
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5379 នាក់
ម្សិលមិញ 7702 នាក់
សរុប 19194263 នាក់
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្រេចយកពន្ធគយបដិការលេីប្រទេស ដៃគូពាណិជ្ជកម្មចំនួន១៤ ប្រទេស។ក្នុងនោះរួមមាន៖ កម្ពុជាអត្រា៣៦ភាគរយ, ឥណ្ឌូណេស៊ី៣២ភាគរយ, ថៃ៣៦ភាគរយ, មីយ៉ាន់ម៉ា៤៤ភាគរយ ឡាវ៤៤ភាគរយ, ម៉ាឡេស៊ី២២ភាគរយ, បង់ក្លាដែស៣៣ភាគរយ, ជប៉ុន២២ភាគរយ, សាធារណរដ្ឋកូរ៉េ២២ភាគរយ, ទុយនេស៊ី២២ភាគរយ, កាហ្សាក់ស្ថាន២២ភាគរយ, អាហ្វ្រិកខាងត្បូង៣៣ភាគរយ, ស៊ែប៊ី ៣៥ភាគរយ។បូស្នៀ និងហឺហ្សេហ្គោវីណា ៣០ភាគរយ។
តាមការវាយតម្លៃប្រសិនបើប្រៀបធៀបការដាក់ពន្ធលើកដំបូងពីអាមេរិកកម្ពុជាមានការកាត់បន្ថយអត្រាពន្ធច្រើនជាងគេក្នុងចំណោមប្រទេសទាំង ១៤។ភាពប្រសើរឡើងរបស់កម្ពុជាគឺដោយសារការចូលរួមយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ បច្ចុប្បន្នកម្ពុជាខិតជិតដៃគូប្រកួតប្រជែងសំខាន់របស់ខ្លួន គឺបង់ក្លាដែស និងឥណ្ឌូនេស៊ី។ ប៉ុន្តែកម្ពុជានៅពីក្រោយប្រទេសវៀតណាមដែលមានអត្រា ២០ភាគរយ។ វៀតណាមដែលនាំចេញទៅអាមេរិក១០០ពាន់លានដុល្លារនិងនាំពីអាមេរិកតែ១០ពាន់លានដុល្លារបានផ្តល់សិទ្ធិឲ្យទំនិញអាមេរិកចូលទីផ្សារវៀតណាមដោយពន្ធសូន្យ។
ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett បានវាយតម្លៃថាអត្រាពន្ធ៣៦ភាគរយរបស់កម្ពុជាអាចធ្វើឲ្យ រោងចក្រមួយចំនួននៅកម្ពុជាអាចនឹងកំពុងសម្លឹងមើលប្រទេសក្រៅអាស៊ី ដូចជាអេហ្ស៊ីបជាដើម ដែលមានតម្លៃពលកម្មទាប ប៉ុន្តែមានតែពន្ធអាមេរិក ១០ភាគរយប៉ុណ្ណោះ។សូមបញ្ជាក់ថាដោយសារឱសានវាទនៃការមិនទាន់យកពន្ធពេញរយៈពេល ៩០ ថ្ងៃ ដែលត្រូវផុតកំណត់នៅថ្ងៃទី ០៩ ខែ កក្កដានេះ លោកត្រាំចាប់ផ្តើមផ្ញើសំបុត្រទៅប្រទេសប្រមាណ ១០០ ដោយមួយថ្ងៃផ្ញើចេញពី ១២ ទៅ ១៥ សំបុត្រ។ក្នុងសំបុត្រនោះ លោកត្រាំបញ្ជាក់ប្រាប់អំពីអត្រាពន្ធ ដែលអាមេរិកកំណត់លើប្រទេស ដែលធ្វើពាណិជ្ជកម្មជាមួយអាមេរិក ដែលចរចាពន្ធមិនត្រូវគ្នា ទើបអាមេរិកជាអ្នកកំណត់ឲ្យ។
កាលពីខែមេសា រដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធលើទំនិញរបស់កម្ពុជារហូតដល់៤៩% ពោលខ្ពស់បំផុតក្នុងចំណោមប្រទេសនានាដែលជាប់ពន្ធរបស់អាមេរិក។ តែការដែលអាមេរិកព្រមបញ្ចុះពន្ធលើកម្ពុជាមកនៅ៣៦ភាគរយនាពេលនេះ គឺបន្ទាប់ពីមានការចរចាយ៉ាងតិច៤ដងរវាងមន្ត្រីកម្ពុជា និងអាមេរិក ដែលអាមេរិកបានទុក៩០ពេលថ្ងៃឲ្យមានការចរចា។លោក ត្រាំ លើកឡើងថា ការកំណត់អត្រាពន្ធ៣៦ភាគរយចំពោះកម្ពុជានេះ មានវត្ថុបំណងចង់ឲ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតុល្យការ និងយុត្តិធម៌។
តាមប្រធានាធិបតីអាមេរិករូបនេះ អត្រាពន្ធ៣៦ភាគរយនេះ គឺតិចមែនទែន ពោលគឺតិចជាងអ្វីដែលត្រូវការដើម្បីផាត់ចោលភាពខុសគ្នានៃឱនភាពពាណិជ្ជកម្មដែលអាមេរិកមានជាមួយកម្ពុជា។ លោក ព្រមានថា បើកម្ពុជាសម្រេចដំឡើងពន្ធតបវិញដោយហេតុផលណាមួយ ក្នុងចំនួនណានោះ ចំនួននោះនឹងត្រូវរាប់បញ្ចូលបន្ថែមលើអត្រា៣៦ភាគរយដែលអាមេរិកយកពីកម្ពុជា។បើតាមលិខិតដដែលរបស់លោកត្រាំដែលត្រូវបានបង្ហោះលើបណ្តាញសង្គម Truth Social ទំនិញទាំងឡាយណាដែលផ្ទេរចេញពីកម្ពុជា ដើម្បីគេចពន្ធក្នុងអត្រាខ្ពស់ នោះនឹងត្រូវអាមេរិកដាក់ពន្ធបន្ថែមក្នុងកម្រិតខ្ពស់មួយបើខ្លួនរកឃើញ។
កាលពីខែមេសា ឆ្នាំ២០២៥ រដ្ឋបាលលោក ត្រាំ អះអាងថា កម្ពុជាបានយកពន្ធ លើទំនិញអាមេរិកជាមធ្យមក្នុងអត្រា៩៧% ទើបអាមេរិកប្រកាសយកពន្ធពីកម្ពុជា៤៩ភាគរយ។ ក្រោយមកកម្ពុជា ក៏បានប្រកាសទម្លាក់អត្រាពន្ធគយលើទំនិញនាំចូលពីអាមេរិកមកកម្ពុជា ចំនួន១៩មុខពីអត្រាពន្ធអតិបរមា៣៥% មកនៅត្រឹម៥%។ អត្រាពន្ធថ្មីរបស់អាមេរិកនេះនឹងចាប់ផ្តេីមចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ (ប្រភពពី White House)៕