វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2027 នាក់
ម្សិលមិញ 4250 នាក់
សរុប 16288902 នាក់
ភ្នំពេញ៖អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២០មករា បានជូនដំណឹងដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី-ខេត្ត សហគមន៍កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ និងបណ្តាក្រុមហ៊ុននាំចេញទាំងអស់ មេត្តាជ្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធជូនដំណឹង រហ័សសម្រាប់ម្ហូបអាហារនិងចំណីសត្វរបស់សហភាពអឺរ៉ុប (Rapid Alert System for Food and Feed-RASFF) បានជូនដំណឹងអំពីការរកឃើញកម្រិតសំណល់ថ្នាំកសិកម្ម Acetamiprid, Tricyclazole, Thiamethoxam នៅក្នុងអង្ករកម្ពុជា លើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១មីលីក្រាម/គីឡូក្រាម។
តាមរយៈបញ្ញត្តិនេះបានឲ្យដឹងថា៖ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន៣១៣មុខ ក្នុងចំណោម ៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបានសហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម (Maximum Residue Limit - MRL) ក្នុងអង្ករត្រឹមតែ ០,០១មីលីក្រាម/គីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន ១០០ដង នៃកម្រិតចាស់គឺ ១មីលីក្រាម/គីឡូក្រាម។ បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។
ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងជំរុញការអនុវត្តវិធានការមួយចំនួនរួមមាន ជាអាទិ៍៖ ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើបផលិតកម្មដំណាំស្រូវផ្សារភ្ជាប់នឹងយន្តការផលិតកម្មតាមកិច្ចសន្យា ការដាំដុះប្រភេទពូជស្រូវមានសក្តានុពលរបស់ជាតិ ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការផ្សព្វផ្សាយអំពីលក្ខខណ្ឌ តម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព បង្ការមិនឱ្យមានសំណល់ ថ្នាំកសិកម្មលើសកម្រិតកំណត់ ពិសេសផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្មដែលអាចជំនួសថ្នាំកសិកម្មជាប់កម្រិតកំណត់ទាប ដើម្បីធានានិរន្តរភាពទីផ្សារអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប។
អគ្គនាយកដ្ឋានកសិកម្ម ក៏បានរៀបចំនូវបញ្ជីប្រភេទថ្នាំកសិកម្មដែលអាចជំនួសថ្នាំកសិកម្មជាប់កម្រិត កំណត់ទាបនិងមានចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដូចមាននៅក្នុង QR Code ភ្ជាប់ជាមួយ សេចក្តីជូនដំណឹងនេះ។ក្រៅពីនេះ អ្នកនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករមុនពេលនាំចេញ ដើម្បីបញ្ចៀសនូវបញ្ហាសំណល់ថ្នាំកសិកម្ម ។បើមានចម្ងល់សូមទាក់ទងមកកាន់នាយកដ្ឋាន ការពារដំណាំ អនាម័យ និងភូតគាមអនាម័យដែលជាសេនាធិការបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និង/ឬ មន្ត្រីកសិកម្មឃុំដែលនៅជិតបំផុត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។
បើតាម របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករប្រមាណ ៦៥ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិដែលគិតជាទឹកប្រាក់មានប្រមាណ ៤៩១លានដុល្លារអាមេរិក។ ក្នុងនោះ ទីផ្សារនាំមុខគេរបស់កម្ពុជា គឺសហភាពអឺរ៉ុបដែលបានទទួលទិញអង្ករខ្មែរក្នុងបរិមាណជាង ៣២ម៉ឺន៧ពាន់តោនដែលគិតជាទឹកប្រាក់មានចំនួន ២៥៣លានដុល្លារ។គេមិនដឹងថាតើការប្រកាសថារកឃើញអង្គរខ្មែរមានសាធារធាតុគីមីល់សកម្រឹតវាជាវិធានការដេលសហគមន៍អឺរ៉ុបដាក់ចេញតាមកាសម្រេចរបស់សភាអឺរ៉ុបស្តីពីការផ្តាច់ប្រពន្ធ័អនុគ្រោះពន្ធកម្ពុជាណោះឬយ៉ាងណាទេ។
កាលពីចុងខែវិច្ឆិកាឆ្នាំ២០២៤សភាអឺរ៉ុបបានអនុមត្ត័បញ្ចប់ការផ្តល់ប្រពន្ធ័អនុគ្រោះពន្ធEBAដែលនៅសល់៨០ភាគរយដោយស្នើឲ្យសហគមន៍អឺរ៉ុបដាក់ចេញវិធានការអនុវត្តន៍ជាក់ស្តេង។សភាអ៉ឺរ៉ុបក៏បានអំពាវនាវឱ្យគណៈកម្មាការអឺរ៉ុប និងរដ្ឋសមាជិកវាយតម្លៃ និងកែប្រែឡើងវិញនូវលក្ខខណ្ឌនៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «ទំនិញគ្រប់មុខលើកលែងតែអាវុធ» ហៅកាត់ជាភាសាអង់គ្លេសថា EBA ដែលនៅសេសសល់ ដល់កម្ពុជា ក្រោមហេតុផលថា រដ្ឋាភិបាលកម្ពុជាមិនបានសហការដោះស្រាយ និងបង្ការការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ទន្ទឹមគ្នាផងដែរ សភាអឺរ៉ុបបានលើកឡើងពីលំហកាន់តែរួមតូចទៅៗរបស់សង្គមស៊ីវិលនៅកម្ពុជា ជាពិសេសករណីអង្គការសង់ត្រាល់ (CENTRAL)។ ក្នុងន័យនេះ សភាអឺរ៉ុបបញ្ជាក់ពីការបញ្ជូនសារច្បាស់មួយថា ការកែលម្អសិទ្ធិមនុស្ស និងការគាំពារសេរីភាពសង្គមស៊ីវិលជាលក្ខខណ្ឌចាំបាច់នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។
ទោះបីយ៉ាងណាក្រៅពីសហគមន៍អឺរ៉ុបប្រទេសអង់គ្លេសដែលចាកចេញពីសហគមន៍អឺរ៉ុបក៏បានបើកទីផ្សារឲ្យកម្ពុជាផងដែរ។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសអំពីការផ្តល់នូវប្រព័ន្ធអនុគ្រោះថ្មី UK’s Developing Countries Trading Scheme(DCTS) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា DCTS ត្រូវបានបង្កើតឡើងជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ (Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធរហូត ដល់៤ខ្ទង់ ទៅ៦ខ្ទង់។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងមកប្រទេស សហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំជាងគេសម្រាប់ការនាំចេញរបស់កម្ពុជា ។ បន្ទាប់មកគឺប្រទេសវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ។ ខណៈចិនគឺជាទីផ្សារធំទី៣ ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕