
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 619 នាក់
ម្សិលមិញ 7139 នាក់
សរុប 17991844 នាក់
រុស្ស៊ី៖ បន្ទាប់ពីបានធើ្វការសន្ទនាអស់រយៈពេលយ៉ាងយូរតាមទូរសព្ទ ជាមួយប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំ មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពុទីន បានត្រឹមតែយល់ព្រមបញ្ឈប់ការវាយប្រហារជាបណ្ដោះអាសន្នលើទីតាំងស្ថានីយថាមពល និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រមួយចំនួនរបស់ប្រទេសអ៊ុយក្រែន តែប៉ុណ្ណោះគឺមិនបានឯកភាពចុះកិច្ចព្រមព្រៀងបង្កើតបទឈប់បាញ់ជាមួយអ៊ុយក្រែននោះឡើយ។
នៅក្នុងការសន្ទនាគ្នារវាងលោកដូណាល់ត្រាំ និងលោកពុទីនកាលពីថ្ងៃអង្គារ៍ទី១៨មិនា គេសង្កេតឃើញថា លោកដូណាល់ត្រាំហាក់មិនបានខិតខំអស់ពីសមត្ថភាព ក្នុងការបញ្ចុះបញ្ចូលឱ្យលោកពុទីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែននោះឡើយ។ បើទោះបីអ៊ុយក្រែនបានឯកភាពឱ្យមានបទឈប់បាញ់រយៈពេល ៣០ថ្ងៃតាមគំនិតផ្តួចផ្តើមរបស់លោកដូណាល់ត្រាំ ដើម្បីផ្តល់លទ្ធភាពសម្រាប់ការចរចាបញ្ចប់សង្គ្រាម។ លោកដូណាល់ត្រាំត្រូវខកខានដោយសារតែមេដឹកនាំរុស្ស៊ីលោកពុទីន ហាក់មិនមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកសន្តិភាពនោះឡើយ។ជាងនេះទៅទៀតលោកពូទីនបានប្រាប់មន្ត្រិរុស្ស៊ីថាលោកបានធ្វើឲ្យលោកត្រាំចាំជាច្រើនម៉ោងដោយសារលោករវល់?។
ជុំវិញរឿងនេះ បើតាមមន្ត្រីសេតវិមានអាម៉េរិកបានបញ្ជាក់ថា "លោកដូណាល់ត្រាំនិងលោកពុទីន បានស្របមតិគ្នាបញ្ឈប់ឱ្យមានការវាយប្រហារលើទីតាំងស្ថានីយថាមពលរបស់អ៊ុយក្រែន ដើម្បីជាចំណុចចាប់ផ្តើមនៃដំណើរការចរចាសន្តិភាព ក៏ដូចជាដើម្បីផ្តល់លទ្ធភាពឱ្យមានការចរចាកាន់តែស៊ីជម្រៅ សម្រាប់ឈានទៅបង្កើតបទឈប់បាញ់ឱ្យបានពេញលេញ និងជាអចិន្ត្រៃយ៍។ទោះបីយ៉ាងណាលោកដូណាល់ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម ដោយចាត់ទុកជំនួបសន្ទនារវាងលោកនឹងលោកពុទីន ថាជារឿងដ៏ល្អនិងមានផ្លែផ្កា។ លោកត្រាំបានអះអាងថា លោកនិងលោកពុទីនបានព្រមព្រៀងគ្នានឹងខិតខំសម្រេចបទឈប់បាញ់ឱ្យបានឆាប់រហ័សនិងពេញលេញ?។
ភាគីរុស្ស៊ីវិញ បានបញ្ជាក់ឱ្យដឹងថា លោកដូណាល់ត្រាំបានស្នើឱ្យភាគីជម្លោះក្នុងសង្គ្រាមអ៊ុយក្រែន ផ្អាកការវាយប្រហារគ្នាលើទីតាំងស្ថានីយថាមពលសម្រាប់រយៈពេល ៣០ ថ្ងៃ ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរលើជនស៊ីវិល ខណៈដែលសំណើនេះក៏ត្រូវបានប្រធានាធិបតីរុស្ស៊ី លោកពុទីន ធើ្វការឆ្លើយតបជាវិជ្ជមាន និងបានដាក់បទបញ្ជាភ្លាមៗទៅឱ្យយោធារុស្ស៊ី បញ្ឈប់ការវាយប្រហារលើស្ថានីយថាមពលរបស់អ៊ុយក្រែន។ជាងនេះទៀត លោកពូទីន បានគូសបញ្ជាក់នូវការទាមទារដ៏ធំមួយរបស់រុស្ស៊ី គឺក្រុមប្រទេសលោកខាងលិច ត្រូវតែឈប់ផ្តល់គ្រឿងសព្វាវុធ និងជំនួយផ្នែកយោធាគ្រប់រូបភាពទៅឲ្យអ៊ុយក្រែន។ នេះបើផ្អែកតាមលិខិតប្រកាសរបស់វិមានក្រេមឡាំង។ ត្រង់ចំណុចនេះដែរ នៅក្នុងបទសម្ភាសន៍មួយឲ្យទូរទស្សន៍ Fox News លោកដូណាល់ ត្រាំ បានអះអាង ក្នុងពេលនិយាយគ្នាគឺលោកនិងលោកពូទីន មិនបាននិយាយអ្វីទាំងអស់រឿងជំនួយយោធាឲ្យអ៊ុយក្រែន។
ក្រោយចប់កិច្ចសន្ទនារវាងលោកពូទីន និងលោកដូណាល់ ត្រាំ លោកហ្សេឡេនស្គី បានលើកឡើងថា អ៊ុយក្រែនមិនជំទាស់ឡើយទៅនឹងការសន្យារបស់រុស្ស៊ី ក្នុងការផ្អាកការប្រយុទ្ធថ្វីបើ តែទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។ តែយ៉ាងណាក៏ដោយ លោកហ្សេឡេនស្គីបញ្ជាក់ថា លោកកំពុងរងចាំពិនិត្យមើលលម្អិត ថាតើក្នុងពេលសន្ទនាគ្នានេះ លោកពូទីននិងលោកដូណាល់ ត្រាំ បានសុខចិត្តធ្វើសម្បទានអ្វីខ្លះឲ្យគ្នាទៅវិញទៅមក។ ទាក់ទិននឹងការទាមទារពីលោកពូទីន ថាឲ្យក្រុមប្រទេសលោកខាងលិចឈប់ផ្តល់ជំនួយផ្នែកយោធាមកឲ្យអ៊ុយក្រែន លោកហ្សេឡេនស្គីបានបរិហារថា វាគឺជាសារជាតិពិតរបស់លោកពូទីន ដែលចង់ធ្វើឲ្យអ៊ុយក្រែនទន់ខ្សោយ គ្មានអាវុធនិងគ្មានព័ត៌មានគ្រប់គ្រាន់ដើម្បីការពារខ្លួន។ វាក៏បញ្ជាក់ដែរថា លោកពូទីនគ្មានចេតនាចង់ឈប់ធ្វើសង្គ្រាមនោះឡើយ។
មានការកត់សម្គាល់ថា នៅក្នុងរបាយការណ៍ស្តីពីលទ្ធផលសន្ទនាគ្នា ទាំងពីភាគីអាមេរិកនិងរុស្ស៊ី គឺពុំមានលើកឡើងទាល់តែសោះ ស្តីពីទឹកដីអ៊ុយក្រែនប្រមាណ២០% ដែលបច្ចុប្បន្នស្ថិតក្នុងការគ្រប់គ្រងរបស់រុស្ស៊ី។ សម្រាប់លោកដូណាល់ ត្រាំ វិញធ្លាប់បានបង្ហើបថាអាមេរិកត្រៀមសុខចិត្ត ឲ្យរុស្ស៊ីនិងអ៊ុយក្រែន “បែងចែកគ្នា”រឿងទឹកដី។ ផ្អែកតាមការវិភាគ គឺរដ្ឋបាលរបស់លោកត្រាំ អាចនឹងយល់ព្រមសុខចិត្តច្រើន ទៅតាមការទាមទាររបស់រុស្ស៊ី មិនថារឿងជំនួយយោធា និងរឿងទឹកដីអ៊ុយក្រែន។សេតវិមានបានបញ្ជាក់ឲ្យដឹងផងដែរ ថាការចរចាគ្នាលម្អិត រវាងភាគីអាមេរិកនិងរុស្ស៊ីនឹងចាប់ផ្តើមនៅថ្ងៃទីក្រុងចេដដាប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២៣មីនា។
សូមបញ្ជាក់ដែរថា គ្រាន់តែលោកដូណាល់ ត្រាំ និងលោកពូទីនទំលាក់ទូរស័ព្ទចុះ មិនបានប៉ុន្មានម៉ោងផង នៅយប់ថ្ងៃអង្គារ អ៊ុយក្រែនបានអះអាងថា រុស្ស៊ីបានបាញ់មីស៊ីល៦គ្រាប់ និងបញ្ជាយានដ្រូន១៤៥គ្រឿង មកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវីលរបស់អ៊ុយក្រែន។ ទង្វើនេះ លោករដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានលើកឡើងថា “ពូទីនកំពុងតែលេងល្បិចដ៏ពិសពុល”។បណ្តាប្រទេសអឺរ៉ុបបានតាមដានការសន្ទនារវាងលោកដូណាល់ ត្រាំ និងលោកពូទីន យ៉ាងយកចិត្តទុកដាក់បំផុត។ បារាំងនិងអាល្លឺម៉ង់បានប្រតិកម្មយ៉ាងប្រុងប្រយ័ត្ន ដោយលោកម៉ាក្រុងនិងលោកអូឡាហ្វ ស្ហុលស៍ បានអះអាងសាជាថ្មីនៅថ្ងៃអង្គារថា បារាំងនិងអាល្លឺម៉ង់ នៅតែបន្តផ្តល់ជំនួយយោធាទៅឲ្យអ៊ុយក្រែនជានិច្ច។ ចំណែក លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer អះអាងថា អង់គ្លេសនឹងបន្តឈរនៅខាងអ៊ុយក្រែន បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីធានាថារុស្ស៊ីនឹងមិនមកឈ្លានពានអ៊ុយក្រែនម្តងទៀត៕