
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1976 នាក់
ម្សិលមិញ 10668 នាក់
សរុប 20283991 នាក់
ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញមកបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា មិនដែលចូលដៃចូលជើងជាមួយជនណាម្នាក់នៅជិតសម្តេច ដែលបានប្រព្រឹត្តអំពើទុច្ចរិត យកឥទ្ធិពលថ្នាក់ដឹកនាំ ទៅបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញ បានទម្លាយពីករណីឆបោកជាច្រើនករណីរបស់ លោក លី សាម៉េត ហៅគ្រូមា ព្រមទាំងស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ បង្កកទ្រព្យសម្បត្តិរបស់លោក លី សាម៉េត។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នករងការចាញ់បោក លោក លី សាម៉េត ទាំងអស់ដាក់ពាក្យបណ្តឹង ដោយក្រុមមេធាវីរបស់សម្តេចមានលោក គី តិច ជាប្រធាន រង់ចាំពាក្យបណ្តឹងទាំងនោះផងដែរ។
តាមរយៈសារសំឡេង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំសូមនិយាយអំពីបញ្ហាពាក់ព័ន្ធអ្នកដែលនៅជិតដិតជាមួយថ្នាក់ដឹកនាំ ករណីដែលសម្តេចផ្សព្វផ្សាយជាសាធារណៈ សបញ្ជាក់ឱ្យឃើញថាថ្នាក់ដឹកនាំ មិនបានចូលដៃចូលជើងជាមួយជនដែលនៅអែបអប ជិតសម្តេច ហើយបានប្រព្រឹត្តអំពើទុច្ចរិតនានា ហើយមានយកឥទ្ធិពល និងអំណាចរបស់ថ្នាក់ដឹកនាំទៅអួតអាង កាងការងារ ហើយទៅបោកប្រាស់ បងប្អូនមួយចំនួនបានចេញជាលទ្ធផលហើយ ត្រូវទទួលបានការព្រមានយ៉ាងធ្ងន់ធ្ងររបស់ថ្នាក់ដឹកនាំ»។
លោក សុខ ឥសាន បានគូសបញ្ជាក់ថា ការសម្រេចចិត្តដាក់ទណ្ឌកម្មចំពោះមន្ត្រីខិលខូច គឺជាមេរៀន ដើម្បីបញ្ជាក់ថា មន្ត្រីដែលនៅជិតដិតជាមួយថ្នាក់ដឹកនាំ មិនមែនចេះតែប្រព្រឹត្តទង្វើអ្វីបានតាមអំពើចិត្តនោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញអ្នកដែលនៅជិតដិតជាមួយថ្នាក់ដឹកនាំ ត្រូវកាន់តែពង្រឹងគោលជំហរ ហើយត្រូវមានវិន័យតឹងរឹងជាងគេ ជាងឯងទៅទៀត ដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ ជូនថ្នាក់ដឹកនាំ។
«ប្រសិនបើយកឥទ្ធិពល យកអំណាចរបស់ថ្នាក់ដឹកនាំ ទៅបោកប្រាស់គេនៅបានវាគ្រាន់ ប៉ុន្តែ នៅពេលថ្នាក់ដឹកនាំទាន់វាគ្រែអីចឹង នេះគ្រាន់ជាបញ្ហាមួយបង្កក់ទ្រព្យសម្បត្តិ ហ្នឹងជាការយោគយល់របស់ថ្នាក់ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ទៅហើយ»។ នេះជាការលើកឡើងបន្ថែមរបស់លោក សុខ ឥសាន។
លោក សុខ ឥសាន បានបន្ថែមថា ចំពោះករណីនេះ ក៏ជាមេរៀនដល់អ្នកផ្សេងទៀត ដែលនៅជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ ហើយត្រូវបានថ្នាក់ដឹកនាំប្រគល់សេចក្តីទុកចិត្ត ប៉ុន្តែ បែរជាយកការទុកចិត្តរបស់ថ្នាក់ដឹកនាំ ឆ្លៀតកេងប្រវ័ញ្ចដើម្បីផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួននោះទេ។ទោះបីយ៉ាងណាមកដល់ពេលនេះមិនទាន់ឃើញថាសមត្តកិច្ចនឹងចាត់វិធានការបែបណាជាមួយលោកលីសាម៉េតហៅគ្រូមានោះនៅឡើយទេក្រៅពីមានរូបភាពថាមានសមត្តកិច្ចទៅឈរពទ័ផ្ទះលោកលីសាម៉េត។
ដោយឡែកសម្រាប់លោកកនសុខកាយដែលត្រូវចាញ់បោកលោកលីសាម៉េតអស់៣០ម៉ឺនដុល្លាររឿងរត់ការធ្វើអភិបាលក្រុងអរិយក្សត្រក៏ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។
បើតាមអនុក្រឹត្យនៅរសៀលថ្ងៃទី៨ ខែតុលានេះ សម្តេចបវរធិបតី បានសម្រេច ត្រូវបានបញ្ចប់មុខតំណែងលោក កន សុខកាយ ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៕