
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6980 នាក់
ម្សិលមិញ 8146 នាក់
សរុប 18735312 នាក់
បង់ក្លាដេស៖ការិយាល័យប្រធានាធិបតីបង់ក្លាដេស្ហបានប្រកាសឱ្យដឹងនៅព្រឹកព្រលឹមថ្ងៃពុធទី៧សីហាថា លោក ម៉ូហាម៉ាត់ យូណូស(Muhammad Yunus) ជ័យលាភីរង្វាន់ណូប៊ែលលើផ្នែកមីក្រូហិរញ្ញវត្ថុរបស់ប្រទេសបង់ក្លាដេស្ហ ត្រូវបានតែងតាំងធ្វើជាប្រមុខដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នប្រទេសបង់ក្លាដេស្ហ លោកស្រី សេក្ហ ហាស៊ីណា ចុះចេញពីតំណែងដ៏យូ និងរត់ភៀសខ្លួនកាលពីដើមសប្តាហ៍កន្លងថ្មីៗនេះដោយសារការតវ៉ាទ្រង់ទ្រាយធំពីសំណាក់មហាជន ។
ការតែងតាំងលោក ម៉ូហាម៉ាត់ យូណូស(Muhammad Yunus)នេះបានកើតមានឡើងភ្លាមៗ បន្ទាប់ពីមេដឹកនាំចលនានិស្សិតធ្វើបាតុកម្មបានអំពាវនាវសូមឱ្យលោក ម៉ូហាម៉ាត់ យូណូស ដែលមានវ័យ៨៤ឆ្នាំទៅហើយឱ្យមកជួយដោះស្រាយភាពក្រីក្រដែលកំពុងតែញុំញីពលរដ្ឋរាប់សិបលាននាក់នៅក្នុងប្រជាជាតិស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។
ការិយាល័យប្រធានាធិបតីដដែលបានបន្ថែមទៀតថា ការសម្រេចបង្កើតឡើងនូវរដ្ឋាភិបាលបណ្តោះអាសន្ននេះ ដោយមានការបើកកិច្ចប្រជុំសម្រេចជាមួយនឹងប្រធានាធិបតីបង់ក្លាដេស្ហ ម៉ូហាម៉េដ ហ្សាហាប៊ូឌីន(Mohammed Shahabuddin) មេដឹកនាំយោធា និងជាមួយប្រធានចលនានិស្សិត។នៅក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីដដែលបានគូសបញ្ជាក់ទៀតថា មេនគរបាលជាតិត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីការបង្ក្រាបទៅលើប្រជាពលរដ្ឋរយៈពេលប្រមាណជា៣សប្តាហ៍កន្លងមក បណ្តាលឱ្យស្លាប់មនុស្សចំនួន៤៣២នាក់ ។ដោយឡែកប្រមុខដឹកនាំយោធាវិញ បានលើកឡើងប្រាប់ដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុកថា វាជាពេលវេលាត្រូវបញ្ឈប់ការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាពទាំងអស់ គាប់ជួនពេលគ្នានៃការប្រកាសរំលាយរដ្ឋសភាជាតិកាលពីថ្ងៃអង្គារពីសំណាក់ប្រធានាធិបតីនោះរួចមក ដើម្បីត្រួសត្រាយផ្លូវក្នុងការរៀបចំការបោះឆ្នោតនៅក្នុងរង្វង់រយៈពេល៣ខែខាងមុខនេះ។
លោកម៉ូហាម៉ាត់ យូណូស ដែលទើបតែតែងតាំងជាប្រមុខដឹកនាំបណ្តោះអាសន្ន បានថ្លែងប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបារាំងអាអេហ្វប៉េថា ខ្ញុំត្រូវតែធ្វើសកម្មភាពដើម្បីប្រទេសបង់ក្លាដេស្ហ និងប្រជាជន។ ម្យ៉ាងទៀត ខ្ញុំត្រូវទទួលយកការស្នើសុំធ្វើជាអ្នកដឹកនាំនៅក្នុងគ្រាអន្តរកាលនេះ។ទាក់ទងនិងការត៉ានេះដែរកងនគរបាលជាតិបង់ក្លាដេស្ហវិញបានបង្ហាញនៅព្រឹកថ្ងៃពុធនេះថា ហ្វូងមនុស្សម្នាបានសម្រុកចូលការិយាល័យធ្វើការរបស់លោកស្រីសេក្ហ ហាស៊ីណា និងក្រុមខ្លះទៀតបានទម្លាយទ្វារពន្ធនាគារ បង្កឱ្យអ្នកទោសប្រមាណជា៥០០នាក់បានចាកចេញពីពន្ធនាគារដោយសុវត្ថិភាព។ចំណែករបាយការណ៍ពីក្រុមមន្ត្រីរដ្ឋាភិបាល និងក្រសួងសុខាភិបាលរួមទាំងពីតាមមន្ទីរពេទ្យនានាបានលើកឡើងប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងក្រៅស្រុកថា តួលេខអ្នកស្លាប់ផ្លូវការកើនឡើងដល់៤៣២នាក់ និងរបួសជាច្រើនពាន់នាក់ផ្សេងទៀត។
សូមបញ្ជាក់ថា៖លោកស្រីហាស៊ីណា( Hasina)មុននិងបានធ្វើនាយករដ្ឋមន្ត្រីគាត់ មានប្រវត្តិខ្លោចផ្សា មួយយប់ត្រូវគេសម្លាប់មួយគ្រួសារតែ ចុងក្រោយគាត់ត្រូវរត់ចោលប្រទេសដោយសារភ្លេចប្រវតិ្តរបស់គ្រួសារគាត់។កើតនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ១៩៤៧ នៅទីក្រុង Tungipara នៃតំបន់ East Bengal (បច្ចុប្បន្នជាប្រទេសបង់ក្លាដែស), លោកស្រីសេខាហាស៊ីណា( Sheikh Hasina) គឺជាកូនស្រីច្បងរបស់លោកសេមជីប៊ឺរ៉ាម៉ាន( Sheikh Mujibur Rahman) ដែលជាស្ថាបនិក និងជាប្រធានាធិបតីទីមួយនៃប្រទេសបង់ក្លាដែសដែលត្រូវបានគេធ្វើឃាតនៅឆ្នាំ១៩៧៥។ ខណៈពេលលោកស្រី Hasina (កាលនោះមានអាយុ២៨ឆ្នាំ) កំពុងស្ថិតនៅប្រទេសអាល្លឺម៉ង់ជាមួយប្អូនស្រី, យោធាមួយក្រុម បានសម្រុកចូលផ្ទះគ្រួសារក្នុងទីក្រុង ដាកា ហើយសម្លាប់ឪពុកម្តាយនិងបងប្អូនបីនាក់ផ្សេងទៀត ព្រមទាំងបុគ្គលិកក្នុងផ្ទះ សរុប១៨នាក់។
បន្ទាប់ពីការធ្វើឃាត, លោកស្រីបានរស់នៅនិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ក្នុងប្រទេសឥណ្ឌា រួចក៏វិលត្រឡប់ចូលមាតុភូមិវិញដើម្បីដឹកនាំគណបក្ស Awami League ប៉ុន្តែមេដឹកនាំយោធាបានឃុំខ្លួនលោកស្រីទាំងក្នុងនិងក្រៅផ្ទះពេញមួយទសវត្សរ៍ឆ្នាំ១៩៨០។នៅឆ្នាំ១៩៨២ អ្នកស្នងតំណែង Rahman គឺលោក Abdus Sattar ត្រូវបានទម្លាក់ចេញពីរដ្ឋប្រហារយោធាមិនបង្ហូរឈាម ដឹកនាំដោយលោក Hussein Muhammad Ershad ដែលក៏ចូលកាន់តំណែងជាប្រធានគ្រប់គ្រងច្បាប់អាជ្ញាសឹក រួចក៏ឡើងកាន់តំណែងជាប្រធានាធិបតីតែម្តង។លោកស្រី Hasina បានក្លាយជានាយករដ្ឋមន្ត្រីលើកដំបូងក្នុងឆ្នាំ១៩៩៦ ក្រោយការបោះឆ្នោតសកល ហើយបន្ទាប់មក ក៏កាន់តំណែងនេះម្តងទៀតនៅឆ្នាំ២០០៨ រហូតមកដល់ថ្ងៃចន្ទទី៥ខែសីហាឆ្នាំ២០២៤។
អាណត្តិរបស់លោកស្រី Sheikh Hasina ជានាយករដ្ឋមន្ត្រី, ត្រូវបានគេសាទរចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស ពោលគឺរដ្ឋាភិបាលរបស់លោកស្រី បានផ្តោតសំខាន់លើគម្រោងអភិវឌ្ឍផ្សេងៗ រួមទាំងការកែលម្អវិស័យអប់រំ ការថែទាំសុខភាព និងសុខុមាលភាពសង្គមជាដើម។ លោកស្រីក៏បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិនារី និងលើកកម្ពស់គំនិតផ្តួចផ្តើមក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោកស្រី ក៏ប្រឈមការចោទប្រកាន់ថា ជារបបផ្តាច់ការ និងរំលោភសិទ្ធិមនុស្សផងដែរ រួមទាំងក្តីបារម្ភអំពីសេរីភាពសារព័ត៌មាន និងការគាបសង្កត់ផ្នែកនយោបាយទៀតផង។ លើសពីនេះ ការកាន់តំណែងរបស់លោកស្រីត្រូវបានកត់សម្គាល់ដោយបរិយាកាសនយោបាយដែលមានភាពលម្អៀង បក្សពួក ខ្សែ រហូតឈានដល់ការផ្ទុះបាតុកម្មរបស់គណបក្សប្រឆាំង និងការអះអាងពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
ជាក់ស្តែងបន្ទាប់ពីនាយករដ្ឋមន្ត្រីហាស៊ីណាភៀសខ្លួនចេញថ្ងៃអង្គារទី៦សីហា លោកស្រី ខាលេដាហ្សៀ(Khaleda Zia) ដែលជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសបង់ក្លាដែស និងជាមេដឹកនាំបក្សប្រឆាំង ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលជាគូសត្រូវនឹងគ្នា បានលាលែងពីតំណែង និងរត់ចេញពីប្រទេស។ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤បានឲ្យដឹងថា៖ប្រធានាធិបតីបង់ក្លាដែស បានបង្គាប់ឱ្យដោះលែងលោកស្រី Khaleda Zia ខណៈយោធាកំពុងគ្រប់គ្រងប្រទេស ។ លោកស្រីខាលេដាហ្សៀ( Khaleda Zia) ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដែស បានចំនួន២លើក គឺលើកទី១ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៦ និងម្តងទៀតពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ លោកស្រី មានសុខភាពមិនល្អប៉ុន្មានឡើយ ហើយបានជាប់ឃុំក្នុងផ្ទះនិងមន្ទីរពេទ្យ ចាប់តាំងពីត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១៧ឆ្នាំ ពីបទចោទប្រកាន់ពុករលួយ កាលពីឆ្នាំ២០១៨។
គួរបញ្ជាក់ថា មនុស្សសរុបជាង២,០០០នាក់ ត្រូវបានចាប់ខ្លួន និងប្រហែល៤០០នាក់បានស្លាប់ គិតចាប់តាំងពីដើមខែកក្កដាកន្លងទៅ អំឡុងបាតុកម្មនិងអំពើហិង្សា ដែលដំបូងឡើយ មានគោលដៅប្រឆាំងតវ៉ាងចំពោះ ប្រព័ន្ធកូតាសម្រាប់ការងាររដ្ឋាភិបាលលោកស្រីហាស៊ីណា ហើយក្រោយមកក៏ប្រែក្លាយជា ចលនាទាមទារទូទាំងប្រទេស ឱ្យលោកស្រី Hasina ចុះចេញពីអំណាច។រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៥ ខែសីហា បានអំពាវនាវឱ្យកងទ័ពបង់ក្លាដែស រក្សាភាពអត់ធ្មត់ និងជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ប្រជាធិបតេយ្យមួយ បន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជុំវិញស្ថានការណ៍នៅបង់ក្លាដែស អ្នកនាំពាក្យម្នាក់របស់សេតវិមាន បាននិយាយថាសហរដ្ឋអាមេរិកបានអំពាវនាវជាយូរណាស់មកហើយឱ្យមានការគោរពសិទ្ធិប្រជាធិបតេយ្យ នៅក្នុង ប្រទេសបង់ក្លាដែស និងជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយតាមបែបប្រជាធិបតេយ្យ និងប្រកបដោយបរិយាប័ន្ន ព្រមទាំងអំពាវនាវឱ្យកងទ័ពរក្សាការអត់ធ្មត់ដូចដែល ពួកគេកំពុងធ្វើ។ បន្ថែមពីលើនេះ ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា សេតវិមាន និងក្រសួងការបរទេសអាមេរិក ក៏បានជំរុញផងដែរឱ្យគ្រប់ភាគីទាំងអស់នៅបង់ក្លាដែស បញ្ចៀសអំពើហិង្សា និងស្ដារសន្តិភាពដូចពេលកន្លងមកឡើងវិញ។
គួរបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលឥណ្ឌា ២នាក់ បានប្រាប់ Reuters ថាលោកស្រី Sheikh Hasina មានអាយុ ៧៦ឆ្នាំ បានធ្វើដំណើរទៅដល់ព្រលានយន្ដហោះយោធាមួយ ស្ថិតនៅក្បែរ ទីក្រុង Delhi ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ។ ប៉ុន្តែ មិនបានបញ្ជាក់ថាតើលោកស្រីនឹងបន្តស្នាក់នៅក្នុងប្រទេសឥណ្ឌា ឬមានផែនការចាកចេញទៅកាន់ប្រទេសផ្សេងទៀត ដែរឬក៏យ៉ាងណានោះទេ៕