
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7204 នាក់
ម្សិលមិញ 7641 នាក់
សរុប 18985895 នាក់
អាម៉េរិក ៖ សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន កាលពីថ្ងៃពុធ៣០មេសាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោន មានសិទ្ធិស្របច្បាប់ចូលទៅប្រើប្រាស់ធនធានរ៉ែកម្រ និងធនធានធម្មជាតិសំខាន់ៗរបស់អ៊ុយក្រែន។
កិច្ចព្រមព្រៀងមួយនេះ មានឈ្មោះថា «មូលនិធិវិនិយោគឡើងវិញរបស់សហរដ្ឋអាម៉េរិក-អ៊ុយក្រែន» គឺជាមធ្យោបាយមួយរបស់អាម៉េរិក ក្នុងការទទួលបានសំណងសម្រាប់ជំនួយគាំទ្ររបស់ខ្លួនលើអ៊ុយក្រែន ដើម្បីការពារខ្លួន ។
ទោះកិច្ចព្រមព្រៀងមិនបានបង្ហាញលម្អិតក៏ ប៉ុន្តែគេព្យាករណ៍ថា វានឹងអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកមានវត្តមានក្នុងទឹកដីអ៊ុយក្រែន ទាញយកធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់ ជាថ្នូរធានាផ្ដល់ការគាំទ្រពីសំណាក់ទីក្រុងវ៉ាស៊ីនតោនសម្រាប់រដ្ឋធានីគីវ នៅក្នុងជម្លោះដែលកំពុងបន្តជាមួយទីក្រុងមូស្គូ ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញពីរដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាម៉េរិក លោក ស្កត បេសស៊ែន (Scott Bessent) បាននិយាយថា «កិច្ចព្រមព្រៀងនេះ បង្ហាញយ៉ាងច្បាស់ដល់ប្រទេសរុស្ស៊ីថា រដ្ឋបាលរបស់លោកត្រាំ (Trump) ប្តេជ្ញាចំពោះដំណើរការសន្តិភាពរយៈពេលវែងដែលនឹងធានាចំពោះសេរីភាព និងវិបុលភាពនៅអ៊ុយក្រែន»។ «លោកប្រធានាធិបតីត្រាំ (Trump) ក៏បង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរចំពោះសន្តិភាពនិងវិបុលភាពយូរអង្វែងនៅអ៊ុយក្រែន» ។
សេចក្តីប្រកាសនេះ បានធ្វើឡើងក្នុងគ្រាដ៏សំខាន់មួយ អំឡុងសង្គ្រាមបន្តអូសបន្លាយអស់រយៈពេល៣ឆ្នាំ ហើយការចុះហត្ថលេខានេះ ធ្វើឡើងរយៈពេលពីរខែ បន្ទាប់ពីមានកិច្ចព្រមព្រៀងស្រដៀងគ្នាស្ទើរតែឈានដល់ការចុះហត្ថលេខា ក៏ដូចជាជម្លោះពាក្យសម្ដីដ៏តឹងសរសៃកនៅឯការិយាល័យអូវ៉ល (Oval) នៅក្នុងកិច្ចប្រជុំមួយរវាងលោកត្រាំ, អនុប្រធានាធិបតី លោក ជេឌី វែន និងប្រធានាធិបតីអ៊ុយក្រែន លោកហ្សេលែនស្គី ។ពីមុន លោកត្រាំបានរិះគន់ប្រធានាធិបតីអ៊ុយក្រែនក៏ដោយ ប៉ុន្តែថ្មីៗនេះ លោកបានរិះគន់ប្រធានាធិបតីរុស្ស៊ីលោកពុទីន វិញម្ដង ចំពោះការដែលធ្វើឱ្យកិច្ចចរចាសន្តិភាពរបស់លោកកាន់តែស្មុគស្មាញ។ គេមើលឃើញថា កិច្ចព្រមព្រៀងនេះ លោកត្រាំមានគោលបំណងធានាថាសហរដ្ឋអាម៉េរិក នឹងទទួលបានផលចំណេញពីអ៊ុយក្រែន ជាជាងខំជួយតែម្ខាងដោយមិនទទួលបានអ្វីសោះ ៕