
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3631 នាក់
ម្សិលមិញ 8477 នាក់
សរុប 18991635 នាក់
កូរ៉េខាងជើង៖ទីបំផុត ប្រទេសកូរ៉េខាងជើងបាន ទទួលស្គាល់ហើយថា ខ្លួនពិតជាបញ្ជូនទ័ពទៅជួយរុស្ស៊ី ប្រយុទ្ធនឹងកងកម្លាំងអ៊ុយក្រែន នៅក្នុងសង្គ្រាមមែន ខណៈការបញ្ជូននេះ ត្រូវបានបញ្ជាដោយមេដឹកនាំ គីម ជុងអ៊ុន ផ្ទាល់តែម្តង។ការទទួលស្គាល់នេះ ត្រូវបានកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ចុះផ្សាយនៅទំព័រមុខតែម្តង នៅថ្ងៃចន្ទទី២៨ខែមេសាឆ្នាំ២០២៥។
ក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយកាសែតខាងលើ, គណបក្សពលករកូរ៉េខាងជើង បានចាត់ទុកការដាក់ពង្រាយនោះថា ជាការបង្ហាញអំពីមិត្តភាពសកម្មប្រយុទ្ធដ៏រឹងមាំកម្រិតខ្ពស់បំផុតរវាងកូរ៉េខាងជើងនិងរុស្ស៊ី។
ការទទួលស្គាល់នេះកើតឡើងពីរថ្ងៃបន្ទាប់ពីរុស្ស៊ី សរសើរទាហានកូរ៉េខាងជើង ដែលជួយឲ្យកងទ័ពរុស្ស៊ី វាយរំដោះបានតំបន់ Kursk ពីកងកម្លាំងអ៊ុយក្រែន។អំឡុងពេលរាយការណ៍អំពីប្រតិបត្តិការនៅសមរភូមិទៅកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥ អគ្គសេនាធិការ Valery Gerasimov បានលើកសរសើរអំពីការរួមចំណែករបស់ទាហានកូរ៉េខាងជើង ដោយអះអាងថា កងទ័ពកូរ៉េខាងជើង បានបង្ហាញពីការតស៊ូនិងវីរភាព ដោយឈរប្រកៀកស្មាជាមួយកងកម្លាំងរុស្ស៊ី។
ពាក់ព័ន្ធការចូលរួមរបស់កងទ័ពកូរ៉េខាងជើងនេះ លោក Gerasimov អះអាងថា ទ័ពកូរ៉េខាងជើងកំពុងចូលរួមក្នុងការរំដោះតំបន់ Kursk របស់រុស្ស៊ី ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងទីក្រុងមូស្គូនិងព្យុងយ៉ាង ដែលបានចូលជាធរមានកាលពីខែធ្នូឆ្នាំ២០២៤។ សន្ធិសញ្ញានេះគឺផ្តល់ជំនួយយោធាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារ។ លោកប្រធានាធិបតីរុស្ស៊ី វ្លាដេមៀ ពូទីន បានថ្លែងសារសម្តែងអំណរគុណជាពិសេសចំពោះលោកគីមជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើងនិងពលរដ្ឋកូរ៉េខាងជើង ដែលបានជួយនាំជ័យជំនះនៅលើសមរភូមិ នៅពេលនេះ។ ដើម្បីជាកិច្ចតបស្នងចំពោះភក្តីភាព និងសាមគ្គីភាពរបស់កូរ៉េខាងជើង លោកពូទីន បានអញ្ជើញលោកគីមជុងអ៊ុន ឱ្យមកបំពេញទស្សនកិច្ច នៅរុស្ស៊ី នៅរវាងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
រុស្ស៊ីនិងកូរ៉េខាងជើងមិនដែលបញ្ជាក់ ហើយក៏មិនបដិសេធដែរពីមុនមក រឿងមានវត្តមានយោធាកូរ៉េខាងជើងក្នុងជួរទ័ពរុស្ស៊ី។ ប៉ុន្តែ កូរ៉េខាងត្បូង អ៊ុយក្រែន និងក្រុមបស្ចិមលោក បានបរិហារតាំងពីជាច្រើនខែមកហើយថាមានទាហានកូរ៉េខាងជើងជាច្រើនសិបពាន់នាក់បានមកកាន់អាវុធ ជួយច្បាំងរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ សម្រាប់កូរ៉េខាងត្បូង ព្យុងយ៉ាងកំពុងរំលោភសេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិ និងកំពុងទទួលស្គាល់សកម្មភាពឧក្រិដ្ឋរបស់ខ្លួន តាមរយៈសេចក្តីប្រកាសរបស់កូរ៉េខាងជើងថ្ងៃនេះ ។ នេះបើតាមពាក្យបរិហាររបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។
តាមការប៉ាន់ស្មានពីមន្ត្រីអ៊ុយក្រែន, កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែល ១១ ០០០ នាក់ទៅប្រទេសរុស្ស៊ី រួមទាំងទ័ពជំនួយបន្ថែម ៣ ០០០នាក់ទៀត។ ដ្បិតដំបូងឡើយ ទ័ពកូរ៉េខាងជើង ពិបាកប្រយុទ្ធដោយសារតែខ្វះបទពិសោធន៍ក្នុងសង្គ្រាមទំនើបជាពិសេសសង្គ្រាមដែនអាកាសក៏ដោយ ប៉ុន្តែពួកគេសម្របខ្លួនបានល្អទៅនឹងលក្ខខណ្ឌនៅលើដី៕