វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2657 នាក់
ម្សិលមិញ 2691 នាក់
សរុប 13066958 នាក់
រុស្ស៊ី៖ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ី បានរាយការណ៍នៅព្រឹកថ្ងៃទី១៣ ខែកញ្ញាឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានមកដល់កំពង់ផែ Vostochny ក្នុងតំបន់ Amur ចុងបូព៌ារបស់រុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាស្ថានភាពក្នុងតំបន់និងអន្តរជាតិ។
ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣បានឲ្យដឹងថា៖ក្នុងជំនួបកំពូលជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅមូលដ្ឋានបង្ហោះយានអវកាសមួយកន្លែង នៅឯតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី លោក គីម ជុងអ៊ុន បានលើកឡើងថា កូរ៉េខាងជើងនឹងយកទំនាក់ទំនងទ្វេភាគីជាមួយប្រទេសរុស្ស៉ី ធ្វើជាអាទិភាពចម្បងទីមួយរបស់ខ្លួន ខណៈរុស្ស៉ីកំពុងប្រឈមតទល់នឹងអ្វីដែលលោកហៅថា កងកម្លាំងស្រេកឃ្លានអនុត្តរភាពដែលកំពុងតែព្យាយាមបំផ្លាញសន្តិសុខរបស់ប្រទេសរុស្ស៉ី។ ដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក គីម បានបន្តយ៉ាងដូច្នេះថា «យើងតែងតែបានបង្ហាញការគាំទ្រពេញទំហឹងនិងឥតលក្ខខណ្ឌ សម្រាប់ចំណាត់ការនានារបស់រដ្ឋាភិបាលរុស្ស៉ី ហើយខ្ញុំសូមយកឱកាសនេះដើម្បីធានាជាថ្មីថា យើងនឹងបន្តឈរនៅជាមួយរុស្ស៉ីជាប់ជានិច្ច»។
កន្លងមកនេះ ក្រុមមន្ត្រីនិងអ្នកជំនាញរបស់សហរដ្ឋអាមេរិក បានអះអាងថា រុស្ស៉ីមានការចាប់អារម្មណ៍លើសព្វាវុធរបស់កូរ៉េខាងជើង ដោយចង់ទិញគ្រាប់រំសេវ ដូចជាគ្រាប់កាំភ្លើងធំនិងមីស៉ីលប្រឆាំងរថក្រោះជាដើម ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួននៅឯអ៊ុយក្រែន។ ចំណែកខាងទីក្រុងព្យុងយ៉ាង ក៏អាចទទួលបានផលប្រយោជន៍មកវិញផងដែរ ខណៈដែលខ្លួនចង់បានបច្ចេកវិទ្យាផ្កាយរណបទំនើបៗ និងបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ដូចជីតា គីមអ៊ីលស៊ុង ដែលធ្វើដំណើរតែតាមរថភ្លើង លោក គីម ជុងអ៊ុន បានធ្វើដំណើរចូលដល់ព្រំប្រទល់ប្រទេសរុស្ស៉ី តាមរយៈរថភ្លើងពាសដែកពិសេស កាលពីថ្ងៃអង្គារសប្តាហ៍ទី១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ យោងតាមរបាយការណ៍មួយចេញផ្សាយដោយ Reuters ក្នុងអំឡុងដំណើររបស់លោក គីម ជុងអ៊ុន ទៅកាន់វៀតណាម កាលពីឆ្នាំ២០១៩ ឱ្យដឹងថា រថភ្លើងនេះ មានទូចំនួន ២១ ដែលរួមមាន បន្ទប់សន្និសីទ បន្ទប់ទទួលទានអាហារ និងសម្រាក។ រថភ្លើងនេះ ក៏មានទូរសព្ទដែលភ្ជាប់ជាមួយផ្កាយរណបផងដែរ ដែលមេដឹកនាំផ្តាច់ការរូបនេះ នៅតែអាចគ្រប់គ្រងប្រទេសពីចម្ងាយ។ ក្រៅពីនេះ វាក៏មានផ្ទុករថយន្ត Mercedes-Benz limousines ទៅជាមួយលោកផងដែរ។
រថភ្លើងពិសេសពាសដែក (បាញ់មិនធ្លុះ) មានបំពាក់ដោយអាវុធការពារខ្លួនរបស់មេដឹកនាំកូរ៉េខាងជើង ធ្ងន់ខ្លាំង អាចបើកបរបានក្នុងល្បឿនត្រឹមប្រមាណ៦០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ វាគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងបង្អស់ សម្រាប់លោក គីម ជុងអ៊ុន ក្នុងរយៈពេលជាង៤ឆ្នាំមកនេះ និងជាលើកដំបូង គិតចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាតសកលកូវីដ១៩។ ការបំពេញទស្សនកិច្ចលើកចុងក្រោយបំផុតរបស់លោក គីម នៅឯក្រៅប្រទេស គឺកាលពីឆ្នាំ២០១៩ នៅពេលដែលរូបលោកបានធ្វើដំណើរទៅកាន់ទីក្រុង Vladivostok សម្រាប់កិច្ចប្រជុំកំពូលលើកទីមួយ ជាមួយលោក ពូទីន ក្រោយការដួលរលំនៃកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០១១មក លោក គីមជុងអ៊ុនធ្វើដំណើរទៅបរទេស ជាលើកទី១០ ប៉ុណ្ណោះ។ នេះជាទស្សនកិច្ចនៅបរទេសលើកដំបូង គិតចាប់តាំងពីផ្ទុះវិបត្តិកូវីដ១៩មក។
កូរ៉េខាងជើងនិងរុស្ស៊ីក៏អាចនឹងព្រមព្រៀងគ្នាបង្កើតឱ្យមានយន្តការធ្វើសមយុទ្ធជើងទឹករួមគ្នាទៀត។កាលពីដើមខែកញ្ញា វ៉ាស៊ីនតោនបានអះអាងថា នៅឆ្នាំ២០២២ ព្យុងយ៉ាងបានផ្តល់ឱ្យរុស្ស៊ីនូវគ្រាប់រ៉ុកកែត និងមីស៊ីលសម្រាប់ឱ្យក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរប្រើ។ តែសម្រាប់អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិ ម៉ូស្គូចាប់អារម្មណ៍និងចង់បានជាពិសេសពីកូរ៉េខាងជើង នូវគ្រាប់កាំភ្លើងធំ ព្រោះព្យុងយ៉ាងមានឃ្លាំងស្តុកគ្រាប់កាំភ្លើងធំផលិតសម័យសហភាពសូវៀតច្រើនជាងគេបំផុតដែលអាចមកបំពេញស្តុករុស្ស៊ី ឱ្យប្រសើរឡើងវិញបាន។
រុស្ស៊ីគឺជាប្រទេសនាំចេញអាហារ ជីរកសិកម្មនិងថាមពល ជាថ្នូរនឹងការផ្តល់អាវុធនិងគ្រាប់រំសេវដល់ម៉ូស្គូ កូរ៉េខាងជើងចង់បានត្រលប់មកវិញនូវជំនួយស្បៀងអាហារ។ កំពុងស្វះស្វែងរកបច្ចេកវិទ្យាសំខាន់ៗ ចំណេះធ្វើនិងបង្កើនសមត្ថភាពឧស្សាហកម្មអាវុធកូរ៉េខាងជើងក៏ទំនងឱ្យរុស្ស៊ីផ្ទេរបច្ចេកវិទ្យាស្ថាបនាសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ របាយការណ៍អង្គការសហប្រជាជាតិបានគូសបញ្ជាក់នៅឆ្នាំ២០២២ថាអ្នកការទូតកូរ៉េខាងជើងនៅម៉ូស្គូមានតួនាទីស្វែងរកបច្ចេកវិទ្យាមីស៊ីលបាលីស្ទិកនិងស្វែងរកដែកថែបបីតោនសម្រាប់យកមកសម្រេចកម្មវិធីសាងសង់នាវាមុជទឹក។ លើវិស័យអវកាសវិញ ដោយហេតុតែការសាកល្បងពីរលើកចុងក្រោយត្រូវបរាជ័យ ព្យុងយ៉ាងអាចនឹងឆ្លៀតឱកាសទស្សនកិច្ចនេះ សុំជំនួយពីរុស្ស៊ីក្នុងបាញ់បង្ហោះផ្កាយរណបថ្មីរបស់ខ្លួនទៅក្នុងគន្លងតារាវិថី។
ប្រសិនបើកិច្ចព្រមព្រៀងសព្វាវុធរុស្ស៊ីកូរ៉េខាងជើងលេចជារូបរាងមែន ហើយកូរ៉េខាងជើងចាប់ដឹកអាវុធនិងគ្រាប់ទៅឱ្យរុស្ស៊ីក៏ដោយ ក៏រុស្ស៊ីមិនអាចឡើងប្រៀបខ្លាំងលើសមរភូមិសង្គ្រាមនៅអ៊ុយក្រែនឡើយ គឺបានត្រឹមជួយបន្តក់ដង្ហើមឱ្យរុស្ស៊ីអាចបន្តធ្វើសង្គ្រាមបានទៀត។ ប៉ុន្តែបើតាមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានSejong ប្រសិនបើព្យុងយ៉ាងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយម៉ូស្គូមែននោះ នោះសង្គ្រាមអ៊ុយក្រែន នឹងហានិភ័យអូសបន្លាយយូរ ខ្ពស់ខ្លាំងណាស់។ នៅពេលរុស្ស៊ីនិងកូរ៉េខាងជើងចាប់ផ្តើមបញ្ជូនអាវុធនិងគ្រាប់រំសេវ អន្តរជាតិមានទំនួលខុសត្រូវកំណត់ទីតាំងដឹកជញ្ជូនបានព្រោះព្យុងយ៉ាងអាចដឹកគ្រាប់កាំភ្លើងធំទាំងនោះទៅឱ្យរុស្ស៊ីតាមរថភ្លើង។
ជំនួបនេះថ្វើឲ្យគេមើលឃើញថារចនាសម្ព័ន្ធសង្គ្រាមត្រជាក់ថ្មីរវាងម្ខាងជាកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងជប៉ុនទល់នឹងម្ខាងទៀតជាកូរ៉េខាងជើង ចិននិងរុស្ស៊ី នឹងកាន់តែត្រូវបានពង្រឹងឡើង បើទោះបីជាជំនួបរវាងលោកគីមជុងអ៊ុននិងលោកវ្លាឌីមៀរពូទីនមានលទ្ធផលយ៉ាងណាក៏ដោយ។ នេះបើតាមប្រមុខសកលវិទ្យាល័យសិក្សាកូរ៉េខាងជើងនៅក្រុងសេអ៊ូល៕