
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1354 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348489 នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបទអន្តរាគមន៍នៅក្នុង High Level Segment នៃសម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមរយៈវីដេអូថតទុកដោយសន្យាពីការគោរពសិទ្ធមនុស្ស ។
តាមរយៈបទអន្តរាគមន៍ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីតម្រូវការចាំបាច់នូវសន្តិភាព ចំពោះមុខការកើនឡើងនូវភាពមិនច្បាស់លាស់នៃសកលលោក ការបែងចែកភូមិសាស្ត្រ នយោបាយ និងវិបត្តិមនុស្សធម៌។ លោក រដ្ឋមន្ត្រិបានគូសបញ្ជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការ អភិវឌ្ឍប្រកបដោយចីរភាព និងការការពារសិទ្ធិមនុស្ស។ ប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាសក្ខីភាពមួយ នៃការផ្លាស់ប្តូរពីជម្លោះជាង ៣ទសវត្សរ៍ ទៅជាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពពិភពលោក ត្រូវបានស្តែងឱ្យឃើញតាមរយៈការរួម ចំណែករបស់កម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កងកម្លាំងកម្ពុជា ជិត ១០.០០០ នាក់ ដែលក្នុងនោះជាង ៨០០នាក់ ជាស្ត្រី ត្រូវបានបញ្ជូនឱ្យចូលរួមក្នុងបេសកកម្មថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងបេសកកម្មចំនួន១១ នៅទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ២០០៦មក។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សារជាថ្មីអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាសិទ្ធិមនុស្ស ដោយសង្កត់ធ្ងន់អំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងយន្តការសិទ្ធិមនុស្ស អ.ស.ប. ដូចជា យន្តការត្រួតពិនិត្យឡើងវិញជាសកលជុំទី៤ (UPR) នៅខែឧសភា ឆ្នាំ២០២៤ និងការបន្តអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប. (OHCHR)។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាទទួលយកអនុសាសន៍ ចំនួន ៨៥% នៃអនុសាសន៍ UPR ទាំងអស់នេះ បញ្ជាក់យ៉ាងច្បាស់ពីការប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិមនុស្ស និងបើកចំហរចំពោះការសន្ទនាប្រកបដោយស្ថាបនា។
ទោះបីយ៉ាងណាលោកប្រាក់សុខុនបាន គូសបញ្ជាក់អំពីសារៈសំខាន់ និងវាយតម្លៃខ្ពស់ចំពោះភាពមិនលម្អៀង និងយុត្តិធម៌ក្នុងការវាយតម្លៃសិទ្ធិមនុស្ស និងស្នើឱ្យអ្នកកាន់អាណត្តិអ.ស.ប ប្រកាន់ខ្ជាប់នូវវិធីសាស្ត្រប្រកបដោយ តុល្យភាព និងកម្មវត្ថុច្បាស់លាស់ ដើម្បីជៀសវាងការធ្វើនយោបាយូបនីយកម្ម និងស្តង់ដារពីរ។លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា នៅក្នុងការប្តេជ្ញាចិត្តចំពោះអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ កម្ពុជាបន្តជំរុញឱ្យមានការ ចូលរួមរបស់ប្រជាពលរដ្ឋ ដោយពង្រឹងវិធីសាស្ត្រអភិបាលកិច្ចប្រកបដោយបរិយាប័ន្ន គណនេយ្យភាព និងគោរពនីតិរដ្ឋ ដែលជាសសរស្តម្ភសំខាន់នៃការរីកចម្រើនលទ្ធិប្រជាធិបតេយ្យ៕