វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1428 នាក់
ម្សិលមិញ 5810 នាក់
សរុប 17054585 នាក់
ភ្នំពេញ៖សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីអាមុខអ្នកការរាជរដ្ឋាភិបាលរដ្ឋសភាជាច្រើននៅរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមប្រារព្ធកម្មវិធីអបអរសាទរទិវាបុណ្យជាតិនៃសហព័ន្ធរុស្ស៊ី ដែលរៀបចំឡើងដោយស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រារាជធានីភ្នំពេញ។
លោកអាណាតូលីបូរ៉ូវិក(Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៦៨ឆ្នាំមកនេះ ទំនាក់ទំនងការទូតមិត្តភាព និងការទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងរុស្ស៉ី នៅតែជាមូលដ្ឋាននៃការអភិវឌ្ឍជាលំដាប់នូវអន្តរកម្មទ្វេភាគី ហើយលោកបានប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ច រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
លោកឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា «ជាប្រវត្តិសាស្ត្រ រុស្ស៉ីតែងតែជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់និងដៃគូប្រកបដោយទំនុកចិត្តរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ និងមូលដ្ឋានដ៏រឹងមាំសម្រាប់ប្រជាជននៃពិភពលោកក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយម ហើយថ្ងៃនេះ យើងការពារសមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងប្រឆាំងនឹងការអនុវត្តអាណានិគមនិយមថ្មី ដោយក្រុមប្រទេសដែលបានប្រកាសខ្លួនជា "ក្រុមប្រទេសពិសេស" ទាក់ទងនឹងបណ្តាប្រទេសភាគច្រើន។»
ឯកអគ្គរដ្ឋទូតរុស្សី លោក Anatoly Borovik បានបន្តថា «បច្ចុប្បន្ននេះ រុស្ស៉ីកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយពង្រឹងទំនាក់ទំនងជាមួយបណ្តារដ្ឋនៃអាស៊ីអាគ្នេយ៍ រួមទាំងជាមួយព្រះរាជាណាចក្រកម្ពុជា។ បទពិសោធន៍ប្រវត្តិសាស្ត្រដ៏សម្បូរបែប ប្រពៃណីល្អ និងអាកប្បកិរិយាស្ថាបនា នឹងជួយយើងស្វែងរកលទ្ធភាពថ្មី សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង និងទំនាក់ទំនង ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសយើងទាំងពីរ។»
ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ អតីតសហភាពសូវៀតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងវិទ្យាស្ថានបច្ចេកវិទ្យា នឹងក្រើនរំលឹកអំពីបេសកកម្មរបស់រុស្ស៉ីសម្រាប់ប្រជាជនកម្ពុជា។បើតាមលោកឯកអគ្គរដ្ឋទូត កម្ពុជានៅតែបន្តជោគជ័យក្នុងការធ្វើជាប្រទេសសម្របសម្រួលភាពជាដៃគូសន្ទនាយុទ្ធសាស្ត្ររុស្ស៉ី-អាស៊ាន ដែលខួបលើកទី៥ ត្រូវបានប្រារព្ធនៅរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២៣។ ក្នុងខែកុម្ភៈ កន្លងទៅ ភាពជាដៃគូឌីជីថលរុស្ស៉ី-អាស៊ាន ត្រូវបានបង្កើតឡើង ដែលនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។ទិវានៃប្រទេសរុស្ស៉ី ជានិមិត្តរូបនៃសាមគ្គីភាពរបស់ប្រជាពលរដ្ឋរុស្ស៉ី ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពួកគេចំពោះទំនៀមទម្លាប់ និងគោលការណ៍ណែនាំខាងសីលធម៌ សេចក្តីគោរពមរតកដ៏រុងរឿងរបស់បុព្វបុរស និងដំណើរបន្តវេនពីជំនាន់មួយទៅជំនាន់មួយ និងពីសម័យកាលមួយ ទៅសម័យកាលមួយ។
ថ្ងៃនៃការអនុម័តសេចក្តីប្រកាសអំពីអធិបតេយ្យភាពរដ្ឋនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ គឺជាការចាប់ផ្តើមនៃដំណើរការនៃការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងប្រទេសរុស្ស៉ី។ ដោយមានមរតកប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប ក៏ដូចជាធនធានជាច្រើន ប្រទេសរុស្ស៉ីបានធ្វើជាស្ពានតភ្ជាប់រវាងអឺរ៉ុប និងអាស៊ី ដោយបង្រួបបង្រួមប្រពៃណីល្អបំផុតរបស់ប្រជាជន ដែលរួមគ្នាដើរតាមមាគ៌ានៃវឌ្ឍនភាព និងភាពរុងរឿង។
សូមបញ្ជាក់ថាកម្ពុជាបានប្រកាសមិនចូលរួមក្នុងកម្មវិធីសន្និសីទស្តីពីសន្តិភាពដែលស្នើរៀបចំឡើងដោយប្រទេសអ៊ុយក្រែននៅទីក្រុងហ្សឺណែវប្រទេសស្វិសម្រាប់ថ្ងៃទី១៥និង១៦មុថុនានោះទេដោយសំអាងថាប្រទេសរុស្ស៊ីមិនត្រូវបានអនុញ្ញាតិឲ្យចូលរួម។ប្រទេសុស្ស៊ីគឺជាម្ចាស់បំណុលដ៏ធំមួយរបស់កម្ពុជាផងដែរ។
នៅក្នុងជំនួបជាមួយលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី៦មិថុនាកន្លងទៅ សម្តេចហ៊ុន សែនប្រធានព្រិទ្ធសភាបានថ្លែងដឹងគុណរុស្ស៊ីចំពោះការផ្តល់ជំនួយគ្រប់សព្វបែបយ៉ាងនៅពេលដែលកម្ពុជាទើបរំដោះបានពីរបបខ្មែរក្រហម។ កាលពីទសវត្សរ៍៨០ កម្ពុជាបានខ្ចីលុយរុស្ស៊ី ចំនួន១ ៥០០លានដុល្លារអាមេរិកដើម្បីទិញអាវុធ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចនាពេលនោះ។ ក្រោយមកក្នុងឆ្នាំ ២០០៩ រុស្ស៊ីបានសម្រេចលុបចោលបំណុល ៧០ភាគរយ។ ដូច្នេះបំណុលដែលកម្ពុជានៅជំពាក់រុស្ស៊ីគឺសល់ចំនួន៣០ភាគរយ ឬស្មើ ៤៥០លានដុល្លារ។ សម្តេចហ៊ុន សែនបានប្រាប់តំណាងទូតរុស្ស៊ីថា រដ្ឋាភិបាលកម្ពុជាពិតជាចង់ដោះស្រាយបំណុលដែលកម្ពុជានៅជំពាក់រុស្ស៊ីអំឡុងសម័យសង្គ្រាមនេះឱ្យបានរួសរាន់។
ចំណែកទូតរុស្ស៊ីបានប្រាប់សម្តេចហ៊ុនសែនវិញថា ការចរចាបញ្ហាបំណុលជាមួយរដ្ឋាភិបាលកម្ពុជាមានជំហានទៅមុខជាវិជ្ជមាន។ សម្រាប់លោកហ៊ុន សែន រុស្ស៊ីជាកល្យាណមិត្តដ៏យូរអង្វែងរបស់កម្ពុជា និងថា រុស្ស៊ីនឹងមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ ជំនួបរវាងសម្តេចហ៊ុន សែន និងលោកអាណាតូលី បូរ៉ូវីកធ្វើឡើង មួយថ្ងៃមុនសម្តេចបានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកក្នុងថ្ងៃទី៧ មិថុនាថា កម្ពុជានឹងមិនចូលរួមសន្និសីទសន្តិភាពរបស់អ៊ុយក្រែននៅប្រទេសស្វីសពីថ្ងៃទី១៥ដល់១៦ មិថុនាខាងមុខទេ។ មិនចូលរួមព្រោះបើតាមសម្តេច កម្ពុជាមើលឃើញពីភាពមិនជោគជ័យនៅក្នុងសន្និសីទនោះ។
សម្រាប់ការមិនចូលរួមនេះ អ្នកវិភាគនយោបាយអន្តរជាតិលោកមាជ សុវណ្ណារ៉ាមើលឃើញថា ក្រៅពីរងឥទ្ធិពលរបស់ចិន ការជាប់បំណុលរុស្ស៊ីអាចជាហេតុផលមួយដែលលោកហ៊ុន សែនសម្រេចចិត្តមិនឱ្យតំណាងកម្ពុជាទៅចូលរួមសន្និសីទសន្តិភាពរបស់អ៊ុយក្រែននៅក្នុងប្រទេសស្វីស។ គួររំព្ញកថា ក្រោយរុស្ស៊ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសកម្ពុជាបានបោះឆ្នោតថ្កោលទោសរុស្ស៊ីចំនួន២ដង ក្នុងនោះកម្ពុជាក៏បានចូលរួមជាប្រទេសគាំទ្រការផ្តួចផ្តើមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ (co-sponsors) ទៀតផង។ ក្រៅពីនេះ កម្ពុជាក៏បានបោះឆ្នោតអនុបវាទចំពោះសំណើរបស់សហរដ្ឋអាមេរិកសុំព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៕