វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7744 នាក់
ម្សិលមិញ 6961 នាក់
សរុប 15995102 នាក់
ឥណ្ឌា៖នៅថ្ងៃពុធទី ២៨ខែកក្កដានេះប្រទេសឥណ្ឌារំពឹងថានឹងសម្តែងការព្រួយបារម្ភជុំវិញប្រៀបឈ្នះរបស់ពួកតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងជំរុញឱ្យមានការគាំទ្របន្ថែមទៀតប្រឆាំងនឹងចិនក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក អានថូនី ប្លីនខិន ។ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសឥណ្ឌាក្នុងនាមជាអ្នកការទូតជាន់ខ្ពស់របស់អាម៉េរិកលោកប្លីនខិនក៏ត្រូវគេរំពឹងថានឹងលើកឡើងនូវការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយនាយករដ្ឋមន្ត្រីណារិនដ្រា ម៉ូឌី និងរដ្ឋមន្ត្រីការបរទេស ស៊ូប្រាម៉ានយ៉ាម ចៃសាន់កាផងដែរ។
ឥណ្ឌាព្រួយបារម្ភថាលទ្ធភាពដណ្តើមកាន់កាប់ណាមួយដោយពួកតាលីបង់ដែលខ្លួនមើលឃើញថាគាំទ្រដោយគូប្រជែងជូរចត់ប៉ាគីស្ថាននឹងប្រែក្លាយអាហ្វហ្គានីស្ថានទៅជាមូលដ្ឋានសម្រាប់ពួកសកម្មប្រយុទ្ធវាយប្រហារឥណ្ឌា។តាលីបង់បានស្វាគមន៍ពួកជ្រុលនិយមប្រឆាំងឥណ្ឌា នៅពេលដែលក្រុមសកម្មប្រយុទ្ធមូស្លីមស៊ុននីនេះគ្រប់គ្រងអាហ្វហ្គានីស្ថានពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ ។យន្ដហោះដឹកអ្នកដំណើរឥណ្ឌាដែលចោរប្លន់មួយគ្រឿងត្រូវបានហោះទៅកាន់មូលដ្ឋានតាលីបង់នៅខេត្តកាន់ដាហាក្នុងឆ្នាំ ១៩៩៩ ។
ឥណ្ឌាដែលជាអ្នកគាំទ្រដ៏រឹងមាំរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានជាមួយទឹកប្រាក់រាប់ពាន់លានដុល្លារជាជំនួយអភិវឌ្ឍន៍នោះ បានជម្លៀសបុគ្គលិកចំនួន ៥០ នាក់ចេញពីស្ថានកុងស៊ុលរបស់ខ្លួននៅខេត្តកាន់ដាហាដោយសារស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ.។ទំនាក់ទំនងរវាងអាម៉េរិកនិងឥណ្ឌាមានលក្ខណៈរកាំរកូសជាប្រវត្តិសាស្ត្រប៉ុន្តែការកើនឡើងឥទ្ធិពលចិនកាន់តែខ្លាំងឡើងបានជំរុញឱ្យពួកគេកាន់តែខិតជិតគ្នាជាពិសេសចាប់តាំងពីមានការប៉ះទង្គិចគ្នាដ៏សាហាវកាលពីឆ្នាំមុននៅព្រំដែនជម្លោះភ្នំហេមពាន្ត។
ប្រទេសឥណ្ឌាគឺជាផ្នែកមួយនៃសម្ពន្ធមិត្តគ្វាត( Quad) ជាមួយសហរដ្ឋអាម៉េរិកជប៉ុននិងអូស្ត្រាលី សម្រាប់ប្រឆាំងនឹងឥទ្ធីពលចិន។
លោកប្រាម៉ា ឆែលឡានី ជាអ្នកជំនាញកិច្ចការយុទ្ធសាស្ត្រនៅមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឥណ្ឌា បានឱ្យដឹងថា ការគាំទ្ររបស់សហរដ្ឋអាម៉េរិកបាន “ថមថយ”ចាប់តាំងពីលោកចូ បៃដិន ចូលកាន់អំណាចពីលោកដូណាល់ ត្រាំ ជាប្រធានាធិបតី។ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPលោកឆែលឡានីថា “ឥណ្ឌាកំពុងស្ថិតក្នុងស្ថានភាពប្រឈមមុខខាងយោធាជាមួយចិន ប៉ុន្តែខុសពីក្រុមមន្ត្រីកំពូលរបស់រដ្ឋបាលត្រាំដែលថ្កោលទោសជាសាធារណៈចំពោះអំពើរបស់ចិននិងគាំទ្រប្រទេសឥណ្ឌា ក្រុមរបស់លោកបៃដិនរហូតមកទល់ពេលនេះគ្មាននរណាម្នាក់បើកចិត្តដើម្បីគាំទ្រឥណ្ឌានោះទេ”។ លោកបៃដិនថែមទាំងធ្វើឱ្យរដ្ឋាភិបាលក្រុងញូវដែលីមិនសប្បាយចិត្តចំបោះផែនការរបស់វ៉ាស៊ីនតោនក្នុងការចាកចេញពីអាហ្វហ្គានីស្ថានយ៉ាងប្រញាប់ប្រញាល់និងយ៉ាងអន់បំផុត។
ដោយឡែកសម្រាប់ពួកតាលីបង់វីញកំពុងដើរយកចិត្តប្រទេសផ្សេងៗក្នុងនោះមានប្រទេសចិន។អ្នកនាំពាក្យក្រុមឧទ្ទាមតាលីបង់ម្នាក់បាននិយាយកាលពីថ្ងៃពុធថាគណៈប្រតិភូតាលីបង់កម្រិតកំពូលដែលធ្វើទស្សនកិច្ចនៅប្រទេសចិនធានាដល់ទីក្រុងប៉េកាំងថា ក្រុមឧទ្ទាមនេះនឹងមិនអនុញ្ញាតឱ្យអាហ្វហ្គានីស្ថានត្រូវបានប្រើជាមូលដ្ឋានសម្រាប់ការរៀបចំផែនការវាយប្រហារលើប្រទេសណាមួយឡើយ។អ្នកនាំពាក្យឈ្មោះម៉ូហាមម៉េត ណាអ៊ីម បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថាគណៈប្រតិភូកំពុងស្ថិតនៅក្នុងប្រទេសចិនដើម្បីពិភាក្សាជាមួយមន្ត្រីក្រុងប៉េកាំងខណៈក្រុមបះបោរនេះនៅតែបន្តវាយលុកពេញប្រទេសអាហ្វហ្គានីស្ថានរួមទាំងតំបន់នៅតាមព្រំដែនរួមគ្នារបស់ពួកគេផងដែរ។លោកណាអ៊ីមនិយាយថា “អ៊ីស្លាមអេមីរ៉ាតសូមធានាដល់ចិនថាទឹកដីអាហ្វហ្គានីស្ថាននឹងមិនត្រូវបានប្រើប្រាស់ប្រឆាំងនឹងសន្តិសុខរបស់ប្រទេសណាមួយឡើយ”។“ពួកគេ (ចិន) បានសន្យាថានឹងមិនជ្រៀតជ្រែកកិច្ចការរបស់អាហ្វហ្គានីស្ថាន ប៉ុន្តែផ្ទុយទៅវិញនឹងជួយដោះស្រាយបញ្ហានិងនាំមកនូវសន្តិភាព”។
ព្រំដែនរបស់ប្រទេសអាហ្កានីស្តង់និងចិនមានប្រវែងត្រឹមតែ ៧៦ គីឡូម៉ែត្រប៉ុណ្ណោះ ហើយស្ថិតនៅតំបន់ខ្ពង់រាបរដិបរដុបគ្មានផ្លូវឆ្លងកាត់ទេប៉ុន្តែទីក្រុងប៉េកាំងខ្លាចថាអាហ្វហ្គានីស្ថានអាចត្រូវបានប្រើជាមូលដ្ឋានសម្រាប់ក្រុមបំបែកខ្លួនវីហ្គួនៅស៊ីនជាំង។