វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1534 នាក់
ម្សិលមិញ 2962 នាក់
សរុប 16505658 នាក់
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យដ៏ធំមួយនៅកម្ពុជា ក្នុងចំណោមបុណ្យ ប្រពៃណីជាតិធំៗ ចំនួន៣ ដែលរួមមាន បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលពិធីទាំងនេះ ជាបុណ្យទំនៀមទម្លាប់ ប្រពៃណីខ្មែរ មានតាំងពីបុរាណកាលមក ហើយត្រូវបានប្រជាជនខ្មែរប្រកាន់ខ្ជាប់ខ្ជួន និងប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលខកខាននោះទេ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ សូមដកស្រង់យកនូវប្រវត្តិបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាខ្មែរ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកជម្រាបជូនប្រិយមិត្តបានស្វែងយល់ដូចតទៅ៖
ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ៖ បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានការរៀបចំដូចតទៅ ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅ៣ថ្ងៃ គឺនៅថ្ងៃទី១៣, ១៤, ឬ ១៥ ខែមេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ១ ឬ២ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សម្អាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសម្ភារផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។
នៅពេលចូលដល់ថ្ងៃទីមួយ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្ក្រាន្ត។ នៅពេលនោះប្រជាពលរដ្ឋខ្មែរដែលកាន់ជំនឿតាមព្រះពុទ្ធសាសនា បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ។ គ្រឿងរណ្ដាប់មានដូចជា ទឹកផ្ដិលអប់ដោយផ្កា, ទៀន៥, ធូប៥, ផ្កាភ្ញី, ភេសជ្ជៈ, និងនំចំណី, ផ្លែឈើជាច្រើន។ល ។ បន្ទាប់មក ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួនដើម្បីទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី ដើម្បីឱ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ។
នៅពេលចូលថ្ងៃទីពីរ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា វារៈវ៍នបត ប្រជាជននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ។ លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំបទចម្រៀងប្រពៃណីផងដែរ នៅតាមវត្ដអារាម និងតាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា។នៅថ្ងៃទីបី ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេហៅថា វារៈឡើងស័ក ឬថ្ងៃឆ្លង។ នៅថ្ងៃនោះ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ។
ចំពោះទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទីពីរ ជាថ្ងៃ វនបត, ថ្ងៃទីបី ជាថ្ងៃឡើងស័ក។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត។សូមបញ្ជាក់ថាចាប់ពីសម័យក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន ចន្ទគតិ (វិធីដើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី១២។ សម័យក្រោយមក ប្រទេសខ្មែរប្តូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយគតិ(វិធីដើរនៃព្រះអាទិត្យ)។ ពេលនោះហើយដែលខ្មែរកំណត់ចូលឆ្នាំក្នុងខែ ចេត្រ (ខែទី៥) ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលកាន់ មេសរាសី។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ។
មហាសសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត) ។ មហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា «អាយន្តសង្ក្រាន្ត» (ពេលដែលព្រះអាទិត្យ ដើរបញ្ឈៀងមិនត្រង់ពីលើ)។ គេនៅប្រើចន្ទគតិ ដោយយោងទៅសុរិយគតិ ព្រោះចន្ទគតិ មានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិ មិនទៀងទាត់ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលក្នុងវេលារនោច។ ប៉ុន្តែនៅក្នុងរវាង១ខែ គឺមិនមុនថ្ងៃ ៤កើត ខែចេត្រ និងមិនហួសថ្ងៃ៤កើត ខែពិសាខទេ។ ដូចនេះសង្ក្រាន្ត ខ្លះធ្លាក់ទៅក្នុងខែពិសាខ។សម្រាប់ពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ គឺពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ, សម្អាតផ្ទះសម្បែង, រែកទឹកដាក់ពាង, រកអុសទុក, និង កាត់សម្លៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មីមានដូចជា បាយសី១គូ, ស្លាធម៌១គូ, ធូប៥, ទៀន៥, ទឹកអប់១គូ, ផ្កាភ្ញី, លាជ, ទឹក១ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ។
ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនីខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សម្រាប់ទទួលទេព្តាថ្មី។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចម្រើនគ្រប់ប្រការពីទេព្តាថ្មី។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងើយដាក់ថ្វាយទេព្តានាះ គេនិយមតម្រូវតាមចិត្តទេព្ដាដែលនឹងចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍៖ បើទេព្ដាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ ថ្វាយ។
ឈ្មោះទេពធីតាមហាសង្ក្រាន្ត និងគ្រឿងអភរណៈ ដូចជា៖១- បើសង្ក្រាន្តជាថ្ងៃអាទិត្យ ទេពធីតាព្រះនាម «ទុង្សទេវី» សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាជ ភក្សាហារផ្លែឧទុម្ពរ (ផ្លៃល្វា) អាវុធស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈជាសត្វគ្រុឌ។ ២- បើថ្ងៃចន្ទ ទេពធីតាព្រះនាម «គោរាគទេវី» សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់កែវបុក្តា (គជខ្យង) ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈសត្វខ្លា។ ៣- បើថ្ងៃអង្គារ ទេពធីតាព្រះនាម «គោរាក្សសាទេវី» សៀតផ្កាឈូក គ្រឿងប្រដាប់កែវមោរា (ត្បូងកែវរាងមូល) ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ (លំពែងផ្លែ៣) ឆ្វេងធ្នូ ពាហនៈសត្វសេះ។
៤- បើថ្ងៃពុធ ទេពធីតាព្រះនាម «មណ្ឌាទេវី» សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ (កែវ) ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈសត្វលា។ ៥- បើថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម «កិរិណីទេវី» សៀតផ្កាមន្ទារ គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ (ដង្កាវដំរី) ឆ្វេងកាំភ្លើង ពាហនៈសត្វដំរី។ ៦- បើថ្ងៃសុក្រ ទេពធីតាព្រះនាម «កិមិរាទេវី» សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈសត្វក្របី។ និង ៧- បើថ្ងៃសៅរ៍ ទេពធីតាព្រះនាម «មហោទរាទេវី» សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈសត្វក្ងោក។
ចំពោះពិធី ៣ ថ្ងៃ នៃថ្ងៃចូលឆ្នាំនោះគឺ នៅថ្ងៃទីមួយ៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងធម្មទេសនា។ ចំណែកនៅថ្ងៃទីពីរ៖ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។នៅថ្ងៃទីបីដែលជាថ្ងៃចុងក្រោយ៖ ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ ពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ)។
សូមជម្រាបជូនថាបើតាមទម្លាប់ប្រពៃណី នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះនិយមនាំគ្នាដើរកម្សាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាមផងដែរ។
សម្រាប់ចូលឆ្នាំថ្មី ឆ្នាំម្សាញ់នេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ហើយទេព្ដាព្រះនាម «គោរាគទេវី» ជាបុត្រីទី២ នៃកបិលមហាព្រហ្ម និងជាទេពធីតាសង្ក្រាន្តប្រចាំ «ថ្ងៃចន្ទ» ទ្រង់អម្ពរ «ពណ៌លឿង» លម្អព្រះកាណ៌ «សៀតផ្កាអង្គារបុស្ប» គ្រឿងប្រដាប់ «កែវមុក្តា» ភក្សាហារ ប្រេង គ្រឿងអាវុធ ព្រះហស្ថស្តាំ «ព្រះខ័ន» ព្រះហស្ថឆ្វេង «យដ្ឋិ (ឈើច្រត់)» យានពាហនៈ និងអាការ និន្ទ្រាលង់លក់ជាសុខសម្រាន្តលើខ្នងព្យគ្ឃ (ខ្លាធំ)៕