
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4839 នាក់
ម្សិលមិញ 6785 នាក់
សរុប 19428282 នាក់
ភ្នំពេញ៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងថា ដោយសារការអូសបន្លាយការបិទព្រំដែនគោករវាងកម្ពុជានិងថៃបានធ្វើឱ្យក្រុមហ៊ុនជប៉ុនកំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយការបង្កើតឱកាសការងារថ្មីមិនមែនងាយស្រួលនោះទេក្នុងស្ថានភាពបែបនេះ។
ក្នុងបទសម្ភាសន័៍ជាមួយកាសែតកម្ពុជាថ្មីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា៖ «ខ្ញុំយល់ថា រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថាក្រុមហ៊ុនជប៉ុននៅកម្ពុជានឹងផ្ដល់ឱកាសការងារដល់ពលករដែលវិលត្រឡប់មកវិញ។ ប៉ុន្ដែដោយសារតែការបិទព្រំដែនគោកជាមួយប្រទេសថៃមានការអូសបន្លាយ បានធ្វើឱ្យក្រុមហ៊ុនជប៉ុនដែលបាននិងកំពុងវិនិយោគនៅប្រទេសកម្ពុជាតាមរយៈគោលនយោបាយ «ថៃបូក១» កំពុងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង ហើយការពង្រីកឱកាសការងារថ្មីមិនមែនជាកិច្ចការងាយស្រួលនោះទេ»។
សូមបញ្ជាក់ថាតាំងពីមានភាពរកាំរកូសផ្តើមឡើងកាលពីខែមិថុនានិងផ្ទុះអាវុធជាមួយគ្នាអស់៥ថ្ងៃកាលពីថ្ងៃទី២៤ដល់២៨កក្កដាក្រសួងការងារបានឲ្យដឹងងថាមានពលករខ្មែរប្រមាណ១លាននាក់នាក់បានវិលត្រលប់មកកម្ពុជាវិញតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលនិងដោយសារក្រោយមានការបារម្ភពីសុវត្ថិភាពដោយសារការវាយប្រហារពីជនជាតិថៃ ។ក្រសួងការងារបានប្រកាសថាកម្ពុជាមានការងារជាង៥៥ម៉ឺនកន្លែងសម្រាប់ផ្តល់ជូនតែមិនបានបញ្ជាក់ថាឡូវនេះមានពលករប៉ុន្មានក្នុងចំនោមពលករខ្មែរជិត១លានដែលមកស្រុកវិញនោះទេ?។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបញ្ជាក់ផងដែរថាទន្ទឹមនឹងការវិលត្រលប់មកវិញនេះក្រុមហ៊ុនជប៉ុនមួយចំនួនក៏កំពុងស្វែងរកកម្មករនិយោជិតដោយសង្ឃឹមថាក្រសួងការងារនឹងជួយសម្របសម្រួលដល់ការងារនេះ ខណៈរដ្ឋាភិបាលជប៉ុនក៏នឹងពិចារណាផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពលករដែលវិលត្រលប់មកវិញ។លោកទូតថា៖ «បច្ចុប្បន្នយើងកំពុងពិភាក្សាអំពីវិធីសាស្ត្រ និងពេលវេលាជាក់លាក់ជាមួយនិងភាគីពាក់ព័ន្ធផ្សេងទៀត រួមមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយចង់ស្វែងរកពីលទ្ធភាពផ្សេងៗសម្រាប់ការគាំទ្រ រួមទាំងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិផងដែរ»។
ក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា នៅខេត្តកោះកុង កន្លងទៅ ប្រទេសថៃ និងកម្ពុជាលោកទៀសីហារដ្ឋមន្ត្រីការពារជាតិកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំGBCkក៏បានពិភាក្សាលើការបើកព្រំដែនដែលចាំបាច់ដល់ការដឹកទំនិញតាមរយៈការស្នើសុំរបស់ជប៉ុនផងដែរ ។ខាងគណៈរដ្ឋមន្ត្រីចាំផ្ទះរបស់ថៃកាលពីថ្ងៃទី៩ ខែកញ្ញា ក៏បានប្រជុំទាក់ទងនឹងការបើកព្រំដែនឡើងវិញតាមសំណើរបស់ជប៉ុនផងដែរ តែការសម្រេចយ៉ាងណាគឺស្ថិតនៅលើការសម្រេចរបស់គណៈរដ្ឋមន្ត្រីថ្មីរបស់ថៃ។
ប្រទេសថៃបានបិទទ្វារព្រំដែនអន្តរជាតិជាមួយកម្ពុជាទាំងស្រុងដោយឯកតោភាគីចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ជាការឆ្លើយតបកម្ពុជាបានសម្រេចបិទវិញ។ ក្រោយចំណាត់ការរបស់កម្ពុជានាយករដ្ឋមន្ត្រីថៃស្រីផែថងថានបានព្យាយាមទាក់ទងមកសម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាសុំឱ្យកម្ពុជាបើកការចរចារវាងមេទព័ទាំងពីរដើម្បីបើកព្រុំដែនឡើងវិញតែសម្តេចតេជោបានបដិសេធ។ នេះបើតាមសាសម្លេងបែកទម្លាយដែល ។សារបែកទម្លាយនេះនិងការបកអាក្រាតថាក់ស៊ីនកាលពីថ្ងៃទី២៦មិថុនាដោយសម្តេចតេជោហ៊ុនសែនក្នុងពិធីសំណេះសំណាល់ជាមួយកងទព័នៅខេត្តព្រះវិហ៊ារគឺជាឈ្នួនចុងក្រោយដែលបង្កឲ្យមានការផ្ទុះអាវុធ៥ថ្ងៃជាមួយថៃនិងបណ្តាលឲ្យលោកស្រីផែថងថានត្រូវបានតុលាកាធម្មនុញ្ញទម្លាក់ពីតំណែងនិងរំលាយរដ្ឋាភិបាលកាលពីថ្ងៃទី២៩សីហាដោយចោទថាធ្វើឲ្យខូចប្រយោជន៍ប្រទេសជាតិថៃ។
សូមបញ្ជាក់ថាមុនមានការផ្ទុះអាវុធទាំងសម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាទាំងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថាកូនសោរនៃការបើកទ្វាព្រំដែនឡើងវិញគឺស្ថិតនៅលើថៃ បើបិទដោយខ្លួនឯង សូមបើកវិញដោយខ្លួនឯង កម្ពុជានឹងឆ្លើយតបតាមក្រោយយ៉ាងយូត្រឹម៥ម៉ោង។
សូមបញ្ជាក់ថាកាលពីអំឡុងខែមិនាឆ្នាំ២០២៥មានតំណាងក្រុមហ៊ុនជប៉ុនចំនួន៤៤ សម្របសម្រួលដោយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីពង្រីកអាជីកម្មក្រៅប្រទេសរបស់ខ្លួន ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនជាង ៩០បានចុះបញ្ជីវិនិយោគនៅកម្ពុជារួចហើយ។
ថ្លែងក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោក Kohei Wakabayashi ប្រធានតំណាអង្គការ JETRO បានឱ្យដឹងថា ក្រុមវិនិយោគិនទាំងនេះ មិនត្រឹមតែមកពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសថៃ វៀតណាម ចិន និងប្រទេសផ្សេងៗទៀតផងដែរ។
ក្រុមហ៊ុនទាំងនេះ កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ហេតុដូច្នេះហើយទើប JETRO រៀបចំជំនួបរវាងពួកគេ និងមន្រ្តីជាន់ខ្ពស់ ក៏ដូចជាអ្នកជំនួញនៅកម្ពុជា ដើម្បីសិក្សា និងផ្គូផ្គងធុរកិច្ចទៅវិញទៅមក។ ក្នុងពិធីជួបជុំនេះ ក៏មានក្រុមហ៊ុនកម្ពុជាប្រមាណ៤០ក្រុមហ៊ុន បានចូលរួមផងដែរ។លោកបន្តថា «សង្ឃឹមថាព្រឹត្តិការណ៍ថ្ងៃនេះ នឹងនាំទៅរកឱកាសអាជីវកម្មឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន»។
ក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ ចំពោះប្រតិភូក្រុមហ៊ុនជប៉ុនទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ។លោកបានថ្លែងថា វត្តមានរបស់វិនិយោគិនជប៉ុនទាំងនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីបំណង និងចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគ និងប្រកបធុរកិច្ចនៅកម្ពុជា។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជានិងជប៉ុន រាជរដ្ឋាភិបាលកម្ពុជាបានកំពុង បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងដោះស្រាយ បញ្ហាប្រឈមនិងកង្វល់នានារបស់វិស័យឯកជន និងជាពិសេសលើកទឹកចិត្តឱ្យសហគមន៍វិនិយោគិនជប៉ុនលើកឡើងអំពីបញ្ហាប្រឈមនានាឱ្យចំៗដោយបើកចំហរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តពិភាក្សាអំពីគោលនយោបាយថ្មីរបស់ JETRO ដែលមានបំណងលើកស្ទួយធុរកិច្ចថ្មីកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីកម្ពុជា-ជប៉ុន និងបន្តជំរុញយន្តការនៃការបង្កើតក្រុមការងារពិសេស ដែលមានតំណាងពីក្រសួង-ស្ថាប័ន ដើម្បីសម្របសម្រួលយ៉ាងជិតស្និតជាមួយ JETRO និងក្រុមហ៊ុនជប៉ុន។
លោកបានលើកឡើងផងដែរថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមក អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការជួយសម្របសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុនតាមរយៈការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចជាពិព័រណ៍ពាណិជ្ជកម្ម ការបណ្តុះបណ្តាល ទំនាក់ទំនងធុរកិច្ច និងការផ្គូរផ្គងក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម។ ជាសមិទ្ធផល ប្រទេសជប៉ុន បាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប ពី ១,៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ដល់ ២.២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានចុះបញ្ជីក្រុមហ៊ុនជប៉ុនប្រមាណ៩០ ក្រុមហ៊ុន កើនឡើង ២០.៥៥% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុនជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូល រួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការបង្កើតការងាររាប់ពាន់កន្លែង ការបណ្តុះបណ្តាលជំនាញ និងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកពង្រឹងភាពប្រកួត ប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការយ៉ាងល្អប្រសើរ និងបានបន្តបង្កើនទីតាំង រោងចក្រ និងទីតាំងធុរកិច្ចរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់៕