
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1254 នាក់
ម្សិលមិញ 8911 នាក់
សរុប 18580101 នាក់
ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣,៩៧លាននាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ២១,៨១លាននាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២៣,៨៦លាននាក់ និងភ្ញៀវអន្តរជាតិ មានចំនួនជាង ១១ម៉ឺននាក់។ នេះបើយោងតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍។
ក្នុងរយៈពេល ០៣ថ្ងៃនេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖ រាធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣នាក់ និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល ៣ថ្ងៃនេះ គឺត្រូវបានគណនាដោយរាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្ក្រាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។
ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារនិងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញ ១០០%។ វិស័យឯកជនមានក្តីរីករាយ និងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍន៍លើមាគ៌ាដ៏ត្រឹមត្រូវនៃវិស័យ ទេសចរណ៍កម្ពុជា។
ទោះបីយ៉ាងណាក៏យ៉ាងហោចណាសមនុស្សចំនួន២៦នាក់បានស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ចំនួន៣០ករណី ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៥។ តាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ ទូទាំងប្រទេស របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា៖។ក្នុងចំណោមអ្នកស្លាប់ទាំង២៦នាក់នោះ មានស្ត្រីចំនួន៥នាក់ផងដែរ ហើយក្រៅពីបង្កឱ្យមានការបាត់បង់ជីវិត គ្រោះថ្នាក់ទាំងនេះក៏បានបណ្តាលឱ្យមានរបួសស្រាល និងធ្ងន់ចំនួន៤៧នាក់ផ្សេងទៀតផងដែរ។
ថ្ងៃទី១៦ ខែមេសា ជាថ្ងៃចុងក្រោយ នៃពិធីបុណ្យជាតិនេះ មានករណីស្លាប់ដោយសារតែគ្រោះថ្នាក់នេះច្រើនជាងគេ គឺមានរហូតដល់ទៅ១២នាក់។ ដោយឡែក នៅថ្ងៃទី១៥ មាន៩នាក់ស្លាប់ និង ថ្ងៃទី ១៤ មានចំនួន៥នាក់ស្លាប់ផងដែរ។ក្រៅពីនេះក៏មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្រាប់បណ្តាញព័ត៌មានថាក្នុងចំណោមនោះ រាជធានីភ្នំពេញកើតឡើងច្រើនជាង មានចំនួន៤ ករណី។ចំណែកខេត្តសៀមរាប និងរតនៈគិរី កើតឡើង ២ ករណី។ រីឯកំពង់ស្ពឺ និង មណ្ឌលគិរី កើតឡើង ១ករណីដូចគ្នា៕