វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1895 នាក់
ម្សិលមិញ 6841 នាក់
សរុប 13123768 នាក់
ភ្នំពេញ៖អតីតពិធីករល្បីឈ្មោះ ហែម បូរិទ្ធ ហៅឌីជេ ឡាយអិនត្រូវបានគេឃើញមានវត្ដមាននៅក្នុងកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់បុរីដ៏ធំមួយរបស់លោកឧកញ៉ា ឌួង ឆាយ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះជាមួយលោកសុខ រ៉ាស៊ីពិធីករទូរស្សន៍ក្រោយពីលោកចេញពីមណ្ឌលអប់រំកែប្រែ ឬមណ្ឌលបន្សាបគ្រឿងញៀន។លោក បូរិទ្ធ ប្រាប់ថា រូបលោកចូលរួមក្នុងនាមជាបុគ្គលិកក្រុមហ៊ុនរបស់ឧកញ៉ា ឌួង ឆាយ ។
លោក អ៊ឹម ជីវ៉ាអ្នកសិល្បៈករសម្មគ្រ័ចិត្ត បានឲ្យដឹងថា ឧកញ៉ា ឌួង ឆាយ បានផ្តល់ឱកាសការងារឲ្យធ្វើ ដើម្បីកែប្រែខ្លួន និងបានលុយចិញ្ចឹមជីវិត។ អ៊ឹម ជីវ៉ា ឲ្យដឹងថាលោកឧកញ៉ា ឌួង ឆាយ ថា “ដោយឃើញគាត់ជាអ្នកសិល្បៈមួយរូបជ្រុលខ្លួនខុសមួយពេល ពេលនេះគាត់ចេញមកហើយ គាត់កែប្រែហើយ យើងគួរផ្តល់ឱកាសឲ្យគាត់កែប្រែ កុំស្អប់ខ្ពើមជាន់ពន្លិចគាត់ទៀតអី មនុស្សម្នាក់កើតមកគ្មានអ្នកណាមិនចេះខុសឡើយ តែបើខុសត្រូវចេះកែ”។លោកហែមបូរិទ្ធ ត្រូវបានលើកលែងទោសដែលសល់៦ខែទៀតដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កំពុងខំប្រឹងក្រោកឈរដោយស្មារតីទទួលខុសត្រូវក្នុងអាជីពសិល្បៈឡើងវិញ។
លោក ហែម បូរិទ្ធ បានប្រាប់ពីមូលហេតុដេលនាំឲ្យលោកជួបរឿងអាស្រូវគឺមកពីខូចចិត្ដរឿងគ្រួសាររហូតបាត់ម្ចាស់ការលើខ្លួនឯង ហើយទៅប្រឡែងលេងជាមួយគ្រឿងញៀនដែលសង្គមជាតិស្អប់ខ្ពើម ធ្វើឲ្យខ្លួនឯងបាត់បង់ទាំងកិត្ដិយស និងពេលវេលា។ លោក ហែម បូរិទ្ធនិយាយ៖ “ការពិតណាស់បង! អ្នកខ្លះធ្លាប់ខុសរឿងអីហើយងាយនឹងវិលទៅរកបញ្ហាហ្នឹងវិញ តែខ្ញុំអត់ទេ…ខ្ញុំពិតជាមានស្មារតីភ្ញាក់រលឹកហើយ។ ខ្ញុំមានជំនាញជាពិធីករ អីចឹងទោះបីជាខ្ញុំនៅមណ្ឌលច្រើនឆ្នាំ ក៏អត់មានអីបាត់បង់ មានតែចេះថែមពីបងៗ អត់ត្រូវរំលឹកអីទេ គឺអាចធ្វើបាន”។
បើតាមឌីជេឡាយអឹនប្រាប់ក្នុងអំឡុងពេលអនុវត្ដទោស នៅក្នុងមណ្ឌលអប់រំកែប្រែជាង ៣ឆ្នាំ ពោលគឺចាប់តាំងពីដើមឆ្នាំ២០១៩ មក រូបលោកបានក្លាយជាបុគ្គលម្នាក់ដែលមន្ដ្រីពន្ធនាគារទុកចិត្ដ ហើយផ្ដល់តួនាទីជាប្រធានក្រុមអប់រំសម្រាប់អ្នកទោសដទៃទៀតដែលជាប់ពាក់ព័ន្ធនិងគ្រឿងញៀន។ លោកអះអាងថា បើលោកមានឱកាសប្រឡូកក្នុងវិស័យសិល្បៈពេញលេញ តាមរយៈអាជីពពិធីករឡើងវិញ គឺលោកនឹងឆ្លៀតបញ្ជៀបចំណេះដឹងថ្មីៗ និងផលប៉ះពាល់កើតចេញពីគ្រឿងញៀនដែលលោកធ្លាប់ជួប និងបានរៀនទៅកាន់មហាជនផងដែរ។សូមបញ្ជាក់ថាលោកហែមបូរិទ្ធធ្លាប់មានទំនាស់ជាមួយអតីតបងថ្លៃគឺលោកឧកញ៉ាសឹងប៊ុណ្ណារហូតបែកបាក់ប្រពន្ធកូន។តែឥឡូវលោកឧញ៉ាសឹងប៊ុណ្ណាកំពុងនៅក្នុងការឃុំខ្លួនករណីយបាញ់បោះសេរីមិនដឹងថាតើសមត្តកិច្ចដោះស្រាយយ៉ាងណានៅឡើយ!។