
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6655 នាក់
ម្សិលមិញ 4883 នាក់
សរុប 19257205 នាក់
វៀតណាម៖ ក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃមកកាន់ប្រទេសវៀតណាមកាលពីថ្ងៃចន្ទម្សិលមិញ នាយករដ្ឋមន្ត្រីជប៉ុន លោក ស្សីគឹរូអ៊ីស្ស៊ីបា(Shigeru Ishiba)ក្រោយបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោកផាម មិញជីញ នៅក្នុងទីក្រុងហាណូយ បានបង្ហាញការប្តេជ្ញាចិត្តគាំទ្រឱ្យមានដំណើរការពាណិជ្ជកម្មសេរីជាមួយវៀតណាម ។
នេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក Ishiba មកកាន់ប្រទេសវៀតណាម គិតចាប់តាំងពីលោកបានក្លាយនាយករដ្ឋមន្ត្រីជប៉ុនកាលពីឆ្នាំ ២០២៤ ។លោកស្សីគឹរូអ៊ីស្ស៊ីបា(Shigeru Ishiba)ក៏មានផែនការបន្តទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីនសម្រាប់រយៈពេលដូចគ្នានៅដើមថ្ងៃពុធខាងមុខ ដើម្បីពង្រឹងចំណងមិត្តភាព ស្របពេលស្ថានការណ៍សេដ្ឋកិច្ចពិភពលោកកំពុងមានភាពមិនច្បាស់លាស់ ដោយសារវិធានការតម្លើងពន្ធគយរបស់សហរដ្ឋអាម៉េរិក។
គួររំលឹកថាកាលពីដើមខែមេសាកន្លងទៅ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានប្រកាសតម្លើងពន្ធបដិការសរុបចំនួន ៤៦% លើប្រទេសវៀតណាម និង ២៤%លើប្រទេសជប៉ុន ប៉ុន្តែក្រោយមកលោកក៏បានធើ្វការពន្យាពេល ៩០ថ្ងៃដើម្បីផ្តល់ឱកាសសម្រាប់ការចរចាទ្វេភាគី ជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់អាម៉េរិក។
តែយ៉ាងណាក្តី សម្រាប់ពន្ធមូលដ្ឋានអប្បបរមា ១០%ចំពោះទំនិញគ្រប់មុខដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិករបស់លោកដូណាល់ត្រាំ គឺបានចូលជាធរមានភ្លាមៗក្រោយពីការប្រកាស និងបានជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការនាំចេញផលិតផលរបស់ប្រទេសវៀតណាមនិងជប៉ុន ទៅកាន់សហរដ្ឋអាម៉េរិកដែលជាគោលដៅទីផ្សារដ៏សំខាន់របស់ខ្លួន។
ជុំវិញបញ្ហាពាណិជ្ជកម្មនេះ មេដឹកនាំកំពូលរបស់វៀតណាមតូឡឹម( To Lam )បានជំរុញឱ្យប្រទេសជប៉ុនបង្កើនការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសវៀតណាម បន្ទាប់ពីលោកបានជួបសន្ទនាជាមួយលោក Ishiba កាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថាប្រទេសវៀតណាមបច្ចប្បន្នគឺជាមជ្ឈមណ្ឌលតម្លើងគ្រឿងអេឡិចត្រូនិចនិងយានជំនិះដ៏ធំមួយរបស់ប្រទេសជប៉ុនប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដោយរួមមានសាខាក្រុមហ៊ុនធំៗរបស់ជប៉ុន ដូចជា៖ Honda, Canon និង Panasonic ក្រោមទំហំវិនិយោគសរុបប្រមាណជាង ៧៨ពាន់លានដុល្លារ។ នេះបើតាមយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម៕