វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8590 នាក់
ម្សិលមិញ 3974 នាក់
សរុប 15884116 នាក់
ភ្នំពេញ : នៅក្នុងការអបអរសាទរនៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា កម្មវិធីចម្រៀងអាយ៉ៃ «អាយ៉ៃ 5G: គ្រូខ្លាំង សិស្សខ្លឹម» ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាមួយនឹងភាពកម្រ និងប្លែកពីការសម្តែងបែបប្រពៃណីខ្មែរ។
សិល្បករល្បីលោក ព្រហ្ម ម៉ាញ ដែលធ្លាប់ជាដៃគូនិងយាយយ៉យ នឹងសម្ដែងជាមួយកូនសិស្សដ៏មានទេពកោសល្យ នាង ស៊ូស៊ូ ដើម្បីបង្ហាញចម្រៀងអាយ៉ៃរួមគ្នា ដែលនឹងទាក់ទាញចំណាប់អារម្មណ៍មហាជន។ការចាប់ដៃគូរវាងលោកជាមួយនាង ស៊ូស៊ូ បានបង្កើតជាទម្រង់ថ្មីទៅក្នុងទស្សនវិស័យដែលផ្តោតលើស្ត្រីដ៏ប៉ិនប្រសប់ ដោយមានការរួមបញ្ចូលគ្នានៃប្រពៃណី និងសហសម័យ។
អ្នកស្រី លឹម សូលីន ហៅ នាង ស៊ូស៊ូ ជាបុគ្គលិកអង្គការអន្ដរជាតិ និងសកម្មជនសង្គមដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ ផ្នែកអភិវឌ្ឍន៍អន្តរជាតិ។ អ្នកស្រីបានចាប់ផ្ដើមដំណើរជីវិតដ៏ថ្មីសន្លាង និងគួរឱ្យចាប់អារម្មណ៍ក្នុងនាមជាអ្នកចម្រៀង និងកវីនិពន្ធខ្លឹមសារអាយ៉ៃ។ ដោយការស្រឡាញ់សិល្បៈអាយ៉ៃ អ្នកស្រី សូលីន ចំណាយពេល ៣ ឆ្នាំស្រាវជ្រាវអំពីសិល្បៈបុរាណខ្មែរនេះ។
អ្នកស្រីនិយាយក្នុងវីដេអូផ្សព្វផ្សាយថា៖ «អាយ៉ៃគឺជាសិល្បៈកំប្លែកបែបអក្សរសិល្ប៍ ដែលមានទម្រង់កំណាព្យកាព្វព្យាង្គខ្ពស់ និងមានការលំបាកខ្លាំង»។ អ្នកស្រីបញ្ជាក់ថា៖ «សិល្បៈអាយ៉ៃនេះ តាមការស្រាវជ្រាវរបស់ខ្ញុំ មានតែនៅប្រទេសកម្ពុជាមួយប៉ុណ្ណោះ ដោយបណ្ដាប្រទេសដទៃទៀតមិនមានទម្រង់សិល្បៈកំប្លែកបែបអក្សរសិល្ប៍ ដែលមានកំណាព្យចុងជួន ដូចជា ពាក្យប្រដេញ និងពាក្យគន្លាស់បែបនេះទេ»។
លោកព្រហ្ម ម៉ាញ ជារៀមច្បងក្នុងអាណាចក្រអាយ៉ៃ នាំយកទេពកោសល្យ និងជំនាញដែលមិនអាចប្រៀបផ្ទឹមបានរបស់លោក ដោយបង្ហាញពីភាពប៉ិនប្រសប់ក្នុងការច្រៀងចម្រៀងអាយ៉ៃ កំណាព្យកាព្វបែបលែបខាយ កំប្លែង និងបញ្ចូលនូវការបញ្ចេញមតិអភិវឌ្ឍសង្គម។យោងតាមអ្នករៀបចំបានឱ្យដឹងថា ការបន្ដវេនសិល្បៈប្រពៃណីពីគ្រូដល់សិស្ស អាយ៉ៃ ឥឡូវនេះត្រូវបានធ្វើឱ្យប្រសើរឡើងទៅជា 5G ដោយផ្លាស់ប្តូរស្មារតីនៃទម្រង់សិល្បៈ និងបន្តបំផុសគំនិត «យើងទាំងអស់គ្នាឱ្យបង្ហាញអ្វីពីខ្លួនយើងតាមសម្ដែងបែបសប្បាយ ការអប់រំ និងការបំភ្លឺដល់ក្មេងជំនាន់ក្រោយ»។
អ្នកស្រី សូលីន បានបន្ដថា អាយ៉ៃ 5G វគ្គទីមួយឈ្មោះថា «គ្រូខ្លាំង សិស្សខ្លឹម» នេះ គឺជាជំហានទីមួយរបស់នាង ស៊ូស៊ូ និងស្មៀន ម៉ាញ ដោយពួកគេបន្ដលើកកម្ពស់ និងអភិរក្សសិល្បៈអាយ៉ៃ។អ្នកស្រីជឿជាក់ថា មធ្យោបាយដ៏ល្អបំផុតដើម្បីអភិរក្សការច្រៀងបែបកំប្លែងខ្មែរដែលបន្សល់ទុកតាំងពីសតវត្សរ៍ទី១៧ដ៏ពិសេសនេះ គឺតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។អ្នកស្រី សូលីន បាននិយាយថា៖«គោលបំណងរបស់ខ្ញុំគឺធ្វើឱ្យមនុស្សទាំងអស់គ្នា អាចចូលរៀនច្រៀង និងបង្កើតកំប្លែងប្រកបដោយបញ្ញា និងអប់រំនេះ តាមថ្នាលឌីជីថលអាយ៉ៃសាធារណៈមួយ ដោយឥតគិតថ្លៃ និងងាយស្រួល»។
សូមបញ្ជាក់ថានៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទី យប់ «នាងស៊ូស៊ូ» បានបង្ហាញមុខជាលើកដំបូងជាមួយអ្នកច្រៀងអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ លើឆាកនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាទស្សនីយភាពកម្សាន្ដ និងអប់រំ៕