វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5627 នាក់
ម្សិលមិញ 5272 នាក់
សរុប 17111252 នាក់
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា បានថ្លែងខ្លាំងៗទៅកាន់ភាគីថៃ ពាក់ព័ន្ធការបិទព្រំដែន ដែលជាការអនុវត្តតបតទៅនឹងទង្វើររបសយោធាថៃ ដែលបានបិទព្រំដែនដោយឯកតោភាគី ទើបកម្ពុជាបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើពីថៃ គ្រប់ច្រកព្រំដែន។
សម្តេចនាយករដ្ឋមន្ត្រីបានបង្ហាញដំណោះស្រាយ ដើម្បីបើកច្រកព្រំដែនធម្មតាវិញថា «យោធាថៃបិទដោយឯកតោភាគី ដូច្នេះបើកឱ្យធម្មតាវិញ ដោយឯកតោភាគីទៅ គឺចប់ហើយ ភាគីកម្ពុជានឹងអនុវត្តតាមក្រោយ អត់មានអ្វីលំបាកនោះទេ»។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនមានបំណងធ្វើឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋទាំងសងខាង ដែលរស់នៅតាមបណ្តោយព្រំដែននោះទេ ហើយក៏មិនចង់ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្មនោះដែរ ប៉ុន្តែនៅសុខៗភាគីយោធាថៃ បិទដោយឯកតោភាគី ដូច្នេះកម្ពុជាត្រូវតែមានការឆ្លើយតប។
សម្តេចបានថ្លែងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា កម្ពុជាពាក់ព័ន្ធរឿងនេះ (ព្រំដែនកម្ពុជា-ថៃ) គឺយើងដើរក្រោយទេ យើងអត់ធ្មត់ណាស់ប៉ុន្មានខែមកនេះ នៅថៃទាំងអ្នកនយោបាយ ទាំងអ្នកប្រឆាំងជ្រុលនិយម ពេលខ្លះទាំងកងទ័ពចេញសារមកថាតំបន់នេះ តំបន់នោះរបស់ពួកគេប្រើប្រាស់ផែនទីឯកតោភាគី បន្តិចថាកាត់ភ្លើង កាត់អ៉ីនធឺណិត បន្តិចថាធ្វើរបងខណ្ឌកម្ពុជា-ថៃ តើនេះជា Professional ឬអី? កម្ពុជាអត់មាត់ទេ អត់ធ្មត់ណាស់ យើងមិនចង់មានរឿង ពេលខ្លះដល់យើងមិនមាត់ គេជាន់ដល់ពេលយើងឡងទៅវិញថាយើង Unprofessional ចោទថាយើងអ្នកបង្ករឿងទៅវិញ»។
នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បន្ទាប់ពីផុតឱសានវាទ ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា, កម្ពុជាសម្រេចកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នា លើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ។
សូមបញ្ជាក់ថាបើតាមការកត់សម្គាល់កងទ័ពថៃ គឺជាកងទ័ពដែលពុំសូវមានប្រជាប្រិយនៅក្នុងភ្នែករបស់ប្រជាជន។ ដូច្នេះហើយទើបនៅស្រុកថៃ មានមជ្ឈដ្ឋានដែលប្រឆាំងនឹងកងទ័ពថៃយ៉ាងច្រើន។ការមិនសូវមានប្រជាប្រិយរបស់ទ័ពថៃ គឺដោយសារតែទី១. ការធ្វើរដ្ឋប្រហាររបស់កងទ័ពដើម្បីឆក់យកអំណាចញឹកញាប់ ដែលសង្គមថៃចាត់ទុកថាជាទង្វើមិនស្របច្បាប់,។ ទី២. ភាពមិនស្អាតស្អំរបស់កងទ័ពថៃខ្លួនផ្ទាល់ ហើយទី៣. ទង្វើឃោ•រឃៅរបស់កងទ័ពថៃក្នុងការបង្ក្រាបប្រជាជនខ្លួនឯង។ នៅឆ្នាំ១៩៣២ ក្រុមគណៈរាស្ត្រ (คณะราษฎร / People's Party) បានធ្វើរដ្ឋប្រហារដោយជោគជ័យជាលើកដំបូងដើម្បីបញ្ចប់របបរាជានិយមផ្ដាច់ការនៅប្រទេសថៃក្នុងរាជព្រះចៅប្រាឆាធិប៉ុក (ประชาธิปก / Prajadhipok) ឬព្រះចៅរាមាទី៧។ ពួកមេទ័ពដែលធ្វើរដ្ឋប្រហារក៏បានសរសេររដ្ឋធម្មនុញ្ញដោយដកសិទ្ធិអំណាចយ៉ាងច្រើនពីស្ដេចថៃ។ នៅខណៈនេះ គេអាចនិយាយបានថា កងទ័ពថៃមានអំណាចជាងស្ដេចថៃ ឬនៅពីលើស្ដេច។ ព្រះចៅប្រាឆាធិប៉ុកក៏បានគេចទៅប្រទេសអង់គ្លេសរហូតដាក់រាជ្យនៅឆ្នាំ១៩៣៥។
មេទ័ពថៃដែលក្ដាប់អំណាចជាបន្តបន្ទាប់ ដែលរួមមាន ប្រាយ៉ាផាហ៊ុន (พระยาพหล / Phraya Phahon) ជានាយករដ្ឋមន្ត្រីទី២ (១៩៣៣-១៩៣៨) និងលោកភីប៊ុនសុងក្រាម (พิบูลสงคราม / Phibunsongkhram) ជានាយករដ្ឋមន្ត្រីទី៣ (១៩៣៨-១៩៤៤; ១៩៤៨-១៩៥៧) សុទ្ធតែធ្លាប់ផ្ទុះរឿងអាស្រូវក្នុងការឃុបឃិតគ្នាយកដីធ្លីរបស់ស្ដេចដើម្បីលក់។ ទង្វើមិនស្អាតស្អំរបស់ពួកមេទ័ពថៃទាំងនេះហើយដែលនាំអោយពួកគេបាត់ប្រជាប្រិយក្នុងភ្នែកប្រជាជន រួចពិបាកគ្រប់គ្រងសង្គមថៃ។ ដូច្នេះហើយទើបមកដល់ឆ្នាំ១៩៥៧ ពេលធ្វើរដ្ឋប្រហារទម្លាក់ក្រុមលោកភីប៊ុនសុងក្រាមនោះ ដើម្បីគ្រប់គ្រងប្រទេសថៃបានលោកឧត្តមសេនីយ៍សារិត ថាណារ៉ាត់ (สฤษดิ์ ธนะรัชต์ / Sarit Thanarat) ក៏ត្រូវរត់ទៅរកស្ដេចថៃវិញ ព្រោះនៅស្រុកថៃស្ដេចនៅតែមានប្រជាប្រិយក្នុងភ្នែកប្រជាជន។ (លោកសារិត ថាណារ៉ាត់ គឺជានាយករដ្ឋមន្ត្រីថៃជំនាន់មានរឿងប្រាសាទព្រះវិហារ និងមានរឿងជូរចត់ជាមួយខ្មែរ ដូច្នេះហើយទើបពេលគាត់ស្លាប់ឆ្នាំ១៩៦៣ សម្ដេចសីហនុអបអរចំពោះការស្លាប់របស់គាត់)។
ឆ្នាំ១៩៥៧នោះ គឺជាចំណុចរបត់សំខាន់មួយក្នុងទំនាក់ទំនងរវាងកងទ័ពថៃ និងស្ដេចថៃ។ តែពេលលោកសារិតស្លាប់នៅឆ្នាំ១៩៦៣ រឿងអាស្រូវក៏បានផ្ទុះឡើងដោយសារកូនចៅរបស់គាត់ឈ្លោះគ្នាដណ្ដើមទ្រព្យសម្បត្តិ ហើយមហាជនថៃក៏បានដឹងថា កាលនៅរស់ លោកសារិតមានទ្រព្យសម្បត្តិមហាសាលខុសទំនងដែលមិនអាចពន្យល់បាន។ ក្រោយការស្លាប់របស់លោកឧត្តមសេនីយ៍សារិត មេទ័ពថៃជាមនុស្សជំនិតរបស់គាត់ម្នាក់ទៀតក៏ត្រូវកាន់តំណែងនាយករដ្ឋមន្ត្រីបន្ត នោះគឺលោកឧត្តមសេនីយ៍ ថាណម គិតិខាចន (ถนอม กิตติขจร / Thanom Kittikachorn) ។ មកដល់ខែតុលា ឆ្នាំ១៩៧៣ ពួកនិស្សិតថៃក៏បានធ្វើបាតុកម្មមុខរាជវាំងថៃដើម្បីសម្ដែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលលោកថាណម។ ពេលនោះ កងទ័ពថៃក៏បានបា•ញ់ប្រហារលើនិស្សិតថៃជាបាតុករ ដែលបណ្ដាលអោយមនុស្ស ៧៧នាក់ស្លាប់ ហើយ ៨៧៧នាក់ទៀតរងរបួស។
ពេលនោះ ស្ដេចថៃព្រះចៅភូមិបុលអាឌុលយ៉ាដេត (ภูมิพลอดุลยเดช / Bhumibol Adulyadej) បានការពារពួកនិស្សិតបាតុករ ហើយលោកឧត្តមសេនីយ៍ថាណមក៏លាលែងពីតំណែង រួចភៀសខ្លួនទៅក្រៅប្រទេស។ ដោយសារគាត់មានទ្រព្យសម្បត្តិមហាសាលដែលមិនអាចពន្យល់បាន ក្រោយគាត់ធ្លាក់ពីតំណែង លោកឧត្តមសេនីយ៍ថាណមបានក្លាយជានាយករដ្ឋមន្ត្រីថៃទី២ ដែលទ្រព្យសម្បត្តិចំនួន ២៧លានដុល្លារបស់គាត់ត្រូវរដ្ឋថៃរឹបអូសយកមកវិញ។ ពេលនៅក្រៅស្រុក លោកឧត្តមសេនីយ៍ថាណមក៏បានបួសជាព្រះសង្ឃនៅប្រទេសសាំងកាពួរ។ នៅឆ្នាំ១៩៧៦ ភិក្ខុថាណមក៏វិលចូលស្រុកថៃវិញ និងប្រកាសថាគ្មានបំណងចូលឆាកនយោបាយវិញទេ។ តែពួកនិស្សិតនៅតែប្រឆាំងនឹងវត្តមានរបស់ភិក្ខុអង្គនេះ។ ពួកនិស្សិតថៃក៏បានផ្ទុះធ្វើបាតុកម្មក្នុងសាកលវិទ្យាល័យថាំម៉ាសាត (มหาวิทยาลัยธรรมศาสตร์ / Thammasat University) ដែលមានទីតាំងនៅក្បែររាជវាំងថៃ។
(នៅស្រុកថៃ សាកលវិទ្យាល័យថាំម៉ាសាតមាននាទីស្រដៀងសាលាច្បាប់ “RULE” នៅបឹងត្របែកក្នុងស្រុកខ្មែរចឹង)។ ខណៈនៅឆ្នាំ១៩៧៦ ដែលប្រទេសជិតខាងរបស់ថៃនៅឥណ្ឌូចិនទាំង ៣ សុទ្ធតែស្ថិតក្រោមអំណាចរបស់ពួកកុម្មុយនីស ហើយដោយសារខ្លាចបាតុកម្មនេះជាមធ្យោបាយដែលពួកកុម្មុយនីសប្រើដើម្បីផ្ដួលរលំរបបស្ដេចនោះ កងទ័ពដែលគាំទ្រស្ដេចថៃក៏បង្ក្រាបនិស្សិតបាតុករនៅក្នុងបរិវេណសាកលវិទ្យាល័យថាំម៉ាសាតយ៉ាងសាហាវ ហើយវាក៏បានក្លាយជាចំណុចខ្មៅងងឹតមួយក្នុងប្រវត្តិរបស់កងទ័ពថៃនៅក្នុងអារម្មណ៍របស់ប្រជាជននៅក្នុងព្រឹត្តិការណ៍មួយដែលគេស្គាល់ថា «ហេតុការណ៍ ៦ តុលា (เหตุการณ์ 6 ตุลา / 6 October 1976 massacre)»។ នៅក្នុងព្រឹត្តិការណ៍នោះ មនុស្សចំនួន ៤៦នាក់ត្រូវបានសម្លាប់ដោយកងទ័ពថៃ ហើយមនុស្សចំនួន ១៦៧នាក់ទៀតរងរបួស។
មកដល់ខែឧសភា ឆ្នាំ១៩៩២ មានប្រជាជនថៃប្រហែលជិត ២០ម៉ឺននាក់បានធ្វើបាតុកម្មនៅវាលមេរុក្បែររាជវាំងថៃដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកឧត្តមសេនីយ៍ សុចិន្តា ក្រាប្រាយន់ (สุจินดา คราประยูร / Suchinda Kraprayoon) ដែលជាបាតុកម្មធំបំផុតបន្ទាប់ពីឆ្នាំ១៩៧៣។ នៅពេលនោះ កងទ័ពថៃក៏បានបា•ញ់ប្រហារទៅលើបាតុករដែលជាប្រជាជនខ្លួនឯង ហើយដោយសារព្រឹត្តិការណ៍នោះសាហាវពេក គេក៏ដាក់ឈ្មោះព្រឹត្តិការណ៍ថា «ខែឧសភាទមិ•ឡ (พฤษภาทมิ•ฬ / Black May)»។ នៅក្នុងព្រឹត្តិការណ៍នោះ មានប្រជាជនថៃជាបាតុករប្រហែលជិត ១០០នាក់ត្រូវបានកងទ័ពថៃបា•ញ់សម្លាប់ ហើយជិត ៧០០នាក់ទៀតរងរបួស។ នៅចុងក្រោយបំផុតនេះ ភាពសាហាវរបស់កងទ័ពថៃមកលើប្រជាជនថៃខ្លួនឯងបានកើតឡើងនៅឆ្នាំ២០១០ គឺចំពេលដែលថៃ និងខ្មែរកំពុងច្បាំងគ្នានៅព្រះវិហារ។ អស់រយៈពេលជាងមួយខែក្នុងអំឡុងពេលចូលឆ្នាំ ពីខែមេសា ដល់ខែឧសភា ឆ្នាំ២០១០ បាតុករអាវក្រហម ដែលជាអ្នកគាំទ្របក្សភឿថៃរបស់លោកថាក់ស៊ីន បានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វេឆាឈីវ៉ា (อภิสิทธิ์ เวชชาชีวะ / Abhisit Vejjajiva) ដើម្បីបង្ខំអោយលោករំលាយសភា រួចរៀបចំការបោះឆ្នោត។
នៅពេលនោះ កងទ័ពថៃក៏បានបា•ញ់ប្រហារលើពួកបាតុករអាវក្រហម ដែលបណ្ដាលអោយប្រជាជនថៃដែលជាបាតុករចំនួន ៨៥នាក់បានស្លាប់ ហើយចំនួនជាង ២ពាន់នាក់ទៀតរងរបួស។ ទង្វើសាហាវចំពោះប្រជាជនថៃខ្លួនឯង និងភាពមិនស្អាតស្អំរបស់កងទ័ពថៃទាំងអស់នេះហើយដែលបណ្ដាលអោយកងទ័ពថៃពុំសូវមានប្រជាប្រិយក្នុងក្រសែភ្នែកប្រជាជនថៃខ្លួនឯង។ ប្រជាជនថៃ បញ្ញវន្តថៃ ហើយរដ្ឋាភិបាលស៊ីវិលថៃតែងតែប្រឆាំងជំទាស់នឹងការលូកដៃរបស់កងទ័ពថៃក្នុងការធ្វើរដ្ឋប្រហារ។ ការប្រកាន់ជំហរតានតឹងជាមួយខ្មែរពីសំណាក់កងទ័ពថៃក៏ជាវិធីមួយដែលកងទ័ពថៃប្រើដើម្បីទាក់ទាញប្រជាប្រិយខ្លួនឯងក្នុងចំណោមសង្គមថៃដែរ ព្រោះការតតាំងជាមួយខ្មែរ ធ្វើអោយថៃគ្នាឯងងាយនឹងគាំទ្រកងទ័ពខ្លួនដោយសារគេចាត់ទុកខ្មែរ គឺជាសត្រូវខាងក្រៅ។
( More to the Details: -Charnvit Kasetsiri (1974): “The First Phibun Government and Its Involvement in World War II” -Bruce M. Lockhart (2020): “Abdication and Regency: The Siamese Monarchy 1935-46” -The Nation, Thailand (May 25, 2025): “Shinawatras in spotlight: Two PMs, billions in assets seized” -Karin H. Zackari (2021): “Photography in the history of the 14 October 1973 and the 6 October 1976 events in Thailand” -John Aglionby (June 21, 2004): “Thanom Kittikachorn: Tyrannical soldier-strongman who ruled Thailand with an iron fist” -The Guardian (May 19, 2009): “From the archive: Thai army massacres protesters” -Human Rights Watch (September 1, 2017): “Thailand: Supreme Court Enshrines Impunity for 2010 Violence”)