វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8448 នាក់
ម្សិលមិញ 3974 នាក់
សរុប 15883974 នាក់
ប៉ារិស៖លោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្ដរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)បានគាំទ្រទីក្រុងភ្នំពេញជាកន្លែងប្រជុំមហាសន្និបាត AIMF លើកទី៣៩។
ការប្រកាសនេះថ្វើឡើងកាលពីរសៀលថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ពេលដែល លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ។
លោកជំទាវ អភិបាលក្រុងប៉ារីស បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ មកសាធារណរដ្ឋបារាំង ដើម្បីចូលរួមកិច្ចប្រជុំ សមាជិកគណៈកម្មការអចិន្ត្រៃយ៍ របស់សមាគម AIMF លើកទី ៨៧ នៅទីក្រុងលីល ( Lille ) សាធារណរដ្ឋបារាំង។ លោកជំទាវទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់រាជធានីភ្នំពេញក្នុងក្របខណ្ឌ AIMF ប្រចាំទ្វីបអាស៊ី និងបានគូសបញ្ជាក់ផងដែរថាទីក្រុងប៉ារីស នឹងបន្តទំនាក់ទំនងល្អក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទេ្វភាគីជាមួយរាជធានីភ្នំពេញ។
ក្រៅពីអរគុណលោកជំទាវអភិបាលក្រុងប៉ារីសដែលតែងតែបន្តគាំទ្រកិច្ចការសហប្រតិបត្តិការទ្វេភាគី រវាងរាជធានីភ្នំពេញ-ទីក្រុងប៉ារីសលោកអភិបាលរាជធានីបានសំណូមពរស្នើសុំឲ្យទីក្រុងប៉ារីសគាំទ្រ និងជួយដល់រាជធានីភ្នំពេញលើ៣ចំណុច ដូចខាងក្រោម៖
១. បន្តជួយគាំទ្ររាជធានីភ្នំពេញ នៅក្នុងក្របខណ្ឌ ការងាររបស់ AIMF និងស្នើលោកជំទាវគាំទ្រដល់រាជធានីភ្នំពេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្ដរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ នៅឆ្នាំ២០១៩។២. ជួយដល់រាជធានីក្នុងការបញ្ជូនអ្នកជំនាញការមកផ្តល់យោបល់លើការសិក្សារៀបចំផ្លូវឯកទិស
៣. ជួយដល់រាជធានីភ្នំពេញក្នុងការអភិវឌ្ឍទីក្រុងឲ្យក្លាយជាទីក្រុងបៃតង ទំនើបទាន់សម័យប្រកបដោយបរិស្ថានល្អ។
លោកអភិបាលរាជធានីភ្នំពេញក៏បានអញ្ជើញលោកជំទាវអភិបាលក្រុងប៉ារីស បំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ ក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត ដើម្បីបន្តរឹតចំណងមិត្តភាពរវាងទីក្រុងយើងទាំងពីរ។
លោកជំទាវអភិបាលក្រុងប៉ារីសបានគាំទ្រដល់រាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIMF លើកទី៣៩ ដោយនឹងលើកយកបញ្ហានេះក្នុងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ដើម្បីសម្រេច។ លោកជំទាវឯកភាពថានឹងរៀបចំក្រុមបច្ចេកទេស និងជំនាញការដើម្បីធ្វើការសិក្សាបច្ចេកទេសលើការគ្រប់គ្រងចរាចរណ៍ និងលើការងារបរិស្ថាន ជាពិសេសលើការគ្រប់គ្រងសំណល់សល់ពីការសាងសង់សំណង់ធំៗ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីនៃទីក្រុងទាំងពីរ។ លោកជំទាវឯកភាពនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ ក្នុងពេលវេលាសមស្របណាមួយ ដើម្បីបន្តរឹតចំណងមិត្តភាពរវាងទីក្រុងទាំងពីរ។