វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1965 នាក់
ម្សិលមិញ 1811 នាក់
សរុប 15648966 នាក់
ភូមា៖ កាលពីថ្ងៃអង្គារទី២៦វិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ប្រទេសចិន នឹងបន្តជំរុញឱ្យបានសកម្មបំផុតលើកិច្ចចរចាសន្តិភាព និងផ្តល់ការគាំទ្រដល់ដំណើរការសន្តិភាពនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ។
ក្រសួងការបរទេសចិន ប្រកាសបែបនេះ បន្ទាប់ពី “កងទ័ពជនជាតិដើមភាគតិច” ជាផ្នែកមួយនៃសម្ព័ន្ធភាពឧទ្ទាមទ្រង់ទ្រាយធំ ដែលកំពុងប្រយុទ្ធតទល់ជាមួយនឹងទាហានរបបយោធាកំពុងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា «បានប្រកាសពីឆន្ទៈរបស់ខ្លួន ក្នុងការរៀបចំកិច្ចចរចាជាមួយរបបយោធា បន្ទាប់ពីបន្តប្រយុទ្ធគ្នាជាហូរហែ អស់រយៈពេលមួយឆ្នាំ នៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ា-ចិន» ។
សូមបញ្ជាក់ថា កងទ័ពរំដោះជាតិតាអាង (Ta'ang/ TNLA) បានធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួន កាលពីល្ងាចថ្ងៃចន្ទ ស្របពេលប្រទេសចិន ដែលជាអ្នកជិតខាងដ៏មានឥទ្ធិពលរបស់មីយ៉ាន់ម៉ា បានដាក់សម្ពាធលើក្រុមឧទ្ទាម ខណៈកងកម្លាំងយោធា ដែលចិនធ្លាប់មើលឃើញថាជាអ្នករក្សាស្ថិរភាពក្នុងតំបន់ កំពុងតែចុះខ្សោយទៅៗ ។ ការប្រកាសរបស់ចិនបានកើតឡើងស្របពេលដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដាក់សំណើរសុំចេញដិកាចាប់ខ្លួនលោកមីនងុងឡាំងប្រមុខរបរបសឹកមីយ៉ានម៉ា។
ប្រធានរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកKarim Khan នៅថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានស្នើចៅក្រោម ដើម្បីចេញដីកាចាប់ខ្លួន មេដឹកនាំយោធាមីយ៉ាន់ម៉ាលោកមីន អ៊ុងលាំង ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ ការស្នើនេះ ធ្វើឡើងក្រោយពីមានការស៊ើបអង្កេតយ៉ាងទូលំទូលាយ ដោយឯករាជ្យនិងមិនលម្អៀង។ នេះបើតាមការបញ្ជាក់របស់លោក Karim Khanនៅក្នុងសេក្តីថ្លែងការណ៍។
លោក Karim Khanបានគូសបញ្ជាក់ថា សកម្មភាពទាំងនោះរួមបញ្ចូលទាំងឧក្រិដ្ឋកម្មនៃការនិរទេសនិងការធ្វើទុក្ខបុកម្នេញ ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្ត នៅចន្លោះថ្ងៃទី២៥ខែសីហានិងថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧។នេះជាសំណើលើកដំបូងរបស់លោកKarim Khan សម្រាប់ដីកាចាប់ខ្លួន ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់បំផុត របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលពាក់ព័ន្ធទៅនឹងការរំលោភបំពានលើប្រជាជនរ៉ូហ៊ីងយ៉ា។
សូមជម្រាបជូនថា រដ្ឋអាជ្ញា ICCនៅក្នុងឆ្នាំ២០១៩ បានបើកការស៊ើបអង្កេតទៅក្នុងបទឧក្រិដ្ឋដែលសង្ស័យថា បានប្រព្រឹត្តប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhineប្រទេសមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០១៦និង២០១៧ ដែលជំរុញឱ្យមានការភៀសខ្លួន នៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៧៥០,០០០នាក់ទៅជ្រកកោននៅប្រទេសបង់ក្លាដែស។ បច្ចុប្បន្ន មានជនជាតិរ៉ូហ៊ីងយ៉ាប្រហែល១លាននាក់ កំពុងតែរស់នៅក្នុងជំរំដ៏ធំល្វឹងល្វើយ ក្បែរព្រំដែនបង់ក្លាដែស។
ក្រៅពីបញ្ហាខាងលើតាមសារព័ត៌មានថៃ Khaosod English បានដកស្រង់ប្រភពព័ត៌មានពីកងទ័ពរដ្ឋ Shan របស់មីយ៉ាន់ម៉ា ដែលបានផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា តំបន់នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងស្រុក Pai ខេត្ត Mae Hong Son ឥឡូវនេះមានភាពតានតឹងខ្លាំង បន្ទាប់ពីកងទ័ពថៃបានប្រាប់កងកម្លាំង United Wa State Army (UWSA) ក្នុងរដ្ឋ Shan ឱ្យដកថយពី ចំណុចប្រាំពីរដែលថៃទាមទារត្រឹមថ្ងៃទី១៨ខែធ្នូ ប៉ុន្តែត្រូវបាន UWSA ជំទាស់ថាជាកម្មសិទ្ធិរបស់ពួកគេ។
ប្រភពដដែលបានបន្តថា ប្រព័ន្ធកាំភ្លើងធំត្រូវបានភាគីយោធា UWSA ដាក់ក្នុងទីតាំងត្រៀមទប់ទល់នឹងកងទ័ពភូមិន្ទថៃ និងទីតាំងរបស់កងកម្លាំងថៃដែលបានកំណត់អត្តសញ្ញាណ។
តាមរយៈការផ្សាយនោះ ភាគីUWSA ទទូចថាការទាមទាររបស់ភាគីថៃឱ្យដកខ្លួនចេញពីមូលដ្ឋាន Doi Hua Ma មូលដ្ឋាន Nong Luang និងមូលដ្ឋានយោធាចំនួន ៥ផ្សេងទៀតគឺមិនអាចទទួលយកបានទេព្រោះពួកគេមិនមែនជាផ្នែករបស់ប្រទេសថៃ។
ខាងភាគីថៃ យោធាតំបន់៣ មានកាំភ្លើងធំដាក់ឈរជើងនៅជិតតំបន់ ដើម្បីត្រៀមជួយដល់អង្គភាពថ្មើរជើងថៃ។យោងតាមវិទ្យាស្ថានសន្តិភាពអាមេរិក (United States Institute of Peace) កងកម្លាំង UWSA ជាកងកម្លាំងយោធាជនជាតិភាគតិចមីយ៉ាន់ម៉ាដ៏ធំបំផុត ដោយក្រុមប្រដាប់អាវុធនេះបំពាក់គ្រឿងសព្វាវុធទំនើបៗ បានមកពីចិន និងគ្រប់គ្រងនៅតំបន់ត្រីកោណមាស។
កងកម្លាំងនេះមានប្រវត្តិមានទំនាក់ទំនងល្អជាមួយប្រទេសចិន។
សម្រាប់របបយោធាមិយ៉ានម៉ាវិញដើម្បីរកកម្លាំងប្រយុទ្ធក៏បានដាក់ចេញគោលនយោបាយជ្រើសរើទព័ចេញពីប្រភពជនភៀសខ្លួនរូហ៊ីយ៉ាផងដែរជាំថ្នូនិងការប្រគល់សញ្ជាតិមីយ៉ាម៉ាឲ្យ។ជាក់ស្តែង កាលពីខែកក្កដា លោក រ៉ាហ្វីក (Rafiq) ជាបុរសជនជាតិរ៉ូហ៊ីងយ៉ា អាយុ ៣២ឆ្នាំមួយរូប បានសម្រេចចិត្តចាកចេញពីជំរុំជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក នៅឯភាគខាងត្បូងប្រទេសបង់ក្លាដេស្ហ ដោយបានឆ្លងចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយជិះទូកដ៏តូចមួយ។ គោលដៅរបស់លោក គឺដើម្បីចូលរួមនៅក្នុងសង្គ្រាមស៊ីវិល ដែលកំពុងបន្តអូសបន្លាយក្នុងប្រទេសមីយ៉ាន់ម៉ា ជាប្រទេសកំណើត ដែលលោកបានបង្ខំភៀសខ្លួនចេញ កាលពីឆ្នាំ ២០១៧ ។
លោករ៉ាហ្វីក (Rafiq) គឺជាអ្នកបះបោររ៉ូហ៊ីងយ៉ាម្នាក់ ក្នុងចំណោមក្រុមបះបោររ៉ូហ៊ីងយ៉ាជាច្រើនទៀត ដែលផុសចេញពីជំរុំជនភៀសខ្លួននៅតំបន់ឆ្នេរខុកបាហ្សា (Cox's Bazar) ជាទីកន្លែងដែលមានការជ្រើសរើសចូលរួមក្រុមសកម្មប្រយុទ្ធ និងអំពើហិង្សាបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ នេះបើយោងតាមប្រភពចំនួន ៤ ដែលដឹងពីបញ្ហានេះ រួមទាំងទីភ្នាក់ងារជំនួយចំនួន ២ ដែរនោះ បានបញ្ជាក់ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ។
ជនជាតិរ៉ូហ៊ីងយ៉ា ជាក្រុមមូស្លីមដ៏លើសលប់ដែលមិនមានសញ្ជាតិច្បាស់លាស់ បានចាប់ផ្តើមភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ក្នុងចំនួនដ៏ច្រើន កាលពីឆ្នាំ ២០១៦ ដើម្បីគេចចេញពីអ្វីដែលរបាយការណ៍របស់អង្គការសហប្រជាជាតិ (អ.ស.ប) បានហៅថា ជាអំពើប្រល័យពូជសាសន៍ដោយទាហានមីយ៉ាន់ម៉ា ដែលជាអ្នកកាន់សាសនាព្រះពុទ្ធ។ ជាបន្តបន្ទាប់មកទៀត ជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងខ្លាំង ចាប់តាំងពីរបបយោធាធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ២០២១ ដោយមានក្រុមប្រដាប់អាវុធជាច្រើនបានចូលរួម ក្នុងនោះ រួមមានទាំងក្រុមយុទ្ធជនរ៉ូហ៊ីងយ៉ាថែមទៀតផង ។
តាមរយៈរបាយការណ៍ពីទីភ្នាក់ងារផ្តល់ជំនួយ និងការសម្ភាសន៍ជាមួយជនភៀសខ្លួនចំនួន ១៨នាក់ បង្ហាញថា ជនជាតិរ៉ូហ៊ីងយ៉ាចន្លោះពី ៣,០០០ ទៅ ៥,០០០ នាក់ បានក្លាយជាផ្នែកមួយនៃការបះបោរ ដោយអ្នកខ្លះបានចូលរួម ក៏ដោយសារតែ ពួកគេទទួលបានការសន្យាពីយោធាមីយ៉ាន់ម៉ា ដូចជា ការផ្ដល់សញ្ជាតិស្របច្បាប់ និងផ្តល់លុយជាដើម រួមទាំងមានការចូលរួមសហប្រតិបត្តិការពីមន្ត្រីបង់ក្លាដេស្ហមួយចំនួន ជាមួយនឹងការបះបោរនេះ ។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលនេះ ក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ាមួយចំនួន ដូចជាជនភៀសខ្លួនមួយរូបឈ្មោះ អាប៊ូ អាហ្វណា (Abu Afna) បានបញ្ជាក់ថា ខ្លួនទទួលបានផ្ទះសម្បែង និងការផ្គត់ផ្គង់អាវុធ នៅក្នុងតំបន់គ្រប់គ្រងដោយរបបយោធា។ អ្នកប្រយុទ្ធខ្លះ បង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត អំពីការសហការជាមួយយោធា ដែលធ្លាប់ប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងប្រជាជនមូស្លីម ប៉ុន្តែពួកគេ ក៏ទទួលបានការលើកទឹកចិត្តដោយការផ្តល់ជូនអាវុធ ការហ្វឹកហ្វឺន និងប័ណ្ណបញ្ជាក់ពីសញ្ជាតិមីយ៉ាន់ម៉ាស្របច្បាប់ជាដើម ។
គួររម្លឹកថា ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅក្នុងភាពចលាចល ចាប់តាំងពីរបបយោធា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់ ដែលដឹកនាំដោយលោកស្រីអ៊ុងសាន ស៊ូជី (Aung San Suu Kyi) ក្នុងឆ្នាំ ២០២១ ដោយបង្កឱ្យមានចលនាតស៊ូ ដែលចាប់ផ្តើមពីការតវ៉ាដោយសន្តិវិធី រហូតវិវត្តទៅជាការបះបោរប្រដាប់អាវុធជាច្រើន ។ប៉ូលិសបានប្រាប់ AFP នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកានេះថា ជនបរទេសចំនួន ៣៩នាក់ បានរត់គេចខ្លួន ចេញពីទីតាំងប្រព្រឹត្តប្រតិបត្តិការឆបោកតាមអនឡាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឆ្លងព្រំដែនមកកាន់ប្រទេសថៃ ហើយក្រុមមន្ត្រីកំពុងធ្វើការ ដើម្បីកំណត់អត្តសញ្ញាជនទាំងនោះ ដែលអាចជាជនរងគ្រោះ នៃអំពើការជួញដូរខុសច្បាប់។
កន្លែងធ្វើប្រតិបត្តិឆបោកតាមអនឡាញ បាននិងកំពុងរីកដុះដាលនៅតាមព្រំដែនមីយ៉ាន់ម៉ា និងមានបុគ្គលិកជាជនបរទេស ដែលជារឿយៗត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការ។ ពួកគេត្រូវជនរួមជាតិបោកប្រាស់ឱ្យមកធ្វើការ ក្នុងវិស័យខុសច្បាប់មួយ ដែលអ្នកវិភាគនិយាយថា អាចប្រមូលលុយបានរាប់ពាន់លានដុល្លារ។ មេប៉ូលិសក្រុង Mae Sot លោក Pittayakorn Petcharat បានឱ្យដឹងថា ក្រុមមនុស្សមកពីស្រីលង្កា នេប៉ាល់ ម៉ាឡេស៉ី និងរុស្ស៉ី បានចូលមកខេត្ត Tak ប្រទេសថៃ។ ពួកគេរត់ចេញពីទីក្រុង Myawaddy ដោយគ្រាន់តែឆ្លងកាត់ព្រំដែនប៉ុណ្ណោះ។គួរបញ្ជាក់ថា ទីក្រុង Myawaddy របស់មីយ៉ាន់ម៉ាឥលូវនេះ កំពុងគ្រប់គ្រងដោយកងជីវពល ដែលគាំទ្ររបបយោធា ហើយជាបណ្តុំកន្លែងផលិតគ្រឿងញៀន និងបណ្តាញឆបោកអនឡាញ៕