វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1086 នាក់
ម្សិលមិញ 11025 នាក់
សរុប 16476139 នាក់
ភ្នំពេញ ៖ គោលដៅនៃទស្សកិច្ចនៅកម្ពុជាពីថ្ងៃទី១២ដល់១៣កញ្ញាលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានប្រកាស ប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបចរចាអំពីទំនាក់ទំនងកម្ពុជា-ចិនជាមួយសម្តេចអគ្គមហាសេនាបតីតេជោ។ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានជួបសន្ទនា និងរៀបចំអាហារការងារពេលព្រឹកជូនលោកវ៉ាង យី។
នៅក្នុងសេចក្តីប្រកាសពត៍មាន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន ថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាលចិនដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេសអង្ករបានចំនួន៦១៥.៦១២តោន ចេកបានចំនួន២៧២.០២៣តោន និងស្វាយបានចំនួន២១១តោន នាពេល៨ខែកន្លងមក ដែលជាការរួមចំណែកដ៏ធំធេងដល់ប្រជាកសិករកម្ពុជា ជាពិសេសបានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលជំងឺកូវីដ-១៩ នឹងជួយដល់ពលករដែលត្រលប់មកពីប្រទេសថៃបានប្រកបការងារកសិកម្ម។ទន្ទឹមនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរអោយចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ។ល។
ទាក់ទងនិងទីផ្សារកសិផលនេះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងក្នុងសន្និសីទកាសែតក្រោយបញ្ចប់ជំនួបទ្វេភាគីរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក វ៉ាង យី នាទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាថាលោកនឹងខិតខំធ្វើយ៉ាងណា ជំរុញឲ្យផលិតផលកសិកម្មរបស់កម្ពុជា បានចូលទៅទីផ្សាររបស់ចិនកាន់តែច្រើន។«មានការសន្យាពីឯកឧត្ដម វ៉ាង យី ថានឹងខិតខំធ្វើយ៉ាងណាឲ្យកសិផល ផលកសិកម្មពីកម្ពុជា កាន់តែច្រើន បានចូលទីផ្សាររបស់ចិន»។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា គ្មានប្រទេសណាទេ នៅលើពិភពលោកនេះ ដែលបានជួយប្រទេសកម្ពុជា ដូចប្រទេសចិននោះឡើយ ហើយការអភិវឌ្ឍកម្ពុជាគ្រប់វិស័យ មិនអាចកាត់ផ្តាច់ ពីការគាំទ្ររបស់ចិនបានទេ។សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានពិភាក្សាគ្នា ក្នុងការពង្រឹងវិស័យនយោបាយ ការពារជាតិ និងសន្ដិសុខ ព្រមទាំងការងើបឡើងវិញ និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ក៏ដូចជាវិស័យពាណិជ្ជកម្មវិនិយោគផងដែរ។
ក្រៅពីជំនួញកសិផលលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឲ្យដឹង ការអនុវត្តគម្រោងនានាជាបន្ទាន់ក្រោយពីប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី១៦ មិថុនា ២០២០ បញ្ជីគម្រោងដែលត្រូវអនុវត្តន៍បន្ទាន់(To Do List) ។លោកឧបនាយករដ្ឋមន្ត្រី បានលើកជាអាទិ៍ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា គម្រោងសាងសង់ផ្លូវជាតិលេខ៧១C គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ លេខ៣១ និងផ្លូវជាតិលេខ៣ គម្រោងប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុ ព្រមទាំងការកសាងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកថាគួរពិចារណារកពេលសមស្របរៀបចំការតាំងពិពណ៌អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំងពីរ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើបញ្ចូលក្រសួងបរិស្ថាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលខាងកម្ពុជា ដែលសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីបានយល់ស្របដ៏ខ្ពង់ខ្ពស់ហើយ។ក្នុងឱកាសនោះដែរលោកវ៉ាង យី បានឆ្លើយតបជាអាទិ៍ដូចតទៅ៖-ជម្រុញការសាងសង់ផ្លូវជាតិលេខ៧១C។សូមជម្រាបដែរថា គម្រោងសាងសង់ផ្លូវ៧១Cនេះ តភ្ជាប់ពីខេត្តត្បូងឃ្មុំ ទៅខេត្តកំពង់ចាម ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន ស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ មានប្រវែង ជាង ១១៤គីឡូម៉ែត្រ គម្រោងនេះបានសិក្សាដោយក្រុមហ៊ុន សៀងហៃ គ្រុប។ ផ្លូវនេះត្រូវស្ថាបនាមានធ្វើ ១២ម៉ែត្រ ១១ម៉ែត្រ ឬ១០ម៉ែត្រ គ្រោងចំណាយពេល សាងសង់៣៦ខែ និងត្រូវប្រើប្រាស់ថវិកាសាងសង់ប្រមាណជាង១០០លានដុល្លារ។
-បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង២០Km-យកចិត្តទុកដាក់ និងជម្រុញបន្ថែមទៀតលើគម្រោងខ្សែកាបិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង-ស្នើអោយសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រងCasino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដែលសម្តេចតេជោបានប្រកាសបិទរួចទៅហើយ។លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការខូចខាតប្រវែង២០គីឡូម៉ែត្រនេះ មានកំណាត់ផ្លូវប្រវែង ១៥គីឡូម៉ែត្រ ខូចដោយសារតែស្ថានភាពកសាងគ្រឹះមិនបានរឹងមាំ ខណៈប្រវែង ៥គីឡូម៉ែត្រភ្ជាប់ទៅផ្លូវបំបែកវាលរេញ ស្ថានភាពដីខាងក្រោម ស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រ ដែលជាដើមចមចម្បងមួយនាំឱ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ។
លោក វ៉ាង យី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១, ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក៏បានអញ្ជើញចុះហត្ថលេខាជាមួយលោក Wu Jianghao ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លើវិញ្ញាបនបត្រប្រគល់-ទទួលសម្ភារជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនជូនដល់អាជ្ញាធរមីនផងដែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង យី។
សាធារណរដ្ឋប្រជាមានិតចិន ក៏បានចុះហត្ថលេខាលើលិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារសហរដ្ឋអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។ក្រៅពីឯកសារទី១ខាងលើមានឯកសារចំនួនចំនួន៥ទៀតដែលត្រូវបានចុះហត្ថលេខានេះរួមមាន៖ទី២៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូរ រវាងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក ម៉ម ប៊ុនហេង និងលោក វូ ហ្សីនហាវ ( Wu Jianghao) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
ទី៣៖ លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក ម៉ម ប៊ុនហេង និងលោក គៀន ខឹមីង (H.E. Qian Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។ទី៤៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន១,៧៥០,០០០,០០០យ័នចិន (ប្រមាណ ២៧០លានដុល្លារអាមេរិក) ដោយលោក វង្សី វិស្សុត និងលោក ដេង បូគិង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍន និងសហប្រតិបត្តិការអន្តរជាតិ។
ទី៥៖ លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដោយលោក វង្សី វិស្សុត និងលោក គៀង ខឺមីង (QIAN Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។ទី៦៖ កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង ដោយលោក សុខ សូកេន និង លោក វូ ហ្សីនហាវ ( Wu Jianghao) ឧបការីរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ៣លានដូសថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។នេះបើយោងតាមហ្វេសប៊ុកសម្តេចតេជោ បានចេញផ្សាយនាព្រឹក១៣ ខែកញ្ញានេះ។
សម្តេចតេជោបានមានប្រសាសន៍ថា «វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះ បានមកដល់ចំនួន២លានដូសហើយ ហើយនឹងមកដល់៣លានដូសទៀត ដែលមានចំនួនសរុប៥លានដូស ហើយបូកថែមជំនួយរបស់មិត្តចិនថ្មីនេះ ចំនួន៣លានដូសទៀត និងការចាក់កន្លងមកជិត១លានដូស យើងនឹងមាន៩លានដូស»។ សម្តេចតេជោ បន្តថា «បើយើងត្រូវការចាក់១២លានដូសទៀត យើងត្រូវការតែ៣លានដូសទៀតប៉ុណ្ណោះ»។
ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា, សម្តេចតេជោ បានបញ្ជាក់ថា ចិនបានក្លាយជាប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ ដោយមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលចិន និងប្រជាជនចិន ចំនួន២៦.៨លានដូសហើយ។
ក្នុងជំនួបនេះដែរ ឯកឧត្តម វ៉ាង យី បានអះអាងប្រាប់សម្តេចតេជោ ថាចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។ សម្តេចតេជោ បានបញ្ជាក់ថានៅក្នុងជំនួបថា សម្តេចបានលើកបញ្ហាកសិផលជាមួយ ឯកឧត្តម វ៉ាង យី ស្ដីពីការនាំកសិផលកម្ពុជា ត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជា មានប៉ៃលិនជាដើម។
នៅ ក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កម្ពុជាអនុវត្តន៍នយោបាយសន្តិសហវិជ្ចមាន អព្យាក្រិត អចិន្ត្រៃយ៍ យើងធ្វើមិត្តជាមួយប្រទេសទាំងអស់ គ្មានយកនណាមួយ ធ្វើជាសត្រូវ លើកលែងតែពួកភេរវកម្មទេ ដែលជាសត្រូវរបស់យើង ក៏ប៉ុន្តែលើការជាក់ស្តែងការអនុវត្តន៍ វាស៊ីសងទៅលើបញ្ហាតើអ្នកណា ហ៊ានផ្តល់ជំនួយឱ្យយើង»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអនុវត្តន៍គោលនយោបាយការបរទេស មិនមែនជារឿងលេងសើចទេ ហើយត្រូវប្រកដប្រជា ប្រកដនិយម មិនអាចទៅឆ្វេង ទៅស្តាំ ម្តងទៅលិច ម្តងទៅកើតបានទេ បើធ្វើយ៉ាងនេះវានឹងខូចផលប្រយោជន៍របស់ជាតិ ហើយអ្វីដែលនិយាយដោយត្រង់ជាមួយទំនាក់ទំនងកម្ពុជាចិន ក្នុងប្រវត្តិសាស្ត្រ របស់កម្ពុជានិងចិន មិនមែនទើបនឹងសម័យក្រោយនេះទេ គឺមានច្រើនសត្សវត្សហើយ ប៉ុន្តែអ្វីដែលគួរគត់សម្គាល់បំផុតគឺទំនាក់ទំនងដែលកសាងឡើង ដោយព្រះករុណា ព្រះបិតាសម្តេចព្រះរោត្តម សីហនុ ជាថ្នាក់ដឹកនាំចិនជាន់មុន បន្តរហូតដល់បច្ចុប្បន្នក៏នៅមានអ្នកបន្តវេនពង្រឹងនូវទំនាក់ទំនងនេះផងដែរ។សូមជម្រាបថា លោក វ៉ាង យី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយ:ពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។