
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1175 នាក់
ម្សិលមិញ 15181 នាក់
សរុប 19468677 នាក់
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា កម្ពុជានឹងមិនអត់ឱនឲ្យអ្នកណាដែលប្រឆាំង និងបង្កភាពចលាចល ឬភាពវឹកវរបង្អាក់ដល់ការអភិវឌ្ឍប្រទេសរហូតឈានដល់ការធ្វើសង្គ្រាមនោះឡើយ។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដែលហៅកាត់ថា CLV DTA។សម្តេចតេជោបានលើកឡើងថាហេតុអ្វីកម្ពុជាមិនអាចអនុវត្តច្បាប់របស់ខ្លួនបានខណៈប្រទេសមួយចំនួនអាចធ្វើបាន ដូច្នេះសម្តេចស្នើមិត្តបរទេសមួយចំនួនយល់អំពីកម្ពុជា។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាពនយោបាយដើម្បីអភិវឌ្ឍន៍ប្រទេសរយៈពេលវែង ព្រមទាំងបានប្រកាសថាកម្ពុជានឹងមិនអត់ឱនឲ្យអ្នកណាដែលប្រឆាំង និងបង្កភាពចលាចល ឬភាពវឹកវរ បង្អាក់ដល់ការអភិវឌ្ឍប្រទេសរហូតឈានដល់ការធ្វើសង្គ្រាមនោះឡើយ។សម្តេចតេជោ បញ្ជាក់ទៀតថា ទម្រាំមានសន្តិភាពកម្ពុជាលំបាកណាស់ ដូច្នេះមិនអាចលើកលែងចំពោះអ្នកណាដែលមានបំណងបង្កអសន្តិសុខដល់បប្រទេសជាតិឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមិនអនុញ្ញាតឲ្យអ្នកដែលចោទប្រកាន់សម្តេចនិងសម្តេចធិបតីថាបានលក់ខេត្ត៤ទៅឲ្យប្រទេសវៀតណាមនោះដែរ ហើយក៏គ្មានការបន្ធូរបន្ថយទោសដែរ ព្រោះទង្វើដែលអ្នកទាំងនោះបានធ្វើជារឿងដែលមិនអាចលើកលែងឲ្យបាន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា មកដល់ពេលនេះមានមនុស្សចំនួន៣នាក់ហើយដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការនិយាយមិនពិតទាក់ទងនឹងព័ត៌មាន រឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA)។សម្តេចតេជោ មានប្រសាសន៍ថា នឹងមិនអនុញ្ញាតឲ្យអ្នកដែលចោទប្រកាន់សម្តេចនិងសម្តេចធិបតីថាបានលក់ខេត្ត៤ទៅឱ្យប្រទេសវៀតណាមនោះឡើយ ហើយក៏គ្មានការបន្ធូរបន្ធយទោសឱ្យដែរព្រោះទង្វើដែលអ្នកទាំងនោះបានធ្វើជារឿងដែលមិនអាចលើកលែងឱ្យបាន។
សូមបញ្ជាក់ថាមានសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសចំនួន ៣នាក់រួមមានលោកស្រ៊ុន ស្រ៊ន កញ្ញាភឹង សោភា និងលោកសាន សិតត្រូវបានស្នងការខេត្តសៀមរាបចាប់ឃាត់ខ្លួននៅថ្ងៃទី២៣ កក្កដានេះ។ នេះបើតាមការបញ្ជាក់របស់លោកស្រីស្វាយ ពៅ ភរិយាលោកសាន សិត។ ការចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទាំង ៣នាក់នេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពួកគេបាននិយាយពីការបញ្ចូលខេត្តចំនួន ៤ របស់ខ្មែរដើម្បីអភិវឌ្ឍជាមួយប្រទេសវៀតណាម និងឡាវ (CVL) នៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្លួនលើទំព័រហ្វេសប៊ុកឈ្មោះ «សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ស្ដីពីកម្ពុជា»។ រីឯក្រុមការងារ២៣តុលា លោកស្រី ជិន សុធារីបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី២៣ កក្កដានេះដែរថា ស្នងការខេត្តសៀមរាបបានបញ្ជូនលោកស្រ៊ុន ស្រ៊ន កញ្ញាភឹង សោភា និងលោកសាន សិតមករាជធានីភ្នំពេញហើយ។
តែបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលត្រូវបានចាប់ខ្លួនមានចំនួន៤នាក់ និងថា ពួកគេត្រូវបានចាប់ខ្លួនពីបទញុះញង់ បង្កឱ្យមានការរើសអើង និងភាពវឹកវរក្នុងសង្គម។ គួរបញ្ជាក់ថា លោក ស្រ៊ុន ស្រ៊នធ្លាប់ត្រូវបានអាជ្ញាធរខ្មែរឃាត់ខ្លួន និងសាកសួរនៅអធិការដ្ឋាននគរបាលក្រុងក្រចេះអស់រយៈពេលប្រមាណ២ម៉ោងទាក់ទងនឹងការផ្សាយផ្ទាល់តាមបណ្តាញសង្គមកាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ តែលោកត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីបានធ្វើកិច្ចសន្យាមួយ។ បន្ទាប់មកក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ លោកស៊្រុន ស្រ៊នត្រូវបានគេវាយបែកក្បាលក្នុងប្រទេសថៃនៅគ្រាដែលលោកកំពុងផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
កទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្ដិការល្អតាមបណ្ដាព្រំដែនរវាង កម្ពុជា-ឡាវ-វៀតណាម ដើម្បីជួយសង្គ្រោះប្រជាជនឆ្លងដែន។សម្តេចតេជោ បានលើកឡើងថា រឿងទឹកជំនន់ និងភ្លើងឆេះព្រៃ គឺត្រូវការពឹងប្រទេសវៀតណាម ដើម្បីជួយជម្លៀសប្រជាជនឱ្យមានសុវត្ថិភាព ដែលជាកិច្ចសហប្រតិបត្ដិការល្អតាមព្រំដែន។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលនឹងខិតខំសាងសង់នូវផ្លូវឆ្ពោះទៅកាន់មុំ៣ជាប់ព្រំដែនរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ឱ្យបានឆាប់ៗ និងបង្កើតច្រកព្រំដែននៅតំបន់ នោះផងដែរដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំង៣។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា រាជរដ្ឋាភិបាលនឹងខិតខំកសាងផ្លូវជាតិលេខ៧៨ ឱ្យបានឆាប់ៗនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងបន្ដការខិតខំ ដើម្បីកសាងនៅផ្លូវជាតិលេខ៧៨.៥ ពីទីរួមខេត្ដរតនគិរី នៅកាន់មុំ៣ ហើយនៅពេលនោះ គឺខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ខ្ញុំព្រះករុណាខ្ញុំនៅរស់ ហើយនឹងធ្វើដំណើរ ទៅកាន់ទីនោះ»។សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ផ្លូវនេះ ហៅថា ផ្លូវលេខ៧៨.៥ ពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ទៅដល់កន្ទុយនាគ ដែលមានប្រវែងជាង១៦៦គីឡូម៉ែត្រ ហើយមានទទឹង៩ម៉ែត្រ ដែលយើងនឹងប្រឹងប្រែងរកថវិកា ដើម្បីធ្វើផ្លូវនេះឲ្យបាន។
សម្តេចតេជោបានពន្យល់ឱ្យដឹងថា គំនិតផ្ដួចផ្ដើមតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺសម្ដេចតេជោផ្ទាល់ជាអ្នកផ្ដួចផ្ដើមគំនិត ហើយក្នុងពេលធ្វើទស្សនកិច្ចនៅប្រទេសឡាវ សម្ដេចតេជោក៏បានស្នើភាគីឡាវដើម្បីគាំទ្រគំនិតនេះ ដែលពេលនោះលោក ស៊ីសុវត្ថិ កែវប៊ុនផាញ់(Sisavath Keobounphanh) ដែលបច្ចុប្បន្នបានទទួលមរណភាពទៅហើយនោះ គឺបានគាំទ្រនូវគំនិតនេះ។ បន្ទាប់ពីនោសម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំមួយ ពេលនោះ សម្ដេចតេជោក៏បានស្នើទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន់ វ៉ាន់ខាយ (Phan Van Khai)។
សម្តេចតេជោថ្លែងទៀតថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។ សម្ដេចតេជោបន្តថា នៅអំឡុងពេលសតវត្សទី២០ឆ្លងចូលសតវត្សទី២១ តំបន់ភាគឦសានរបស់កម្ពុជា ពិសេសខេត្តមណ្ឌលគិរី និងរតនគិរី នៅខ្ចីផ្លូវរបស់វៀតណាមប្រើប្រាស់នៅឡើយទេ ខណៈផ្លូវភាគច្រើនជាផ្លូវដី ដូច្នេះធ្វើឱ្យអាជីវករមួយចំនួនត្រូវធ្វើដំណើរចេញពីខេត្តទាំងនេះរបស់កម្ពុជាឆ្លងទៅខាងវៀតណាម ហើយបានចូលមកកម្ពុជាវិញតាមខេត្តស្វាយរៀង ឬតាមខេត្តកំពង់ចាម។ ដូច្នេះស្ថានទាំងនេះគឺបានលេចឡើងនូវភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការនៅតំបន់នោះ។
ទោះជាយ៉ាង គំនិតបង្កើតឱ្យមានតំបន់អភិវឌ្ឍន៍ត្រីកោណ CLV នេះ មិនមែនជាការកាត់ទឹកដីឱ្យអ្នកណានោះឡើយ ប្រទេសនីមួយៗពង្រឹងការការពារព្រំដែនរបស់ខ្លួន និងត្រូវមានកិច្ចសហប្រតិបត្តិការតភ្ជាប់សេដ្ឋកិច្ច ទេសចរណ៍ ពីព្រោះមកដល់ពេលបច្ចុប្បន្ន ផ្លូវគមនាគមន៍របស់កម្ពុជា ឡាវ និងវៀតណាម គឺមានល្អប្រសើររៀងខ្លួន។បើតាម សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម កម្ពុជាទទួលបានផលប្រយោជន៍ច្រើនជាងគេ ក្នុងតំបន់ត្រីកោណនេះ ទី១ ជម្រើសផ្នែកសេដ្ឋកិច្ចដ៏ល្អងាយស្រួលក្នុងការដឹកទំនិញ លក់ដូរផលិតផលរបស់ប្រជាពលរដ្ឋ, ទី២ បញ្ហាសន្តិសុខ ការពារជាតិ ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ការកាប់ឈើ និងចលនាប្រដាប់អាវុធពីវៀតណាម និងឡាវ, ទី៣ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល និងបណ្ដុះបណ្ដាលធនធានមនុស្ស និង ទី៤ សហការលើការគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ ភ្លើងឆេះព្រៃនៅតាមព្រំដែន។
សូមជម្រាបជូនថា តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ រួមមានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)៕