
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5452 នាក់
ម្សិលមិញ 15119 នាក់
សរុប 19232922 នាក់
ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាល រាជធានីភ្នំពេញចុះពិនិត្យស្ថានភាពទឹកលិចលើផ្លូវជាតិលេខ៤ ចំណុចជិតស្ពានអាកាសចោមចៅ និងបានបន្តពិនិត្យស្ថានភាពប្រឡាយទឹក ស្របផ្លូវរថភ្លើងក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមានជំនន់ទឹកភ្លៀងលិចតាមដងផ្លូវមួយចំនួន កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ និងល្ងាចថ្ងៃសៅរ៍កន្លងមក។
ក្នុងការចុះត្រួតពិនិត្យនេះ លោក ឃួង ស្រេង បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលខណ្ឌកំបូលបិទទ្វារទឹក ប្រឡាយស្របផ្លូវរថភ្លើង ជាបណ្ដោះអាសន្នសិន ដើម្បីឱ្យទឹកនៅលើផ្លូវជាតិលេខ៤ស្រក ងាយស្រួលធ្វើចរាចរ និងបិទទ្វារទឹកនៅផ្លូវជាតិលេខ៤ដែលហូរចាក់ទៅសណ្តរស្ទឹងព្រែកត្នោតដើម្បីកុំឲ្យទឹកចាល់ចូលមកក្នុងរាជធានីភ្នំពេញវិញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៣កញ្ញា យ៉ាងពេញទំហឹងធ្វើឲ្យតំបន់មួយចំនួនត្រូវជន់លិច។ រហូតមកដល់ព្រឹកថ្ងៃទី១៤កញ្ញាទើប ទឹកបានស្រកអស់ប្រមាណ៧០% នៅសល់៣០%ទៀត អាចនឹងស្រកអស់ក្នុងរយៈពេលពី២ ទៅ៣ម៉ោងក្រោយបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ។ លោកបន្ថែមថា ជាទូទៅស្ថានភាពជំនន់ទឹកភ្លៀងបានហូរចាក់មកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយរដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងក្នុងការរំដោះ និងបញ្ចៀសទឹកទម្លាក់ទៅតាមប្រឡាយមេ និងអាងស្តុកទឹកដែលមានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីកាត់បន្ថយការលិចលង់រួមទាំងដំណើរការបូមទឹកនៃស្ថានីយបូមទឹកព្រមៗគ្នាតាមស្ថានីយជាង១០ទីតាំងដើម្បីបូមទឹកបញ្ចេញទៅក្រៅក្រុង។
លោកអភិបាលរាជធានីបានណែនាំឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនជំរុញការស្តារប្រពន្ធ័លូ ប្រឡាយនៅលើកំណាត់ផ្លូវជាតិលេខ៤ និងបើកឱ្យទឹកហូរចូលក្នុងព្រលានយន្តពោធិចិនតុងជាបណ្តោះអាសន្នសិនដើម្បីកាត់បន្ថយការលិចផ្លូវជាតិលេខ៤។ ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមឧបករណ៍ និងសម្ភារៈ ដូចជារៀបចំជាបាវខ្សាច់ សម្រាប់ទប់ការពារទឹកហូរកាត់ផ្លូវ និងត្រូវប្រើប្រាស់ម៉ាស៊ីនបូមទឹកដើម្បីរំដោះទឹកដែលនៅជន់លិចដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ។
បន្ថែមលើនេះ លោក ឃួង ស្រេង ក៏បានឱ្យអាជ្ញាធរ សម្អាតផ្លូវ និងទីតាំងដែលត្រូវជន់លិច នៅពេលទឹកស្រក់វិញឱ្យបានស្អាតអស់ពីផ្លូវផងដែរ ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានប្រសើរឡើងវិញ ។យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី១៤កញ្ញានេះ បានឱ្យដឹងថាស្ថាន ភាពអាកាសធាតុនៅថ្ងៃនេះនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដីប្រមាណ៤០%ក្នុងក្របខណ្ឌទូទាំងប្រទេស។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញប្រមាណជិត២០ឆ្នាំមកហើយឲ្យតែមានភ្លៀងធ្លាក់យ៉ាងជោគជាំ បានបង្កឱ្យមានតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានជន់លិចលង់ ខូចទ្រព្យសម្បតិប្រជាពលរដ្ឋនិងធ្វើឱ្យស្ទះចរាចរដោយមិនអាចដោះស្រាយបានបើទោះបីជាមានផ្លាស់ប្តូរអភិបាលនិងមានជំនួយរំដោះទឹកជំនន់ពីប្រទេជជប៉ុនក៏ដោយ។