វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 835 នាក់
ម្សិលមិញ 5168 នាក់
សរុប 16012969 នាក់
ភ្នំពេញ៖ ការព្យាករណ៍របស់ Skyscanner Travel Trend 2025 កម្ពុជាមានកំណើនទេសចរខ្ពស់បំផុតនៅឆ្នាំ ២០២៥ ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន ១០ កន្លែង។បើតាមSkyscanner Travel Trend 2025 ក្នុងចំណោមគោលដៅទេសចរទាំង ១០ កន្លែង កម្ពុជាមានកំណើន ៥២០% ។ប្រទេសថៃ មានកំណើន ១៤១% ។ហ្វីលីពីន ១២៥% កូរ៉េខាងត្បូង ១២៣% ប្រទេសហ្វាំងឡង់ ១១៨% ប្រទេសប៉េរូ ១១៣%។ ប្រទេសន័រវែស ១០៧% ប្រទេសកាហ្សាកស្ថាន ៧៧%។ ទីក្រុង Labuan Bajo នៃប្រទេស។ ឥណ្ឌូនេស៊ី ៦៦% និងទីក្រុងហ្សាកាតា ៥៥%។
តែការព្យាករណ៍នេះត្រូវបានលោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៏ទេសចរអង្គរច្រានចោលដោយចាត់ទុលថាតួលេខព្យាករណ៍ខាងលើ ដោយលើកឡើងថា ចំនួនភ្ញៀវទេសចរនៅក្នុងឆ្នាំ ២០២៥ មិនរំពឹងទទួលបានច្រើននោះទេ។លោក ខៀវ ធី មានប្រសាសន៍ថា៖ «ឆ្នាំ ២០២៥ យើងអត់ទាន់មានភ្ញៀវទេ ហើយនៅរដូវកំណើនខ្ពស់( High Season )យើងឆ្នាំនេះ ចាប់ពីខែ ១០ ដល់ខែ ៤ ឆ្នាំក្រោយ យើងមានតែខែ ១១ នេះទេ សម្រាប់មគ្គុទេសក៏ទេសចរណ៍។ អញ្ចឹងការព្យាករណ៍ថា ភ្ញៀវទេសចរឡើងខ្ពស់ជាងថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន គឺអត់មានទេ គាត់ព្យាករណ៍លើកជើងយើងទេ ការកក់សណ្ឋាគារ ផ្ទះសំណាក់ និងសេវាកម្មមគ្គុទេសក៏ទេសចរណ៍មានតែខែ១១»។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ (មករា-កញ្ញា) កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៤,៨០ លាននាក់ ។ករណីយ៍ទេសចរណ៍នេះលោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៍ទេសចរអង្គរកាលពី ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤បាននិយាយថា វិស័យទេសចរណ៍ជាមាសបៃតង បើមានភ្ញៀវទេសចរកាន់តែច្រើន គឺអាចបង្កើតការងារឱ្យមនុស្សទូទៅ មិនចំពោះតែប្រតិបត្តិករទេសចរណ៍ទេ អ្នកប្រកបរបរកសិកម្មក៏ទទួលផលដែរ ដែលោកអះអាងថា ជាវិស័យសំខាន់បម្រើការងារច្រើនដល់ប្រទេសជាតិ។លោក ខៀវ ធី បានឱ្យដឹងថា នៅខែវិច្ឆិកា ខាងមុខនេះ កំណើនភ្ញៀវទេសចរអន្តរជាតិ មកលេងច្រើននៅខេត្តសៀមរាប ដោយមានការកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ពេញអស់ហើយ។
សម្រាប់លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) វិញបានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរនៅកម្ពុជា មិនទាន់មានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅឡើយទេ។នៅខេត្តសៀមរាបទេសចរនៅមានកម្រិត ខណៈតួលេខដែលកើនឡើងភាគច្រើន គឺការឆ្លងកាត់ព្រំដែននៅប្រទេសថៃ និងវៀតណាម ដែលទេសចរចូលមកលេងរយៈពេលខ្លីហើយវិលទៅវិញ។
សូមបញ្ចាក់ថាក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ តុលាដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៧ តុលា ក្រសួងទេសចរណ៍បានប្រតិកម្មលើព័ត៌មានផ្សាយដោយទូរទស្សន៍សាធារណរដ្ឋកូរ៉េ KBS ដែលថា មានពលរដ្ឋកូរ៉េខាងត្បូងត្រូវបានរងការបង្ខាំងឱ្យធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។ ក្រសួងទេសចរណ៍បានចាត់ទុកការផ្សាយព័ត៌មានមួយនេះថា ជាការបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ នៅក្នុងន័យនេះ ក្រសួងទេសចរណ៍បានស្នើឱ្យគ្រប់បណ្តាញសារព័ត៌មានទាំងអស់គោរពក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវកែតម្រូវ និងបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដែលនាំឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងទេសចរណ៍កម្ពុជាបានកៀរគរឱ្យពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ជឿជាក់លើវិធានការ និងចំណាត់ការប្រយុទ្ធប្រឆាំងបទល្មើសនានារបស់រដ្ឋាភិបាល។ សម្រាប់ក្រសួងទេសចរណ៍ កម្ពុជានៅតែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ក្រសួងទេសចរណ៍បានបង្ហាញតួលេខថាក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៤,៤៥លាននាក់ ពោលមានការកើនឡើង ១៣៩,៥% បើធៀបនឹងឆ្នាំ ២០២២។ សម្រាប់រយៈពេល ៩ខែដើមឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៨លាននាក់ ពោលមានការកើនឡើង ២២,២% បើធៀបនឹងឆ្នាំ ២០២៣។
ក្នុងនោះមានទេសចរកូរ៉េខាងត្បូងចំនួន ១៤៤ ២៩៣នាក់ ពោលកើនឡើង ១៤,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ អ្វីជាក្តីសង្ឃឹមរបស់ក្រសួងទេសចរណ៍ គឺការរំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់នៅឆ្នាំ២០២៥ខាងមុខ។ ដោយឡែក និងក្រៅពីក្រសួងទេសចរណ៍ អគ្គស្នងការនគរបាលជាតិក៏បានបញ្ចេញប្រតិកម្មក្នុងថ្ងៃទី២៤ តុលាតបទៅនឹងព័ត៌មានចុះផ្សាយដោយទូរទស្សន៍សាធារណរដ្ឋកូរ៉េ KBS ដែរ។ អគ្គស្នងការនគរបាលជាតិបានបដិសេធយ៉ាងដាច់អហង្ការ និងបានអំពាវនាវឱ្យស្ថានីយ៍ទូរទស្សន៍កូរ៉េ KBS កែសម្រួលការផ្សាយព័ត៌មានរបស់ខ្លួនឡើងវិញ។ ទន្ទឹមនឹងការបដិសេធ អគ្គស្នងការនគរបាលជាតិក៏បានចុះបង្ក្រាបទីតាំងខុសច្បាប់ក្នុងស្រុកកងពិសី ខេត្តកំពង់ស្ពឺដោយបានឃាត់ខ្លួនជនបរទេសជាង ១០០០នាក់ក្នុងថ្ងៃទី២៤ តុលាដដែល។
ទីតាំងដែលសមត្ថកិច្ចកម្ពុជាចុះបង្ក្រាបនោះស្ថិតក្នុងទីតាំងតែមួយដែលទូរទស្សន៍កូរ៉េ KBS បានផ្សព្វផ្សាយ។ គួរជ្រាបថា ទូរទស្សន៍កូរ៉េ KBS បានចុះផ្សាយក្នុងថ្ងៃទី២៣ តុលាថា ទីតាំងខុសច្បាប់ក្នុងខេត្តកំពង់ស្ពឺជាកន្លែងបង្ខាំងមនុស្ស ធ្វើទារុណកម្ម ប្រព្រឹត្តការងារខុសច្បាប់ និងធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញជាដើម។ ទន្ទឹមគ្នានេះ ទូរទស្សន៍កូរ៉េ KBS ក៏បានចោទប្រទេសកម្ពុជាថាជាទីក្រុងឧក្រិដុ្ឋកម្ម ដោយសារតែមានទីតាំងប្រព្រឹត្តសកម្មភាពចាប់បង្ខាំងមនុស្ស ការធ្វើទារុណកម្ម និងមានទីតាំងការងារខុសច្បាប់ច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា៕