
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10334 នាក់
ម្សិលមិញ 11076 នាក់
សរុប 19720810 នាក់
ភ្នំពេញ៖ នៅប្រទេសកម្ពុជា ជំងឺមហារីក បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដែលក្លាយជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ កត្តាសំខាន់ៗដែលរួមចំណែកដល់ការកើនឡើងនេះ រួមមាន ការផ្លាស់ប្ដូររបៀបរស់នៅ ភាពចាស់ជរា និងការធ្វើឱ្យប្រសើរឡើងនៃការរកឃើញ និងការរាយការណ៍អំពីជំងឺមហារីក។
នេះបើតាមការវាយតម្លៃរបស់លោកង៉ូវកាងរដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងឱកាសដែលលោក បានអញ្ជើញបើក"សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធ នឹងជំងឺមហារីក ២០២៥-២០៣០ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩៧៩៥ នាក់ ហើយ ១០៦២៤ករណី ជាស្ត្រី។ ក្នុងនោះជំងឺមហារីកថ្លើម ដើរតួចម្បងជាងគេក្នុងចំណោមមហារីកទាំងអស់ ដែលកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។
លោក ង៉ូវ កាង ថ្លែងថា ជំងឺមហារីក បាននឹងកំពុងកើនឡើង និងក្លាយជាឃាតករលាក់មុខ ដែលបានសម្លាប់ មនុស្សប្រមាណ ៩,៧ លាននាក់ទូទាំងសកលលោក។ នេះបើផ្អែកទៅរបាយការណ៍របស់អង្គការសុខភាពពិភពលោក ឆ្នាំ២០២២។សម្រាប់កម្ពុជាលោករដ្ឋលេខាធិការង៉ូវកាង បានបន្ថែមថា ក្រៅពីមរណះភាព ជំងឺមហារីក មានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ទៅលើសុខភាពផ្លូវ កាយ អារម្មណ៍ និងសង្គម។
ក្រៅពីការឈឺចាប់ និងអស់កម្លាំង រួមជាមួយនឹងផលប៉ះពាល់ នៃការព្យាបាលដូចជាចង្អោរ និងភាពស៊ាំចុះខ្សោយ អ្នកជំងឺប្រឈមមុខនឹងការថប់អារម្មណ៍ បាក់ទឹកចិត្ត និងការភ័យខ្លាចនៃការកើតឡើងវិញ ដែលជារឿយៗនិងមានអារម្មណ៍ឯកោពីមិត្តភក្តិ និងក្រុមគ្រួសារ។ នៅក្នុងសង្គម ទំនាក់ទំនងអាចកាន់តែតានតឹង ហើយបន្ទុកផ្នែក ហិរញ្ញវត្ថុនៃការព្យាបាលជាទម្ងន់មួយដ៏ធំសម្រាប់បុគ្គលផ្ទាល់ និងក្រុមគ្រួសារ។
លោក ង៉ូវ កាង ថា មហារីកអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពជីវិតរបស់មនុស្ស ដោយកំណត់សកម្មភាពប្រចាំថ្ងៃ និងអាចនាំឱ្យមានបញ្ហាសុខភាពរយៈពេលវែង។ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះគឺត្រូវបានចាត់ទុកជាអាទិភាពមួយដែលមិនអាចខ្វះបានដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល និង ផែនការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានគោលដៅប្រែក្លាយកម្ពុជាឲ្យ ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមដំណាច់ឆ្នាំ២០៣០។
កន្លងមក ក្រសួងសុខាភិបាល ជាពិសេសនាយកដ្ឋានការពារសុខភាព ដោយមាន ការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា បានខិតខំប្រឹងប្រែងរៀបចំគោលនយោបាយ ពង្រឹង និង ពង្រីកសេវាការពារ និងស្រាវជ្រាវស្វែងរកករណីជំងឺបហារីកនៅតាមមណ្ឌលសុខភាព សេវា ថែទាំ និងព្យាបាលជំងឺមហារីកនៅមន្ទីពេទ្យថ្នាក់ជាតិមួយចំនួន។ តែលទ្ធផលសម្រេចបាន ហាក់មិនទាន់ឆ្លើយតបគ្រប់គ្រាន់តាមតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយ។ ដូច្នេះត្រូវខិតខំបន្ថែមទៀតដើម្បីបំពេញចន្លោះខ្វះខាត។
ការបង្កើតនូវផែនការ ជាតិប្រយុទ្ធនឹងជំងឺមហារីកនេះ មានសារសំខាន់ណាស់សម្រាប់ជួយតម្រង់ទិស និងកៀរគរ ធនធាន និងការចូលរួមពីគ្រប់វិស័យ និងគ្រប់ភាគីទាំងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍ ព្រមទាំងប្រជាពលរដ្ឋផងដែរ ដើម្បីរួមកម្លាំងគ្នាជាធ្លុងមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា ក្នុងចំណោមករណីស្លាប់ទាំងអស់មាន ៦០% បណ្តាលមកពីជំងឺមិនឆ្លងបួនប្រភេទ ដែលក្នុងនោះ មានជំងឺមហារីកដែរ ។ ដោយតាមការប៉ាន់ស្មានជារៀងរាល់ឆ្នាំ មានអ្នកស្លាប់បណ្ដាលមកពីជំងឺមហារីកប្រហែល ដប់លាននាក់ ក្នុងនោះ ៧៥% នៅប្រទេសមានចំណូលទាប និងមធ្យម។
នៅប្រទេសកម្ពុជា ជំងឺ មិនឆ្លង កំពុងតែកើនឡើង ដែលជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយ។ ជំងឺមិនឆ្លង សម្លាប់ប្រជាជនកម្ពុជាជិត ៦០០០០ នាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង៦៤% នៃករណីស្លាប់ទាំងអស់ ក្នុងឆ្នាំ ២០១៨ ដែលក្នុងនោះ ជំងឺមហារីកជាមួលហេតុនៃការស្លាប់ ១៤% ។