
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8305 នាក់
ម្សិលមិញ 7482 នាក់
សរុប 18545286 នាក់
ប្រទេសរុស្ស៊ី៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន រៀបចំកិច្ចប្រជុំកំពូលនៃអង្គការអន្តររដ្ឋាភិបាលប្រ៊ីកស៍ (BRICS) នាថ្ងៃទី ២២-២៤ តុលា ខាងមុខ ដោយលោកនឹងទទួលស្វាគមន៍ក្រុមមេដឹកនាំនៃប្រទេសសមាជិកដែលរួមមាន ប្រេស៊ីល ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។កិច្ចប្រជុំនៅទីក្រុង Kazan នៃប្រទេសរុស្ស៊ីនឹងមានអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក Antonio Guterresនឹងទៅចូលរួមកិច្ចប្រជុំកំពូល BRICS ខណៈដែលអ៊ុយក្រែនបានរិះគន់ចំពោះការសម្រេចចិត្តនេះ។
តាមព័ត៌មានរ៉យទ័រ ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា ប្រមុខអង្គការសហប្រជាជាតិបានព្រមទទួលការអញ្ជើញរបស់លោក ពូទីន ប៉ុន្តែលោកមិនបានចូលរួមប្រជុំផ្ទាល់ ពេលដែលអ៊ុយក្រែន រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាពទេ។ក្រសួងការបរទេសអ៊ុយក្រែន លើកឡើងនៅលើបណ្តាញសង្គម X ថា៖«ប្រមុខ UN បានបដិសេធ ហើយចាត់តែអ្នកតំណាង ឱ្យចូលកិច្ចប្រជុំស្តីពីសន្តិភាពអ៊ុយក្រែន ដែលរៀបចំកាលពីលើកដំបូង នៅក្នុងប្រទេសស្វីស។ ប៉ុន្តែ លោកបែរជាទទួលយកការអញ្ជើញ ទៅកាន់ទីក្រុង Kazan ពីសំណាក់លោក ពូទីន។ នេះគឺជាជម្រើសខុសឆ្គង ដែលមិនជំរុញបុព្វហេតុសន្តិភាព។ វាអាចត្រឹមតែធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ UN ប៉ុណ្ណោះ»។តាមការបញ្ជាក់ពីលោក Yury Ushakov ដែលជាជំនួយការលោក ពូទីន, ប្រធានាធិបតីតួកគី Recep Tayyip Erdogan ដែលជាសមជិកណាំតូនិងអឺរ៉ុបក៏បានទទួលយកការអញ្ជើញរបស់វិមានក្រឹមឡាំង ផងដែរ។
សូមបញ្ជាក់ថា៖ខណៈកិច្ចប្រជុំខិតកាន់តែជិតមកដល់ មានសេចក្ដីរាយការណ៍ថា រុស្ស៊ីនឹងព្យាយាមបញ្ចុះបញ្ចូលឱ្យប្រទេសសមាជិក BRICS ចូលរួមជាមួយគ្នាក្នុងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុសកលថ្មី ដើម្បីបន្សាំខ្លួនទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ក៏ដូចជាទប់ទល់ទៅនឹងឥទ្ធិពលដ៏វាតទីរបស់ប្រាក់ដុល្លារអាមេរិក លើពាណិជ្ជកម្មសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។យោងតាមឯកសារដែលរៀបចំដោយក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរុស្ស៊ី ដែលត្រូវបានចែកចាយទៅឱ្យអ្នកសារព័ត៌មានមុនកិច្ចប្រជុំ ការបង្កើតឱ្យមានប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនសម្រាប់ប្លុក BRICS នឹងក្លាយជាស្នូលនៃផែនការ ដែលរុស្ស៊ីនឹងស្នើឡើង។
ប្រព័ន្ធទូទាត់ថ្មី ដែលត្រូវប្រើរូបិយប័ណ្ណរបស់បណ្ដាប្រជាជាតិ BRICS នោះ នឹងរួមបញ្ចូលប្រព័ន្ធផ្ញើសារថ្មី និងបណ្តាញធនាគារពាណិជ្ជជាតិ ដែលភ្ជាប់គ្នាទៅវិញទៅមកតាមរយៈធនាគារកណ្តាលរបស់ប្រទេស BRICS ដោយមិនចាំបាច់ត្រូវការដូររូបិយប័ណ្ណក្នុងស្រុករបស់ពួកគេទៅប្រាក់ដុល្លារអាមេរិកនោះទេ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថា ប្រព័ន្ធដដែល នឹងប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដើម្បីរក្សាទុក និងផ្ទេរថូកខិនឌីជីថលផ្អែកលើរូបិយប័ណ្ណជាតិនីមួយៗ។ ការណ៍នេះនឹងអនុញ្ញាតឱ្យរូបិយប័ណ្ណទាំងនោះ អាចដោះដូរបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព ដែលមិនចាំបាច់ឆ្លងកាត់តម្រូវការប្រតិបត្តិការប្រាក់ដុល្លារនោះទេ។ គោលបំណងមួយក្នុងនោះ គឺការរក្សាលំហូរពាណិជ្ជកម្មរវាងប្រទេសសមាជិកឱ្យដំណើរការដោយរលូន បើទោះបីជាសមាជិកមួយ ឬច្រើន រងការបដិសេធមិនឱ្យចូលប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិក៏ដោយ។
នាពេលកន្លងមក រុស្ស៊ីតែងតែទទូចលើការកែប្រែដំណើរការហិរញ្ញវត្ថុសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលពឹងផ្អែកលើ ប្រាក់ដុល្លារ ដោយធ្វើឱ្យការពិភាក្សាលើបដិដុល្លារូបនីយកម្មក្នុងប្លុក ក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍នាពេលកន្លងមក ។ រុស្ស៊ី ក៏ដូចជាសម្ព័ន្ធមិត្តចិន តែងតែចាត់ទុក BRICS ដែលផ្ដុំទៅដោយប្រទេសទីផ្សារកំពុងរីកចម្រើន ថាជា ប្រព័ន្ធកម្លាំងទប់ទឹងនឹងអំណាចនយោបាយ និងពាណិជ្ជកម្មរបស់លោកខាងលិច។ស្ថាប័ន លោកខាងលិចដែលមានស្រាប់គ្រប់គ្រងដោយសហរដ្ឋអាមេរិក តួយ៉ាងដូចជា G7 ធនាគារពិភពលោក និងក្រុមប្រឹក្សាសន្តិសុខ UN ជាដើម។
រហូតមកទល់ពេលនេះ លោកខាងលិច រួមមានសហរដ្ឋអាមេរិក នៅតែបន្តដាក់ទណ្ឌកម្មលើធនាគារ ក្រុមហ៊ុន និងបុគ្គលរុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែនទូទាំងប្រទេសចាប់តាំងពីចុងខែកុម្ភៈឆ្នាំ២០២២ ហើយក៏បានចាត់វិធានការលើក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធ ដែលមានទំនាក់ទំនងជាមួយអង្គភាព ឬបុគ្គលរុស្ស៊ី ដែលជាប់ទណ្ឌកម្មផងដែរ។ ក្រៅពីនេះ ទណ្ឌកម្មក៏ហាមឃាត់មិនឱ្យរុស្ស៊ី ចូលប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT បានផងដែរ។អ្នកវិភាគលើកឡើងថា ការបង្កើតប្រព័ន្ធទូទាត់ហិរញ្ញវត្ថុក្នុងប្លុក BRICS អាចធ្វើទៅបាន ប៉ុន្តែវាត្រូវការរយៈពេលយូរ។ យ៉ាងណាមិញ វាអាចនឹងកាន់តែលំបាកនៅពេលប្លុកពង្រីកខ្លួនកាន់តែធំ ដោយមានប្រទេសកាន់តែច្រើនចូលរួម។
គួរបញ្ជាក់ថា ក្រៅតែពីប្រព័ន្ធទូទាត់ឆ្លងដែន រុស្ស៊ីក៏គ្រោងនឹងស្នើផងដែរ លើការបង្កើតក្រុមហ៊ុនធានារ៉ាប់រងបន្ត BRICS ដើម្បីកុំឱ្យមានការរំខានលើការដឹកជញ្ជូនទំនិញរវាងសមាជិក និងសមាជិក ក្នុងករណីដែលក្រុមហ៊ុនធានារ៉ាប់រងបន្តរបស់លោកខាងលិច បដិសេធមិនផ្តល់សេវាកម្មដល់ពួកគេ។ ក្រៅពីនេះ ក៏មានសំណើរលើការបង្កើតស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ជំនួសឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរ ដើម្បីជួយដល់ប្រទេសជាសមាជិកពេលជួបវិបត្តិសេដ្ឋកិច្ច និងបង្កើតវេទិកាពាណិជ្ជកម្មសម្រាប់គ្រាប់ធញ្ញជាតិ និងទំនិញសំខាន់ៗផ្សេងទៀត ដោយមានភ្នាក់ងារកំណត់តម្លៃពាក់ព័ន្ធផ្តល់ទិន្នន័យតម្លៃ និងការវិភាគទីផ្សារដោយខ្លួនឯង។
ជុំវិញសំណើនេះ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថា តាមពិតទៅអាជ្ញាធរ ទីក្រុងអង់ការ៉ា ទួគីបានរៀបចំឯកសារដាក់ពាក្យចូល BRICS តាំងតែពីប៉ុន្មានខែមុនមកម្ល៉េះ ព្រោះតែខ្លួនមិនពេញចិត្តនិងប្រេះឆាជាមួយសមាជិកមួយចំនួនរបស់អង្គការណាតូ ហើយការដាក់ពាក្យនេះទៀតសោត ធ្វើឲ្យតួកគី ក្លាយជារដ្ឋណាតូដំបូងគេ ដែលស្វែងរកសមាជិកភាពនៅក្នុងអង្គការ BRICS។
BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន រីឯអាហ្វ្រិកខាងត្បូងបានចូលរួមនៅឆ្នាំ២០១១។ មកដល់ឆ្នាំ២០២៤នេះ អង្គការ BRICS បានពង្រីកខ្លួនកាន់តែធំ នៅពេលអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម បានក្លាយជាសមាជិកពេញសិទ្ធ ហើយរុស្ស៊ីអះអាងថា នៅមានប្រទេសជាង៣០ទៀត ដែលបានដាក់ពាក្យសុំចូលរួមជាផ្លូវការហើយ។
យ៉ាងណា សហភាពអឺរ៉ុប (EU) មិនសប្បាយចិត្តចំពោះទង្វើរបស់តួកគីឡើយ ដោយអ្នកនាំពាក្យលោក Peter Stano បាននិយាយក្នុងសន្និសីទកាសែតនៅទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារថា ត្បិតជាបេក្ខជនសុំចូល EU ក៏ដោយ ប៉ុន្តែទីក្រុងអង់ការ៉ា គួរតែគោរពតម្លៃនិងគោលនយោបាយអឺរ៉ុបដែរ។
សូមបញ្ជាក់ថា តួកគី ត្រូវបានប្រកាសជាប្រទេសបេក្ខភាព EU ក្នុងឆ្នាំ១៩៩៩ ហើយស្ថិតក្នុងការចរចាចូលប្លុកនេះជាផ្លូវការចាប់តាំងពីឆ្នាំ២០០៥មកម្ល៉េះ ប៉ុន្តែសភាអឺរ៉ុប បានផ្អាកកិច្ចពិភាក្សាអំពីសមាជិកភាពតួកគីក្នុងឆ្នាំ២០១៩ ជុំវិញការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។
ក្រុមប្រទេស BRICS បានព្យាយាមកាត់បន្ថយអនុត្តរភាពនៃលុយដុល្លារអាមេរិក នៅក្នុងពាណិជ្ជកម្មអន្តរជាតិអស់រយៈពេលជាមួយទសវត្សរ៍មកហើយ តាមរយៈការបង្កើនការប្រើប្រាស់រូបិយបណ្ណរបស់ ពួកគេ សម្រាប់ការធ្វើពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺលុយយ័នរបស់ចិនតែម្ដង។ ជាងនេះទៅទៀត ក៏មានផងដែរការជំរុញឱ្យបង្កើតរូបិយបណ្ណ BRICS ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពី ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva។ ចំណែក រូបិយបណ្ណដទៃទៀតត្រូវបានលើកឡើងនៅឯកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២៣ រួមមានការបង្កើតរូបបិយបណ្ណគ្រីបតូថ្មីមួយ (cryptocurrency) ឬក៏ប្រើប្រាស់រូបិយបណ្ណរួមរបស់ BRICS។
ប៉ុន្តែ ក្រុមអ្នកវិភាគលោកខាងលិចខ្លះនៅតែមានការសង្ស័យដោយពួកគេនិយាយថាមហិច្ឆតារបស់ BRICS គឺស្ថិតនៅលើផ្លូវវែងអន្លាយ នៅឡើយ។ ក៏ព្រោះថារូបិយបណ្ណណាមួយរបស់ BRICS នឹងតម្រូវឱ្យមានសម្បទាននយោបាយដ៏ធំ ក្នុងនោះរួមមានការបង្កើតធនាគាររួមមួយ សារពើពន្ធរួម និងការធ្វើសមហរណកម្មម៉ាក្រូសេដ្ឋកិច្ច។ នៅទីនេះ លុយដុល្លារអាមេរិក បានឈរជើងជារូបិយបណ្ណបម្រុងស្នូលរបស់ពិភពលោកជាយូរមកហើយ ពោលលុយដុល្លារអាមេរិកនៅត្រូវតែប្រើប្រាស់ក្នុងពាណិជ្ជកម្មពិភពលោកជាង៨០ភាគរយ ហើយក្រុមអ្នកជំនាញជាច្រើនក៏មានការសង្ស័យដែរថាតើរូបិយបណ្ណរបស់ BRICS អាចនឹងមានស្ថិរភាព ឬទទួលបានការជឿទុកចិត្តយ៉ាងទូលំទូលាយសម្រាប់ពាណិជ្ជកម្មសកលលោក ដែរឬក៏យ៉ាងណា?៕