
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4330 នាក់
ម្សិលមិញ 6418 នាក់
សរុប 20016497 នាក់
រុស្ស៊ី៖បន្ទាប់ពីលោកពូទីនជាប្រធានាធិបតី តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ កាលពីថ្ងៃអង្គារទី២៥មិថុនា បានចេញដីកាថ្មីមួយទៀត តាមចាប់ខ្លួនលោក ស៊ែរហ្កី ឆយហ្គូ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី និងលោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ អគ្គមេបញ្ជាការកងទ័ពជាតិរុស្ស៊ីពាក់ពន្ធ័បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលបានកើតឡើងនៅអ៊ុយក្រែន។
នៅក្នុងលិខិតប្រកាស តុលាការព្រហ្មទណ្ឌអន្តរជាតិបានសន្និដ្ឋានថា គឺស្ថិតក្រោមការបញ្ជារបស់ជនទាំង២នាក់នេះ ដែលកងទ័ពរុស្ស៊ីបានបើកប្រតិបត្តិការវាយប្រហារទៅលើទីតាំងស៊ីវីលអ៊ុយក្រែន បង្កឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវីល និងបានបណ្តាលឲ្យស្លាប់ជីវិតជនស៊ីវីលអ៊ុយក្រែន រាប់ពាន់នាក់។ តុលាការវាយតម្លៃថា « អំពើអមនុស្សធម៌ »ទាំងនេះ ត្រូវបានកងទ័ពរុស្ស៊ីធ្វើរវាងពីថ្ងៃទី១០តុលាឆ្នាំ២០២២ ដល់ថ្ងៃទី៩មីនា២០២៣ ដែលការបំផ្លិចបំផ្លាច ព្រមទាំងមានជីវិតជនស្លូតត្រង់ដែលស្លាប់ វាមានច្រើនហួសប្រមាណ បើប្រៀបធៀបទៅនឹងកម្មវត្ថុយោធាដែលកងទ័ពរុស្ស៊ីសម្រេចបាន។
សូមបញ្ជាក់ថា លោកស៊ែរហ្កី ឆយហ្គូ បានធ្វើជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ពីឆ្នាំ២០១២ មុននឹងត្រូវបានជំនួសដោយ លោក អង់ដ្រេ បេលូសូវ កាលពីខែឧសភាថ្មីៗនេះ។ បច្ចុប្បន្នលោក ស៊ែរហ្កី ឆយហ្គូ គឺជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី។ ចំណែកលោក វ៉ាឡេរី ហ្កេរ៉ាស៊ីម៉ូវ នៅតែជាអគ្គមេបញ្ជាការកំពូលនៃកងទ័ពជាតិរុស្ស៊ីដដែល។លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងអបអរចំពោះដីកាតាមចាប់ខ្លួនថ្មីនេះ ដោយលោកបានអះអាងថា អំពើឧក្រិដ្ឋទាំងឡាយដែលពួកមេដឹកនាំរុស្ស៊ីបានធ្វើមកលើអ៊ុយក្រែន នឹងត្រូវតែរងនូវការកាត់ទោសរកយុត្តិធម៌ ដោយមិនអាចចៀសផុត។
កាលពីដើមឆ្នាំ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ ក៏បានចេញដីកាមួយដែរ តាមចាប់លោកពូទីន ដោយចោទពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ហើយកាលពីខែមីនាឆ្នាំនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាតាមចាប់ខ្លួន មេទ័ពធំៗ២នាក់ទៀតរបស់រុស្ស៊ី ឈ្មោះ Sergueï Kobylach និង Viktor Sokolov។គួបញ្ជាក់ថា ក្រោយសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង តុលាការព្រហ្មទណ្ឌអន្តរជាតិបានបើកការិយាល័យពិសេសមួយនៅជាយទីក្រុងកៀវ ដើម្បីចាត់ចែងការស៊ើបអង្កេតប្រមូកលភស្តុតាង ស្តីអំពីអំពើឧក្រិដ្ឋបង្កឡើងដោយកងទ័ពរុស្ស៊ី។ ការពិត តុលាការព្រហ្មទណ្ឌអន្តរជាតិបានត្រឹមតែចេញដីកា តែគ្មានកម្លាំងសមត្ថកិច្ចឯណា ទៅតាមចាប់ជនជាប់ចោទឡើយ។
តុលាការនេះពឹងផ្អែកទាំងស្រុង ទៅលើប្រទេសសមាជិកទាំង១២៤ប្រទេស ដែលមានករណីកិច្ចគោរពសេចក្តីសម្រេចរបស់តុលាកា ហើយដែលតាមធម្មតាត្រូវចាប់ខ្លួនជនជាប់ចោទ បញ្ជូនមកកាន់តុលាការក្រុងឡាអេ។ទោះចឹងក៏ដោយ ចាប់តាំងពីតុលាការក្រុងឡាអេ បានចេញដីកាតាមចាប់ខ្លួន លោកពូទីនបានកាត់បន្ថយការធ្វើដំណើរទៅបរទេសច្រើនណាស់ បើទៅតែប្រទេសណា ដែលមិនមែនជាសមាជិកសន្ធិសញ្ញាទីក្រុងរ៉ូមតែប៉ុណ្ណោះ។ ដើម្បីជាការសងសិក លោកពូទីនបានបញ្ជាឲ្យតុលាការរុស្ស៊ី ចេញដីកាតាមចាប់ខ្លួន លោកប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិវិញផងដែរ៕