
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 593 នាក់
ម្សិលមិញ 10494 នាក់
សរុប 19006374 នាក់
នៅប្រទេសចិន៖ ឧត្តមសេនីយយោធា និងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចំនួន ៩ នាក់ កំពុងតែជាប់បណ្តឹងស៊ើបអង្កេត ក្នុងសំណុំរឿងពុករលួយ។ នេះបើតាមក្រសួងការពារជាតិចិន ដោយបញ្ជាក់ថា ពួកគេទាំងអស់នោះ ត្រូវបណ្តេញចេញពីគណបក្សកុម្មុយនិស្តចិន និងត្រូវដកតំណែងចេញពីក្របខ័ណ្ឌជួរកងទ័ពចិន។ក្នុងចំណោមមន្ត្រីយោធាជាន់ខ្ពស់ទាំង៩នាកក់នោះមានឧត្តមសេនីយ ហឺ វីទុង ជាសមាជិកការិយាល័យមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអនុប្រធាននៃគណៈមជ្ឈិមយោធាដែលជាមនុស្សទី២បន្ទាប់ពីលោកប្រធានាធបតីស៊ីជិងពីង។
មុនពេលចាប់ឃុំខ្លួន ក្នុងខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ ហឺ វីទុង (何卫东) ជា ឥស្សរជនដ៏មានអំណាចឥទ្ធិពលនិងដ៏សំខាន់ខ្លាំង កម្រិតទី៣ នៅក្នុងជួរកងទ័ពចិន។ លោក ក៏ជាសមាជិកទី១ នៃការិយាល័យមជ្ឈិមបក្ស ដែលកំពុងតែអនុវត្តការងារ និងត្រូវជាប់ក្នុងនីតិវិធីស៊ើបអង្កេត ពីបទពុករលួយ។
ក្រោយពីបាត់ដំណឹងសូន្យឈឹងអស់ជាច្រើនខែ ក្រសួងការពារជាតិចិន បានចេញមុខប្រកាសជាសាធារណៈថា លោកឧត្តមសេនីយ៍ ហឺ វីទុង ជាមនុស្សម្នាក់ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ៩ នាក់ នៃក្រសួងការពារជាតិ ដែលកំពុងតែជាប់សំណាញ់ស៊ើបអង្កេត ជុំវិញបទល្មើសប្រព្រឹត្តអំពើពុករលួយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងការពារជាតិចិន ចុះថ្ងៃសុក្រទី១៧តុលា ដោយ បង្ហាញឈ្មោះជនជាប់ចោទដ៏សំខាន់ ២នាក់ទៀត គឺមានឈ្មោះ លោកឧត្តមនាវី Miáo Huá (苗华) អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការនយោបាយ និងលោកឧត្តមសេនីយ He Hongjun (何宏军) អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការនយោបាយ របស់ គណៈមជ្ឈិមយោធាចិន។ ជនជាប់ចោទ ទាំង ៩នាក់ ត្រូវក្រសួងការពារជាតិចិន សម្រេចបណ្តេញចេញពីក្របខ័ណ្ឌកងទ័ព ហើយគណបក្សក៏ដកហូតសមាជិកភាពរបស់ពួកគេ។
កាសែតរដ្ឋចិន ស៊ីនហួរ ក៏ធ្លាប់បញ្ជាក់ កាលពីខែមិថុនា ឆ្នាំ២០២៥ ថា ឧត្តមនាវី Miáo Huá ត្រូវដកហូតតំណែង ព្រោះតែ«រំលោភបំពានវិន័យបក្ស និងទុច្ចរិតមិនស្មោះត្រង់»។ «ពាក្យខុសវិន័យបក្ស» និង«មិនស្មោះត្រង់» ជាសំនួនវោហារវាក្យសព្ទបែបការទូតចិន ដែលចង់សំដៅដល់«បទល្មើសប្រព្រឹត្តអំពើពុករលួយ»។
យុទ្ធនាការកម្ចាត់អំពើពុករលួយនេះ បានប្រកាសដាក់ចេញយ៉ាងម៉ឺងមាត់ តាំងពីពេលដែល ប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង ឡើងកាន់អំណាចស្រុកទេស នៅឆ្នាំ ២០១២ មកម្ល៉េះ។ ប្រធានាធិបតីចិន ក្នុងនាមជាមេដឹកនាំកំពូល ទាំងក្នុងគណបក្សនិងទាំងក្នុងជួរកងទ័ព បានបង្គាប់បញ្ជាពង្រឹងយុទ្ធនាការកម្ចាត់អំពើពុករលួយ ឲ្យសស្រាក់សស្រាំ ជាទីបំផុត។
ការប្រកាសដំណឹងស៊ើបង្កេតបទល្មើសពុករលួយចំពោះមន្ត្រីកំពូលៗខាងយោធា នៅពេលនេះ បានធ្វើឡើងតែ៤ថ្ងៃប៉ុណ្ណោះ មុនពេលគណៈមជ្ឈិមបក្ស រៀបចំធ្វើសម័យប្រជុំពេញអង្គប្រចាំឆ្នាំ ដែលជាឱកាសដ៏សំខាន់ សម្រាប់ថ្លែងជំហរនយោបាយបក្ស និង កំណត់ទិសដៅសេដ្ឋកិច្ចជាតិ។ ឱកាសនេះ ក៏ជាពេលវេលាសម្រាប់ប្រកាស ដកចេញ និង ដាក់ចូល សមាជិកគណៈមជ្ឈិមបក្ស ជាផ្លូវការដែរ។
សូមបញ្ជាក់ថាចិននៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីងដែលប្រកាសថាធ្វើការដឹកនា១ជីវិត បានចាយលុយរាប់ពាន់លានដុល្លារ ដើម្បីសម្រេចមហិច្ឆតារបស់លោកក្នុងការប្រែក្លាយ យោធាចិនទៅជាកងទ័ពដ៏ទំនើបមួយ នៅឆ្នាំ២០២៧។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលរបស់លោកក៏បានដាក់ចេញយុទ្ធនាការបោសសម្អាតអំពើពុករលួយផងដែរ នៅក្នុងចំណោមជួរថ្នាក់ដឹកនាំកំពូលៗនៃកងទ័ពរំដោះប្រជាជនចិន PLA ជាការឆ្លើយតបទៅនឹងអ្វីដែលចារកម្មអាមេរិកជឿជាក់ថាអំពើពុករលួយស៊ីរូងផ្ទៃក្នុង ដែលបាន និងកំពុងបំផ្លាញមហិច្ឆតារបស់លោក ស៊ី ជីនពីង។ កង្វល់ដ៏ធំបំផុតសម្រាប់ទីក្រុងប៉េកាំង នោះគឺអំពើពុករលួយ បានបំផ្លាញគុណភាពអាវុធ និងសមត្ថភាពរបស់ អង្គភាពយោធាចិន តួយ៉ាងដូចជាកងកម្លាំងរ៉ុក្កែតចិនតែម្ដង (Rocket Force) ដែលមានតួនាទីគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន ហើយអាចនឹងដើរតួនាទី យ៉ាងសំខាន់ ក្នុងករណីចិនប្រើកម្លាំងយោធាវាយយកតៃវ៉ាន់ នៅថ្ងៃណាមួយ។
ខុសប្លែកពីផ្នែកដទៃទៀតនៃប្រព័ន្ធរបស់ចិន យោធាចិនមិនបានប្រកាសពីការស៊ើបអង្កេតរបស់ខ្លួន ក្នុងការបង្រ្កាបអំពើពុករលួយនោះទេ។ ម្លោះហើយ វាធ្វើឱ្យគេពិបាក ក្នុងការកំណត់ពីវិសាលភាពនៃការបោសសម្អាតមន្ត្រីពុករលួយ។ ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៤ រដ្ឋាភិបាលចិនបានបណ្ដេញមន្ត្រីយោធា ជាន់ខ្ពស់យ៉ាងទាន់ហន់យ៉ាងហោច ១៦រូប ចេញពីតំណែង ក្នុងនោះរួមមានទាំងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Li Shangfu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Wei Fenghe។ មិនតែប៉ុណ្ណោះ ទាំងលោក Li និងលោក Wei ត្រូវបានបណ្ដេញចេញពីគណបក្សកម្មុយនិស្ដចិនទៀតផងកាលពីខែមិថុនាកន្លងទៅ ក្រោមបទចោទពុករលួយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅពេលនោះ អតីតរដ្ឋមន្ត្រីការពារជាតិទាំង២រូបនេះបានទទួលសំណូក បរាជ័យក្នុងការធ្វើកិច្ចសហការជាមួយក្រុមអ្នកស៊ើបអង្កេត និងបង្កើតគំរូអាក្រក់។
ក្នុងចំណោមមន្ត្រីដែលត្រូវបានបណ្ដេញចេញពីតំណែង មានយ៉ាងហោច ៥នាក់ជាប់ពាក់ព័ន្ធនឹងកងកម្លាំងរ៉ុក្កែតសម្ងាត់ដែលលោក ស៊ី ជីនពីង បង្កើតឡើងក្នុងឆ្នាំ២០១៥ និង២នាក់ មកពីនាយកដ្ឋានសព្វាវុធដែលទទួលបន្ទុកបំពាក់អាវុធឱ្យយោធាចិន។ តាមសេចក្ដីរាយការណ៍របស់កាសែតអង់គ្លេស Financial Times កាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ចិនក៏កំពុងបើកការស៊ើបអង្កេតលើរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនសព្វថ្ងៃ គឺលោក Dong Jun ផងដែរ។ ។ Financial Times ដោយផ្អែកលើប្រភព ទទួលបានពីអតីត និងមន្ត្រីអាមេរិកបច្ចុប្បន្នដែលបានដឹងពីការស៊ើបអង្កេត បានឱ្យដឹងថាជាអតីតមេបញ្ជាការកងទ័ពជើងទឹកចិន និងត្រូវបានតែងតាំងជា រដ្ឋមន្ត្រីការពារជាតិ កាលពីខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីលោក Li Shangfu ត្រូវបានដកចេញពីតំណែង ក្រោយកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិបានត្រឹម៧ខែ លោក Dong Jun កំពុងប្រឈមមុខនឹងការស៊ើបអង្កេតក្រោមក្របខណ្ឌនៃការស៊ើបអង្កេតយ៉ាងទូលំទូលាយមួយលើសំណុំរឿងពុករលួយ។
ក៏ប៉ុន្តែ នៅថ្ងៃទី២៨ ខែវិចិ្ឆកា អ្នកនាំពាក្យក្រសួងការពារជាតិចិន បានចា្រនចោលការចុះផ្សាយព័ត៌មាននេះ ដោយចាត់ទុកថាជារឿងប្រឌិតសុទ្ធសាធ។ តំណែងជា រដ្ឋមន្ត្រីការពារជាតិ មានភារកិច្ចចម្បងក្នុងការដឹកនាំការទូតផ្នែកយោធាជាមួយបណ្ដាប្រទេសដទៃ ដោយមិនមែនមានតួនាទីបញ្ជាដោយផ្ទាល់លើកងកម្លាំងប្រដាប់អាវុធ របស់ជាតិនោះទេ។
សូមបញ្ជាក់ថាការស៊ើបអង្កេតលើអំពើពុករលួយកំពុងត្រូវបានដឹកនាំដោយក្រុមការងារប្រឆាំងអំពើពុករលួយនៃគណៈកម្មការយោធាមជ្ឈិមចិន។ ក្រុមការងារនេះមានភារៈស៊ើបអង្កេត និងធ្វើរបាយការណ៍ដាក់ជូនគណៈកម្មការយោធាមជ្ឈិមចិន ហៅកាត់ថា CMC ដែលមានលោក ស៊ី ជីនពីងផ្ទាល់ជាប្រធាន និងជាស្ថាប័នសម្រេចចិត្តលើកិច្ចការគ្រប់យ៉ាង របស់អង្គភាពយោធាចិនទាំងឡាយ។ ក្រៅពីលោក ស៊ី ជីនពីង នៅមានអនុប្រធាន ២នាក់ ដែលកាន់តំណែងជាមេដឹកនាំយោធានៃ CMC រីឯសមាជិក៣នាក់ទៀត ទទួល បន្ទុកខាងនយោបាយ និងវិន័យ។ CMC មានភារៈទទួលបន្ទុកលើកិច្ចការរដ្ឋបាល និងមុខងារនៃកងកម្លាំងប្រដាប់អាវុធ ក្នុងនោះរួមមានផែនការយុទ្ធសាស្ត្រ សវនកម្ម និងការអប់រំនយោបាយ។
លោក ស៊ី ជីនពីង បានសន្យាថានឹងប្រែក្លាយកងទ័ពរំដោះប្រជាជនចិន PLA ទៅជាយោធាលំដាប់ពិភពលោកនៅឆ្នាំ២០៤៩។ ដោយមានកងទ័ពសកម្មជាង ២.១លាននាក់ ចិនជាប្រទេសដែលមានកងទ័ពច្រើនជាងគេបំផុតនៅលើពិភពលោក ហើយក៏ជាប្រទេសដែលមានកងទ័ពជើងទឹកធំជាងគេបំផុតនៅលើពិភពលោកផងដែរ ជាមួយនាវាចម្បាំង ជាង៤០០គ្រឿង និងយន្ដហោះយោធា ៣១០០គ្រឿង ក្នុងនាមជាកងទ័ពអាកាសធំជាងគេលំដាប់ទី៣។ ថ្មីៗនេះ ចិនបានបញ្ចេញយន្ដហោះចម្បាំងស៊េរីចុងក្រោយ J-35 ដែល ត្រូវបានចាត់ទុកថាជាគូប្រជែងរបស់យន្ដហោះចម្បាំងអាមេរិក F-35។ ក៏ប៉ុន្តែ អំពើពុករលួយបានបង្កជាក្ដីកង្វល់យ៉ាងធំសម្រាប់ចិន រួមទាំងលោក ស៊ី ជីនពីង អំពីផលប៉ះពាល់ ដល់គុណភាពអាវុធ និងសមត្ថភាពរបស់កងទ័ពដែលរដ្ឋបានចំណាយលុយអស់រាប់ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្ម។
ម្យ៉ាងវិញទៀត ខណៈមានភាពរីកចម្រើនយ៉ាងលឿនរហ័ស ក្នុងការផលិតអាវុធគ្រប់ប្រភេទ ចាប់ពីនាវាផ្ទុកយន្ដហោះចម្បាំង រហូតដល់មីស៊ីលល្បឿនលឿនជាងសំឡេង សមត្ថភាពរបស់ចិនដើម្បីប្រែក្លាយភាពរីកចម្រើនទាំងនេះឱ្យទៅជាប្រតិបត្តិការប្រយុទ្ធប្រកបដោយប្រសិទ្ធភាព នៅតែជាក្ដីកង្វល់សម្រាប់ថ្នាក់ដឹកនាំចិន ជាពិសេស ប្រសិនបើកងទ័ពចិន ដែលមិនសូវមានបទសោធន៍លើសមរភូមិសង្រ្គាមសម័យទំនើប ត្រូវប្រយុទ្ធក្នុងសង្រ្គាមមួយដែលមានរយៈពេលវែង៕