
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1109 នាក់
ម្សិលមិញ 8911 នាក់
សរុប 18579956 នាក់
ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់តាមបណ្ដាញសង្គមនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២ថា គម្រោងព្រែកជីកហ្វូណនតេជោ បាននិងកំពុងដំណើរការយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក, និរន្តរភាព និងឯករាជ្យដឹកជញ្ជូនផ្លូវទឹក។
អ្នកនាំពាក្យរូបនេះបានបន្តឲ្យដឹងថា ក្រោយពីបញ្ចប់ការចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី១ រួចរាល់ បច្ចុប្បន្ននេះក្រុមការងារអន្តរក្រសួងបាននិងកំពុងបញ្ចប់នីតិវិធីនៃការចុះវាស់វែង បង្កើតកិច្ចពិភាក្សា និងដោះស្រាយផលប៉ះពាល់ជាក់ស្តែងជាមួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ទាំងអស់តាមយន្តការ និងនីតិវិធីដែលមានជាធរមាន។ ជាមួយគ្នានេះ ក្រុមការងាររបស់CMAC បាននិងកំពុងរុករកមីន និងយុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះដើម្បីអាចចាប់ផ្តើមការងារជីកស្តារ និងសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបន្តចុះប្រមូលទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ ផលិតផែនទីភូមិសាស្ត្រ3D ដោយប្រើប្រាស់ឧបករណ៍ដ្រូន eBee X និងដ្រូន DJI M350 ដែលជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយទើបត្រូវបានបំពាក់បន្ថែម ដើម្បីបញ្ចប់កិច្ចការចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ឱ្យបានរួចរាល់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
លោកផនរឹមបានបន្ថែមថា គិតចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានចំណាយរយៈពេល៥៥ថ្ងៃរួចមកហើយ ដើម្បីចុះប្រមូលទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ(BM)សរុបបានចំនួន ៤០ ទីតាំង និងបានបញ្ចប់ការថតយករូបភាពពីលើអាកាស សម្រាប់កំណាត់ទី២ ទាំងស្រុង ហើយការថតយករូបភាពពីលើអាកាសដោយប្រើប្រាស់ឧបករណ៍ដ្រូនផែនទីទំនើបនេះ ត្រូវបានផលិតផែនទីលម្អិត និងផលិតផែនទីភូមិសាស្ត្រ3D សរុបលើផ្ទៃដីប្រមាណ១៥.៨៣៦ ហិកតារួចមកហើយ។
សូមបញ្ជាក់ថាបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យឹងថា ការចុះធ្វើការវាយតម្លៃ យ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោងលើបងប្អូនប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ហើយលទ្ធផលនៃការសិក្សាតាមបែបវិទ្យាសាស្ត្របានបង្ហាញថា ផលប៉ះពាល់លើលំនៅឋានរបស់ពលរដ្ឋសរុប មានចំនួន ២.៣០៥ខ្នងផ្ទះ/គ្រួសារ គិតជាផ្ទៃដីលំនៅឋានមានចំនួន ១៨០ហិកតា ហើយមានពលរដ្ឋដែលនឹង រងផលប៉ះពាល់សរុបចំនួន ១១.៥២៥នាក់។
ក្នុងចំណោមលំនៅឋានសរុប ២.៣០៥ខ្នងផ្ទះ គ្រួសារនេះ មានតែ ចំនួន ៤០០ខ្នងផ្ទះ/គ្រួសារ ដែលនឹងរងផលប៉ះពាល់ទាំងស្រុង រីឯចំនួន ១.៩០៥ខ្នងផ្ទះ/គ្រួសារដទៃទៀតនឹង រងផលប៉ះពាល់តែលើផ្នែកមួយចំនួននៃលំនៅឋាន ដូចជា របង ដំបូល ជញ្ជាំង អណ្តូងទឹក ឬជំរកសត្វចិញ្ចឹមជាដើម។ ក្រៅពីនេះ ផលប៉ះពាល់អាចមានលើដីកសិកម្មសរុប ៣.៤៦៩ហិកតា ដែលក្នុងនោះដីស្រែចំនួន ២.៧៧៥ហិកតា និងដីដំណាំចំនួន ៥៥៥ហិកតា និងទ្រព្យសម្បត្តិសាធារណៈចំនួន ៤៣កន្លែង រួមមាន អង់តែន កំណាត់ផ្លូវ បង្គោលភ្លើង និងដើមឈើចំនួន ១៤៩.១៦៣ដើម។
គួរបញ្ជាក់បន្ថែមទៀតផងដែរថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនវិនិយោគ និងរវាងក្រុមហ៊ុនវិនិយោគកម្ពុជា និងក្រុមហ៊ុនវិនិយោគរបស់ភាគីចិន។កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធរួមមានជាអារទិ៍ ៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។ កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥នេះ និងធ្វើឱ្យដំណើរការនៃការវិនិយោគ ការសាងសង់ និងប្រតិបត្តិការណ៍ព្រែកជីកហ្វូណនតេជោប្រកបដោយភាពរលូននិងច្បាស់លាស់។
គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្ត្ររបស់កម្ពុជា ហើយត្រូវបានចាត់ទុកថាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ ផ្លូវទឹកប្រវត្តិសាស្ត្រមួយខ្សែនេះមានប្រវែងជាង ១៧៤ គ.ម ត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅមក និងជៀសសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងអាចតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងអាចតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្របានផងដែរ។
លោក ផន រឹម បានបញ្ជាក់ថា នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ យើងរំពឹងថានឹងបណ្តាញផ្លូវទឹកនេះនឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិ និងអន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ លើសពីការដឹកជញ្ជូន គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍រួមមាន ការជំរុញ និងអភិវឌ្ឍន៍ វិស័យគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្ត្រ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម នគរូបនីយកម្ម សំណង់ និងការវិនិយោគសំខាន់ៗ ហើយគម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈការបង្កើនផលិតភាពកសិកម្មសួនឧស្សាហកម្ម ទេសចរណ៍ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងឡូជីស្ទីក បង្កើនការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ បង្កើតការងារថ្មីៗជាច្រើនជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ និងវិនិយោគពហុវិស័យសម្រាប់តំបន់នានាតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។
គួររម្លឹកដែរថា គម្រោងដ៏ធំសម្បើមនិងមានអត្ថន័យជាប្រវត្តិសាស្ត្រនេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យយុទ្ធសាស្ត្រដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតី។គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនិងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី ។