
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 16 នាក់
ម្សិលមិញ 7143 នាក់
សរុប 19259969 នាក់
ភ្នំពេញ៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាកម្ពុជា បានឲ្យដឹងថា ធម្មនុញ្ញសន្តិភាពសកល (ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ)បានក្លាយជាឯកសារសាធារណៈសម្រាប់ផ្ដល់គោលនយោបាយជូនទៅប្រទេសនីមួយៗ តំបន់នីមួយៗ ដើម្បីកសាងសន្តិភាព។លោក សួស យ៉ារ៉ា ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល២ថ្ងៃ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សូមជម្រាបថា ធម្មនុញ្ញសន្តិភាពជាសកលនេះត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗជុំវិញ ពិភពលោក ដើម្បីធ្វើនិម្មាបនកម្មអន្តរជាតិស្ដីពីសន្តិភាព ដោយផ្អែកលើគំរូនៃការចរចាសន្តិភាព និងនយោបាយឈ្នះឈ្នះ ដើម្បីលើកកម្ពស់សន្តិភាព ការផ្សះផ្សាជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការពង្រឹង កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ដែលផ្អែកលើស្មារតីនៃពហុភាគីនិយមប្រកបដោយបរិយាបន្ន និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ពាណិជ្ជកម្មសេរីនិងយុត្តិធម៌ សេរីភាព ការពឹងពាក់គា្នទៅវិញទៅមក វិបុលភាពរួមគ្នា គុណតម្លៃសកល និងសហត្ថិភាពដោយសន្តិវិធី។
តាមសួសយ៉ារ៉ា ធម្មនុញ្ញសន្តិភាពសកល គឺជាក្របខ័ណ្ឌអន្តរជាតិបើកចំហនិងមិនជាប់កាតព្វកិច្ចផ្លូវច្បាប់ ដែលត្រូវ បានបង្កើតឡើងដើម្បីបំពេញបន្ថែមនិងស្របជាមួយនឹងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិដែលទទួលស្គាល់ជាសកលផ្សេងទៀត រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះសេចក្តីប្រកាសទីក្រុង បានឌុង និងសន្ធិសញ្ញាស្ដីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ (TAC) នៅអាស៊ីអាគ្នេយ៍។
យោតាមសេចក្តីប្រកាសពត៍មានធម្មនុញ្ញសន្តិភាព សកលគ្របដណ្តប់លើសសរស្តម្ភសំខាន់ៗចំនួនប្រាំ គឺ៖ ១៖ការបង្ការជម្លោះ, ២៖ដំណើរការកសាងសន្តិភាព និងការផ្ដល់ការសម្របសម្រួល, ៣៖យុត្តិធម៌អន្តរកាល, ៤៖ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយនិងជំនួយមនុស្សធម៌ និង៥៖ សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ សមាជិកភាពនៃធម្មនុញ្ញសន្តិភាពសកល គឺបើកចំហចំពោះ រដ្ឋនិងស្ថាប័នទាំងអស់។
ដោយឡែកលោក ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការព័ត៌មាននិងអាយ ស៊ី ធី នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា IPTP១១ បានលើកឡើងថា ពាក់ព័ន្ធជាមួយការជួបផ្ទាល់ជាមួយតំណាង ប្រតិភូនៃបណ្ដាប្រទេសជាង៥០ គឺពួកគេបានសម្ដែងនូវទឹកចិត្តអបអរសារទរ ចំពោះប្រទេសកម្ពុជា ដែលមានសមត្ថភាពអាចរៀបចំព្រឹត្តិការណ៍អន្ដរជាតិបានសម្រេច ឲ្យមាននូវឯកសារសំខាន់បំផុតជាប្រវត្តិសាស្ត្រនេះ។
លោកថា «ជារួមគឺគណៈប្រតិភូទាំងអស់មានទឹកចិត្តរីករាយ និងកោតសរសើរ អរគុណចំពោះប្រទេសកម្ពុជា ទាំងរាជរដ្ឋាភិបាល និងសភា ព្រមទាំងសម្ដែងនូវការកោតសសើរ ដល់ការទទួលស្វាគមន៍ រាក់ទាក់ និងបដិសណ្ឋាកិច្ច [...]។ នេះជាមោទនភាពរបស់យើង ហើយអ្នកទាំងអស់គ្នាជឿជាក់ថា បទពិសោធន៍ គំរូ វីរៈភាពនៃដំណើរការផ្សះផ្សាជាតិ ដើម្បីបញ្ចប់សង្គ្រាម រកឃើញនូវសន្ដិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ធានាដល់ការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ នេះជាចំណាប់អារម្មណ៍ របស់ថ្នាក់ដឹកនាំប្រតិភូតំណាងឲ្យប្រទេសនានាជាមិត្ត និងជាសមាជិកនៃអង្គការ IPTP»។
លោកទីសុគន្ធបានបញ្ជាក់បន្ថែមថា នេះជាមោទនភាពដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ ប្រទេសកម្ពុជា កាន់តែលេចត្រដែកដូចដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងក្នុងឱកាសបិទថា សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពបានបញ្ចប់ តែយើងបាននិងកំពុងបើកឡើងនូវទំព័រប្រវត្តិសាស្ដ្រថ្មីមួយ ឈានដល់ការអនុវត្តធម្មនុញ្ញសន្ដិភាពសកល ដោយការរួបរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទាំងតួអង្គរដ្ឋ មិនមានរដ្ឋ រដ្ឋាភិបាល សភា ឯកជន និងសង្គមស៊ីវិល។
សូមបញ្ជាក់ថារដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាប្រធានសភាអន្តរជាតិសម្រាប់ការអត់ឱននិងសន្តិភាព (IPTP) បានធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងការអត់ឱន» ដោយមានការចូលរួមពីប្រតិភូចំនួន ២៧៥រូបមកពី ៥៣ប្រទេស។
ថ្នាក់ដឹកនាំសំខាន់ៗមកពីសភា រដ្ឋាភិបាល និងគណៈប្រតិភូអន្តរជាតិ រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱននិងសន្តិភាព (GCTP) លោក សួស យ៉ារ៉ា ប្រធាន IPTP និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូកិត្តិយសដែលជាប្រធានសភា និងអតីតប្រធានសភា សមាជិកសភាប្រមុខរដ្ឋាភិបាល សមាជិករដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការក្នុងតំបន់និងអន្តរជាតិមកពីជុំវិញពិភពលោក។
កិច្ចប្រជុំការិយាល័យ IPTP លើកទី១១ បានពិភាក្សានិងអនុម័តនីតិវិធីនៃកិច្ចប្រជុំ កម្មវិធីនៃកិច្ចប្រជុំពេញអង្គលើកទី១១ នៃ IPTP និងកិច្ចប្រជុំពាក់ព័ន្ធ។ ជាងនេះទៀត គណៈកម្មការ IPTP និង GCTP ក្នុងឱកាស ដ៏ឧត្តុង្គឧត្តមនៃការរៀបចំសម័យប្រជុំពេញអង្គលើកទី ១១ នៃ IPTP បានគោរពប្រគល់ជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានូវ «មេដាយសន្តិភាព៖ សម្រាប់ មនុស្សជាតិនិងភពផែនដី» ដែលជាពានរង្វាន់សន្តិភាពឈានមុខគេដែលមិនធ្លាប់មានរបស់ IPTP/GCTP។
ប្រធាន IPTP បានប្រកាសអំពីការទទួលស្គាល់ភាពជាអ្នកដឹកនាំឆ្នើម និងការលះបង់ពេញមួយជីវិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីសន្តិភាព ការផ្សះផ្សា ស្ថិរភាព វឌ្ឍនភាពសង្គម និងវិបុលភាព តាមរយៈនយោបាយឈ្នះ-ឈ្នះដ៏ជោគជ័យរបស់សម្តេចតេជោ ដែលនឹងក្លាយជាគំរូដ៏ប្រពៃសម្រាប់ការ កសាងសន្តិភាព និងការដោះស្រាយជម្លោះផ្ទៃក្នុង។
លទ្ធផលសំខាន់ៗនៃសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP រួមមាន៖ ១-សេចក្តីប្រកាសទីក្រុង ភ្នំពេញ និង ២-ធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិនិងភពផែនដី។ ចំណុចសំខាន់ៗនៃសេចក្តី ប្រកាសភ្នំពេញនៃសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP គឺការលើកកម្ពស់ការទូតសភា និងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីកសាងសហគមន៍ សកលលោកប្រកបដោយសន្តិភាពនិងវិបុលភាព ដែលជំរុញឱ្យពិភពលោកមានសេរីភាព សន្តិភាព សាមគ្គីភាព និងសុភមង្គល ដោយផ្តោតលើសេចក្តីស្រឡាញ់ មេត្តាករុណា និងការអត់ឱន។ជំរុញកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការកសាងសន្តិភាពនៃអង្គការសហប្រជាជាតិ ដើម្បីបង្រួបបង្រួមសាមគ្គីភាពក្នុងចំណោមបណ្តាញសភា ដើម្បីផ្តួចផ្តើមកម្មវិធីសន្តិភាព រួមទាំងការបង្កើតមូលនិធិកសាងសន្តិភាព ដើម្បីប្រមូលផ្តុំនិងបែងចែកហិរញ្ញប្បទានបានគ្រប់គ្រាន់នឹងមាននិរន្តរភាព និងយន្តការគាំទ្រនានា។