
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5060 នាក់
ម្សិលមិញ 5667 នាក់
សរុប 18744086 នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ដែលជាថ្ងៃខួប៣១ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ទូលថ្វាយដោយ លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញរួច, ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា កាលពីឆ្នាំ២០២៣ កន្លងទៅ ព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធខួបអបអរសាទរ៣០ឆ្នាំ នៃការប្រកាសដាក់ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ហើយនៅថ្ងៃនេះត្រូវជាខួប៣១ឆ្នាំ ដែលប្រជាជាតិកម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានរដ្ឋធម្មនុញ្ញ ដែលជាការបង្ហាញឲ្យឃើញថាប្រជាជាតិខ្មែរមានឆន្ទៈ គោរពការពារលើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិយើង។
ព្រះមហាក្សត្រ មានព្រះរាជបណ្ទូលបន្តថា ជាការពិតដែលមិនអាចប្រកែកបាន ក្នុងរយៈពេលជាង៣០ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពនិងឯកភាពជាតិ អាស្រ័យដែលមាននយោបាយឈ្នះឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ប្រកបដោយភាពប៉ិនប្រសព្វដ៏ឈ្លាសវៃនិងឆ្នើម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានធ្វើឲ្យសម្រេចនូវសមិទ្ធផលដ៏ធំធេង ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដី បានធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើនលូតលាស់ ដូចពេលបច្ចុប្បន្ន។
សមិទ្ធផលធម្មនុញ្ញដ៏ឧត្តុងឧត្តមនេះ ជាមរតករបស់ជាតិដែលកំពុងត្រូវបានថែរក្សា និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឲ្យប្រជាជាតិបន្តការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូល អំពាវនាវដល់ បងប្អូនជនរួមជាតិទាំងអស់ត្រូវរួមគ្នាថែរក្សា ការពារនូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ឲ្យបានស្ថិតស្ថេរ ជារៀងរហូតតរៀងទៅ។
សូមជម្រាបថា ថ្ងៃនេះជាខួប៣១ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាសមិទ្ធផលនៃការចរចារវាងឥស្សរជននយោបាយខ្មែរទាំងពីររូប គឺព្រះករុណាព្រះបាទសម្ដេច នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេច ហ៊ុន សែន (កាលណោះជាសមមិត្ត ហ៊ុន សែន) កម្ពុជាបានស្គាល់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ជាលើកដំបូង ក្រោយសង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍។ការបោះឆ្នោតនីតិកាលទី១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយសភាធម្មនុញ្ញមួយ បានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចការដំបូងនៃសភាធម្មនុញ្ញនាពេលនោះ គឺការអនុម័តបង្កើត «គណៈកម្មាធិការអចិន្ត្រៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញ» នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣។
បន្ទាប់ពីតាក់តែងរួច រដ្ឋធម្មនុញ្ញថ្មីនេះត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ នាសម័យប្រជុំលើកទី២ និងត្រូវបានព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញទី៦ ចាប់តាំងពីប្រទេសកម្ពុជា បានទទួលយកប្រព័ន្ធដឹកនាំរដ្ឋបែបទំនើបតាមបែបបស្ចិមលោក ដោយបានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញទំនើបលើកដំបូងក្នុងឆ្នាំ១៩៤៧ ដែលមានគុណតម្លៃគ្រឹះនៃធម្មនុញ្ញនិយម រួមមាន (១) ប្រជាធិបតេយ្យ (២) សិទ្ធិមនុស្ស (៣) ការបែងចែកអំណាច និង (៤) នីតិរដ្ឋ ត្រូវបានយកមកផ្សាំជាមួយសង្គមខ្មែរចាប់តាំងពីពេលនោះមក។ ប៉ុន្តែការអនុវត្តគុណតម្លៃទាំងនោះ ពុំមានស្ថិរភាពជាប់បានយូរអង្វែងទេ អាស្រ័យដោយប្រទេសកម្ពុជាពើបប្រទះនឹងវិបត្តិនៃការដូររបបនយោបាយជាច្រើនលើកច្រើនគ្រា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មាន១៦ជំពូក និង១៥៨មាត្រា។
បើតាមឯកឧត្តមអ៊ឹមឈុនលឹម៖វិមានរដ្ឋធម្មនុញ្ញ គឺជានិមិត្តរូបនៃគុណតម្លៃធម្មនុញ្ញទំនើប ផ្សារភ្ជាប់ជាមួយវប្បធម៌ គឺជាសាសនា ប្រពៃណីទំនៀមទម្លាប់ល្អនៃដួងព្រលឹងជាតិខ្មែរ ធ្វើឲ្យវិមានដ៏ពិសិដ្ឋនៅលើទីឧទ្យាន ខាងលិចវិមានឯករាជ្យ នឹងក្លាយជាមជ្ឈមណ្ឌលជួបជុំនៃប្រជាពលរដ្ឋ ជនានុជនទាំងឡាយ គ្រប់និន្នាការនយោបាយ ដែលនឹងមកទស្សនា សិក្សាស្រាវជ្រាវ បានយល់ដឹងអំពីអត្ថន័យខ្លឹម សារនៃរដ្ឋធម្មនុញ្ញ និងអត្ថន័យនៃវិមានរដ្ឋធម្មនុញ្ញ នឹងពិតជាបានលើកកម្ពស់មនសិការ ឯកភាពជាតិ និងស្នេហាជាតិ ដែលនេះគឺជាស្មារតីដ៏ថ្លៃថ្លាដូចបានឆ្លុះបញ្ចាំងនៅក្នុងបុព្វកថានៃ រដ្ឋធម្មនុញ្ញ ដែលចារឹកថា “យើង ប្រជារាស្ត្រខ្មែរ [...] | បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ ឆន្ទៈមោះមុត ប្តូរផ្តាច់រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឲ្យទៅជា «កោះសន្តិភាព» ឡើងវិញ ផ្អែកលើប្រព័ន្ធ ប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់, ទទួលខុសត្រូវខ្ពស់ចំពោះវាសនា អនាគតជាតិ ឱយបានឈានឡើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍។សូមជម្រាបជូនថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ក៏ជាខួបអនុស្សាវរីយ៍លើកទី៣១ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤) នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ផងដែរ ៕