វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2209 នាក់
ម្សិលមិញ 5456 នាក់
សរុប 12337203 នាក់
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សម្លឆ្ងាញ់ដោយសារតែចុងភៅជាអ្នកចេះរៀបចំគ្រឿង ឯដំណឹងល្អដោយសារតែអ្នកនាំពាក្យចេះរៀបចំការឆ្លើយតបបានល្អ។សម្រាប់ការងារផ្សព្វផ្សាយលោករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍កុំឲ្យឈ្លោះជាមួយកាសែតផងដែរ។ក្នុងឱកាសចូលរួមជាអធិបតីបិទកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល» ដល់នាំពាក្យក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងបរិស្ថានលោក ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ចុងភៅទាល់តែមានគ្រឿងគ្រប់បានគេស្ល ហើយស្លឆ្ងាញ់មិនឆ្ងាញ់លើដៃចុងភៅ ដំណឹងល្អ ឬអាក្រក់ លើអ្នកនាំពាក្យ មន្ត្រីព័ត៌មាន»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចង់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានទាំងអស់ ត្រូវចេះឆ្លើយតបបញ្ហាឲ្យបានទាន់ពេលវេលា ក៏ដូចជាត្រៀមខ្លួនជាស្រេច និងដឹងព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងការផ្តល់ព័ត៌មាន។ លោកបន្តថា នាយុគសម័យឌីជីថល គឺជាបរិបទថ្មី ដែលទាមទារឲ្យអ្នកនាំពាក្យ និងមន្ត្រីព័ត៌មាន ប្រឹងប្រែងកាន់តែខ្លាំងថែមទៀត។ជាមួយគ្នានោះដែរដោយលើកពាក្យស្លាកខ្មែរថាកុំឲ្យឈ្លោះនិងស្រីកុំក្តីជាមួយចិនលោករដ្ឋមន្ត្រីក្រសួងពត៍មានបានផ្តល់អនុសាសន៍ថាកុំឲ្យឈ្លោះជាមួយកាសែតផងដែរ។
កិច្ចប្រជុំស្ដីពី «ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល» ប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ មានគោលបំណងស្នូល ក្នុងការចែករំលែកនូវទស្សនទាន យន្ដការ និងយុទ្ធសាស្ដ្ររួមដែលជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានឲ្យចូលទៅកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍នៃមតិសាធារណៈ។
លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងដែរថា ក្រោយការជជែកពិភាក្សាតាមរយៈអង្គសិក្ខាសាលា លោកបានកត់សម្គាល់នូវស្ថានភាពជារួមនៃបញ្ហាប្រឈម និងកង្វះខាតប្រសិទ្ធភាពនៅក្នុងយន្ដការនេះ គឺកិច្ចសហការរវាងមន្ដ្រីព័ត៌មាន និងមន្ដ្រីនៃមន្ទីរវិស័យជំនាញថ្នាក់ក្រោមជាតិ ពុំទាន់មានភាពជិតស្និទ និងស៉ីសង្វាក់គ្នានៅឡើយ ដែលជាឧបសគ្គរាំងស្ទះដល់អ្នកនាំពាក្យ ឬមន្ដ្រីព័ត៌មាន ក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងទាន់ពេលវេលា។
ក្នុងន័យនេះ លោកបានសំណូមពរដល់ រដ្ឋមន្ដ្រីព័ត៌មាន ក៏ដូចជាអ្នកនាំពាក្យថ្នាក់ជាតិ (ជាថ្នាក់ដឹកនាំជិតស្និទ្ធនឹងរដ្ឋមន្ដ្រីក្រសួងសាម៉ី) ពិចារណារៀបចំគោលការណ៍ជាក់លាក់មួយ ដែលធានាបាននូវកិច្ចសហការរវាងមន្ទីរវិស័យជំនាញជុំវិញខេត្ត និងមន្ទីរព័ត៌មាន ដើម្បីឱ្យការរៀបចំវេទិកាសន្ទនាមតិ ឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានផុលផុស ឈានទៅសម្រេចបាននូវការដឹង ការយល់ និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាមួយមន្ដ្រីអាជ្ញាធររដ្ឋ រួមគ្នាដើម្បីកសាងសង្គមជាតិដ៏ល្អផូរផង់របស់យើង ឆ្ពោះកាន់វិបុលភាព វឌ្ឍនភាព និងនិរន្ដរភាព៕