
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3634 នាក់
ម្សិលមិញ 5488 នាក់
សរុប 19226961 នាក់
រតនគិរី ៖ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៥នេះ មានប្រជាពលរដ្ឋប្រមាណ ១.២០០ នាក់ចូលរើសផ្លែសំរងក្នុងតំបន់ការពារសហគមន៍អូរទុង និងតំបន់ឧទ្យានជាតិវរជ័យ ស្រុកវ៉ើនសៃ ខេត្តរតនគិរី។
លោក ហេង សាវឿន អភិបាលស្រុកវ៉ើនសៃ បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៥ នេះមានប្រជាពលរដ្ឋមកពីខេត្តដែលនៅជិត និងខេត្តរតនគិរី ដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តព្រះវិហារនិងខេត្តមណ្ឌលគិរី បានមករករើសផ្លែសំរងក្នុងតំបន់ការពារសហគមន៍ អូរទុង និងក្នុងតំបន់ឧទ្យានជាតិវរជ័យក្នុងភូមិសាស្ត្រស្រុកវើនសៃ ចាប់ពីថ្ងៃទី ១០ខែមេសាឆ្នាំ ២០២៥រហូតមកដល់ថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០២៥នេះមានប្រជាពលរដ្ឋ ចូលរើសសំរងក្នុងភូមិសាស្ត្រស្រុកវ៉ើនសៃប្រមាណ ១.២០០ នាក់ ដែលក្នុងនោះមានមធ្យោបាយធ្វើដំណើរជាម៉ូតូ ៧០០ គ្រឿង។
លោកអភិបាលស្រុកបានឱ្យដឹងទៀតថា ដើម្បីការពារនូវធនធានធម្មជាតិរដ្ឋបាលស្រុក បានចេញសេចក្តីណែនាំស្ដីពីការចូលប្រមូលផលអនុផលព្រៃឈើ (ផ្លែសំរង) នេះ លេខ ០១២/២០២៥បានណែនាំនិងហាមប្រមូលទិញផ្លែសំរងខ្ចី ហាមនាំចូលនៅឧបករណ៍ខុសច្បាប់ អាវុធជាតិផ្ទុះ ឧបករណ៍សង្ស័យអាចបង្កជាបទល្មើសដូចជា រណាយន្ត រណាដៃ ពូថៅចូលក្នុងតំបន់ការពារសហគមន៍និងតំបន់ឧទ្យានជាតិវីរៈជ័យដែលជាតំបន់ប្រជាពលរដ្ឋចូលប្រមូលផលអនុផលផ្លែសំរង។
បន្ថែមពីនេះ លោកអភិបាលស្រុក ក៏បានបន្តថានៅក្នុងឆ្នាំ ២០២៥ នេះតិចជាងឆ្នាំ ២០២៤ហើយចំពោះការប្រមូលផលគឺមានរយៈពេលយឺតជាងឆ្នាំ ២០២៤ ដោយសារអាកាសធាតុឆ្នាំនេះត្រជាក់។ ចំពោះផលផ្លែសំរងឆ្នាំនេះគឺផ្ដល់ផលតិចណាស់បានប្រមាណត្រឹមតែ ២០% ប៉ុណ្ណោះ ហើយតម្លៃវិញក្នុងចន្លោះ៥២.០០០រៀល ទៅ៦០.០០០ រៀលប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅដែរ។
ចំពោះការចូលប្រមូលផលផ្លែសំរងឆ្នាំនេះ សម្រាប់ក្នុងភូមិសាស្ត្រស្រុកវឺនសៃ គឺពុំមានករណីគ្រោះថ្នាក់បានកើតឡើងលើប្រជាពលរដ្ឋទៅប្រមូលផលឡើយ។ សូមបញ្ជាក់ថាថ្មីៗនេះនៅខេត្តកោះកុងប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធបានរងគ្រោះដល់ស្លាប់ដោយសារកាប់ដើមសម្រ៉ងដើម្បីប្រមូលផងខុសច្បាប់បណ្តាលឲ្យរលំកិន។លោក អភិបាលស្រុក បានសុំអំពាវនាវ និង ក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមកពីគ្រប់ទិសទីសូមចូលរួមថែរក្សា ការពារនៅធនធានធម្មជាតិដែលមាននេះឱ្យបានគង់វង្សទៅដល់កូនចៅជំនាន់ក្រោយៗទៀតផង ព្រោះវាមានតម្លៃណាស់សម្រាប់យើងទាំងអស់គ្នា។សូមបញ្ជាក់ថាក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងអំពីការហាមកាប់ដើមសម្រ៉ងដើម្បីប្រមូលផល។