វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1366 នាក់
ម្សិលមិញ 5744 នាក់
សរុប 16654942 នាក់
ហ្វីលីពីន៖ រហូតមកដល់ពេលនេះ តួលេខអ្នកស្លាប់ និងបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយព្យុះត្រូពិច Trami នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ជិត ១៣០ នាក់ហើយ!.។ទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បានឱ្យដឹងថា ព្យុះ Trami បានបោកបក់ចេញពីភាគពាយ័ព្យប្រទេសហ្វីលីពីនកាលពីថ្ងៃសុក្រ ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨៥ នាក់ស្លាប់ និង ៤១ នាក់ផ្សេងទៀតបាត់ខ្លួន ដោយសារតែឥទ្ធិពលព្យុះដ៏អាក្រក់បំផុត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ រហូតមកទល់ពេលនេះ ហើយគេរំពឹងថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង ។
លោកប្រធានាធិបតីហ្វែឌីណង់ម៉ាកុស( Ferdinand Marcos )ដែលបានទៅត្រួតពិនិត្យតំបន់រងគ្រោះកាលពីថ្ងៃសៅរ៍ បានលើកឡើងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ បរិមាណទឹកភ្លៀងស្មើនឹងកម្រិតធម្មតាក្នុងចន្លោះពី ១ ទៅ ២ខែឯណោះ ។ លោកមានប្រសាសន៍ជាបន្តថា «យើងមិនទាន់បានបញ្ចប់ការងារសង្គ្រោះនៅឡើយទេ ព្រោះនៅមានតំបន់ជាច្រើននៅតែលិចលង់ ហើយក្រុមសង្គ្រោះមិនអាចចូលទៅដល់» ។ទន្ទឹមនឹងនេះ លោក Marcos បានបញ្ជាក់ផងដែរថា រដ្ឋបាលរបស់លោក គ្រោងនឹងចាប់ផ្តើមការងារលើគម្រោងគ្រប់គ្រងទឹកជំនន់ដ៏សំខាន់មួយ ដើម្បីអាចឆ្លើយតបនឹងការគំរាមកំហែងបង្កដោយបម្រែបម្រួលអាកាសធាតុ ដែលមិនធ្លាប់មានពីមុនមក ។
កាលពីថ្ងៃសុក្រ រដ្ឋាភិបាលហ្វីលីពីន បានបិទសាលារៀន និងការិយាល័យរដ្ឋ ដើម្បីរក្សាសុវត្ថិភាពមនុស្សរាប់លាននាក់នៅលើកោះ Luzon ជាតំបន់ដ៏សំខាន់ស្ថិតនៅភាគខាងជើងប្រទេស ស្របពេលប្រតិបត្តិករសាឡាងអន្តរកោះ ក៏ត្រូវបានផ្អាកផងដែរ ធ្វើឱ្យមនុស្សជាច្រើនពាន់នាក់ត្រូវជាប់គាំង ។គួររម្លឹកថា ព្យុះធំៗ និងព្យុះទីហ្វុងប្រហែល ២០ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ជុំវិញឆ្នេរសមុទ្រជារៀងរាល់ឆ្នាំ ដោយបានបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លាប់មនុស្សរាប់សិបនាក់។ យោងតាមការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ព្យុះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្កើតចេញជាទម្រង់ព្យុះនៅជិតឆ្នេរសមុទ្រជាងពីមុន និងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដោយអូសបន្លាយបោកបក់នៅលើដីក្នុងរយៈកាន់តែយូរ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ។
នៅក្នុងកំណត់ត្រាឆ្នាំ ២០១៣ ព្យុះទីហ្វុងហៃយ៉ាន (Haiyan) ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏ខ្លាំងបំផុតមួយ បានធ្វើឱ្យមនុស្សជាង ៧,៣០០ នាក់ស្លាប់ ឬបាត់ខ្លួន និងបានបំផ្លិចបំផ្លាញភូមិស្រុកជាច្រើនឱ្យរាបស្មើ ៕ប្រភព៖ AP