
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6873 នាក់
ម្សិលមិញ 9682 នាក់
សរុប 20666783 នាក់
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាដែលគណបក្សប្រជាជនកម្ពុជាគ្របគ្រង់ភាគច្រើនលើសលប់ បានបង្ហាញសុទិដ្ឋិនិយមនិងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដោយឈ្លាសវៃ ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានក្រសួងមុខងារសាធារណៈជាសេនាធិការនោះ កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងសម្រេចបានជោគជ័យ នាំមកនូវឧត្តមប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលារៀបចំឡើងដោយ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនៃរដ្ឋសភា សហការជាមួយ ក្រសួងមុខងារសាធារណៈស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់នេះ ជាបេសកកម្មបន្តជំនាន់ ដែលចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី បានអនុវត្តរៀងរហូតមក។ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តដ៏មោះមុតនិងមិនងាករេ ដោយបញ្ជាក់យ៉ាងច្បាស់ថា «កែទម្រង់ គឺយើងរស់ បើមិនកែទម្រង់ គឺយើងស្លាប់»។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចសមិទ្ធផលធំធេងនៅក្នុងរយៈពេល២០ខែមកនេះ សបញ្ជាក់ពីការប្ដេជ្ញាចិត្តមោះមុត របស់ រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់សាធារណៈឱ្យមានប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាព។ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព និងការអភិវឌ្ឍ ដែលជាមរតកដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពស្វាហាប់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ដោយឆ្លើយតបឱ្យបានទាន់ ពេលវេលា ទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ត្រូវបានដាក់ ឱ្យអនុវត្ត និងប្រើប្រាស់ជាត្រីវិស័យ ក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងមុខងារសាធារណៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាល លើការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានប្រគល់តួនាទីបន្ថែម ជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (ហៅកាត់ថា៖ គ.វ.រ.) ដើម្បីដឹកនាំ សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ មានការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សម្តេចធិបតី បានគូសបញ្ជាក់ក្នុងឱកាសនៃពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ថា “កំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាបេះដូងនៃការធ្វើកំណែទម្រង់ និងប្រសិទ្ធភាពរបស់ រាជរដ្ឋាភិបាល”។ ក្នុងស្មារតីនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល បាន និងបន្តប្តេជ្ញា ខិតខំប្រឹងប្រឹង ក្នុងការដឹកនាំ សម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីទាំងអស់គ្នា ធ្វើដំណើរព្រមគ្នា ប្រកបដោយភាពសុខដុម ឈរលើអភិក្រមការងារនៃការជំរុញ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ឱ្យសម្រេចបាននូវលទ្ធផលកែលម្អ ជាក់ស្តែងជាបណ្តើរៗ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ ដោយគោរព យ៉ាងម៉ឺងម៉ាត់នូវអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក» ព្រមទាំងបោះជំហានរួមគ្នាឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី គឺ “ការកសាងរដ្ឋបាលសាធារណៈ មួយមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ”។
សូមបញ្ជាក់ថានាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។ក្នុងកិច្ចប្រជុំ សម្តេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការរៀបចំ និងការដាក់ឱ្យអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយផ្តោតលើ៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព, (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖(១) ទោះបីផែនការសកម្មភាព២០២៤-២០២៨ ត្រូវបានដាក់ឱ្យអនុវត្តក៏ពិតមែន ប៉ុន្តែសូមចាត់ទុកផែនការសកម្មភាពនេះគឺជា «ឯកសាររស់» ដែលត្រូវបន្តអនុវត្តបណ្ដើរ ដកបទពិសោធបណ្ដើរ ក្នុងស្មារតីទន់ភ្លន់ និងវៃឆ្លាត ដើម្បីកែសម្រួលទៅតាមស្ថានភាពជាក់ស្ដែង ក្នុងគោលដៅបង្កើនជាប្រចាំនូវស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពនៃការអនុវត្តវិធានការគន្លឹះ។
(២) ក្នុងគោលដៅបង្កើនស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងការជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និង ប្រសិទ្ធភាពខ្ពស់ គឺត្រូវអនុវត្តតាមគោលការណ៍មួយចំនួន ពោលគឺ៖– ចំនួនមន្ត្រីដែលត្រូវជ្រើសរើស ត្រូវគ្រោងយ៉ាងច្រើនស្មើចំនួនមន្ត្រីចូលនិវត្តន៍ឆ្នាំ២០២៤ និងគ្រោងតែក្នុងករណីចាំបាច់ដែលអាចពន្យល់បាន ដោយមានហេតុផលត្រឹមត្រូវ និងច្បាស់លាស់,– រាល់ការវិភាគមុខងារ និងរាល់តម្រូវការក្នុងការជ្រើសរើសមន្ត្រីថ្មីបន្ថែមត្រូវតែមានការឯកភាព ពីក្រសួងមុខងារសាធារណៈ,– លើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នអាចផ្ទេរថវិកាដែលសល់ពីការសន្សំលើការកត់បន្ថយក្របខណ្ឌ យកមកប្រើប្រាស់សម្រាប់ការលើកទឹកចិត្តដល់មន្ត្រី ឬ/និងបង្កើនចំណាយក្រៅពីបន្ទុកបុគ្គលិក ក្នុងករណីចាំបាច់ និងមានមូលដ្ឋានពន្យល់សមស្រប និងមានហេតុផលត្រឹមត្រូវ។
(៣) ក្រសួង-ស្ថាប័នទាំងអស់ ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ និងវិភាគមុខងារ ជាលក្ខណៈរួមឱ្យបានរួចរាល់ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដើម្បីអនុវត្តការវិភាគមុខងារនេះឱ្យបានចប់សព្វគ្រប់នៅត្រីមាសទី៣ ក្នុងឆ្នាំ២០២៤នេះ ស្របតាមស្មារតីនៃសេចក្ដីណែនាំលេខ ០១ សណន ស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដែលបានដាក់ចេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤។ និង(៤) គ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយឈរលើអភិក្រមពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ តាមរយៈការអនុវត្តវិធានការពាក់ព័ន្ធនឹងការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ស្របតាមសារាចរណែនាំលេខ ០៨សរ ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ ស្ដីពីការរៀបចំនិងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន។