏ដោយ។
នៅក្នុងកិច្ចប្រជុំ JBC រយៈពេលពីរថ្ងៃពេញ (២១-២២ តុលា) ដែលទើបបញ្ចប់នៅរំលងអាធ្រាតចូលថ្ងៃ ២៣ តុលា ២០២៥ នេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយដោយតម្លាភាព និងត្រឹមត្រូវតាមគោលការណ៍ដែលបានឯកភាពគ្នា ក្នុងបំណងឈានទៅដោះស្រាយបញ្ចប់ជម្លោះនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ (ចន្លោះបង្គោលព្រំដែនលេខ ៤២ និង ៤៧) ។
ដើម្បីស្វែងរកដំណោះស្រាយនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោល បណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។ លទ្ធផលដែលទទួលបាន នឹងផ្ទៀងផ្ទាត់ជាមួយការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ធ្វើការដោះស្រាយបន្ត។
មានតែវិធីសាស្ត្រនេះទេ ទើបភាគីទាំងពីរអាចឈានទៅរកដំណោះស្រាយមួយ ដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដែលកើតមាននៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។
ជាមួយគ្ននោះដែរ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ប្រាប់កាសែតថា តាមរយៈលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសកម្ពុជា និងថៃ ដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី, សភាពការណ៍ដែលកំពុងទទួលបាននេះនឹងបង្កលក្ខណៈក្នុងការដោះលែងទាហ៊ានកម្ពុជាចំនួន១៨នាក់ និងបង្កើតភាពជំនឿទុកចិត្ត និងជឿជាក់ទៅវិញទៅមកព្រមទាំងការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបង្ហាញការសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសកម្ពុជា និងថៃ ដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃ៍ទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមការជួយសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ក្នុងស្មារតីបង្កើតភាពជំនឿទុកចិត្ត និងជឿជាក់ទៅវិញទៅមក ព្រមទាំងការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរ។
ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា សភាពការណ៍ដែលកម្ពុជា-ថៃកំពុងទទួលបាននេះក៏នឹងបង្កលក្ខណៈក្នុងការដោះលែងទាហ៊ានកម្ពុជាចំនួន១៨នាក់ ក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងកូឡាឡាំពួ ដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំពិសេសបន្ទាប់ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងរយៈពេល៩០ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងប្រទេសជាមិត្តទាំងអស់៕