វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 53 នាក់
ម្សិលមិញ 3355 នាក់
សរុប 13408929 នាក់
កម្ពុជា៖ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃរាប់រយនាក់ត្រូវបានរាយការណ៍ថា បានសម្រុកចូលមកប្រទេសកម្ពុជាវិញ ដោយសារបារម្ភពីការឆ្លងកូវីដ-១៩ ខ្វះការយកចិត្តទុកដាក់គាំពារសង្គមពីថៃ និងភាពស្រពិចស្រពិលនៃសុវត្ថិភាពការងារជាដើម។
ការសម្រុកវិលត្រលប់មកប្រទេសកំណើតវិញរបស់ពលករខ្មែរនៅពេលនេះ គឺដោយសារប្រទេសថៃ ដែលកំពុងប្រឈមនឹងរលកថ្មីនៃជំងឺកូវីដ-១៩ បានដាក់វិធានការរឹតបន្តឹងបន្ថែមដោយបិទខ្ទប់ទីក្រុងបាងកក និងទីក្រុងជុំវិញរយៈពេល១ខែ ចាប់ពីថ្ងៃចន្ទ័ទី២៨មិថុនានេះតទៅ។ បាងកកប៉ុស្តិ៍របស់ថៃរាយការណ៍ថា ជនជាតិកម្ពុជាប្រមាណ២០០នាក់បានវិលមកស្រុកឆ្លងតាមខេត្តស៊ូរិន្ទភាគឦសាន ក្រោយពីរដ្ឋាភិបាលសំរេចបិទជំរំកម្មករសំណង់ទាំងអស់នៅមហាតំបន់បាងកក និងខេត្តភាគខាងត្បូងចំនួន៤រយៈពេល៣០ថ្ងៃដើម្បីដោះស្រាយការផ្ទុះកូវីដ១៩នៅរលកថ្មី។
មន្ត្រីអន្តោប្រវេសន៍ថៃម្នាក់នៅស្រុកកាប់ឆឺង បាននិយាយថា ពួកគេភាគច្រើនបំរើការក្នុងវិស័យសំណង់និងមួយចំនួនធំត្រូវនិយោជកបញ្ឈប់ពីការងារ។ អ្នកវិលត្រឡប់ត្រូវបានសម្ភាសន៍និងពិនិត្យរកកូវីដ១៩មុនត្រូវកម្លាំងសមត្ថកិច្ចអមដំណើរដើម្បីធានាថាពួកគេមិនគេចចេញពីផ្លូវចាកចេញដែលត្រូវបានកំណត់ទុក។ការសម្រុកវិលមកស្រុកវិញរបស់ពលករខ្មែរពីថៃនេះបង្កឲ្យមានការព្រួយបារម្ភអំពីការនាំចូលវីរុសកូវីតបំប្លែងថ្មីពូជមកពីប្រទេសឥណ្ឌា។
ក្រសួងសុខាភិបាលកម្ពុជាកាលពីយប់ថ្ងៃសុក្រទី២៥មិថុនា បានដាក់ចេញសេចក្តីណែនាំបន្ទាន់ទៅកាន់អភិបាលខេត្តក្រុងនៅទូទាំងប្រទេស និងជាពិសេសនោះ បណ្ដាខេត្តនៅតាមច្រកព្រំដែន ឲ្យពង្រឹងវិធានការនានា ទាំងផ្នែករដ្ឋបាលនិងផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩បំប្លែងខ្លួនប្រភេទដែលតា «Delta» ចូលក្នុងសហគមន៍ ដោយកំណត់ឲ្យធ្វើចត្តាឡីស័កអ្នកដំណើរដែលចូលមកកម្ពុជាទាំងអស់នៅមាត់ច្រកព្រំដែន មុនពេលអនុញ្ញាតឲ្យពួកគេបន្តដំណើរទៅកាន់រាជធានីនិងខេត្តគោលដៅ។
វីរ៉ុសកូវីដ១៩បំប្លែងខ្លួនប្រភេទដែលតា «Delta» ដែលមានប្រភពមកពីឥណ្ឌា មានលទ្ធភាពចម្លងយ៉ាងលឿននិងសាហាវ។ អាជ្ញាធរត្រូវតែពង្រឹងការគ្រប់គ្រងច្រកព្រំដែន ជាពិសេសច្រករបៀង ដើម្បីបញ្ជៀសការជ្រៀតឆ្លងព្រំដែនចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ដែលអាចបង្កហានិភ័យក្នុងការចម្លងមេរោគបំប្លែងខ្លួនថ្មី ចូលក្នុងសហគមន៍។អាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវតែពង្រឹងការគ្រប់គ្រងពលរដ្ឋធ្វើចំណាកស្រុកដែលវិលចូលមកភូមិ-ឃុំវិញ និងត្រូវអនុវត្តវិធានការចត្តាឡីស័កនៅតាមមណ្ឌលធ្វើចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់ ក្នុងករណីដែលរកឃើញថា ពលរដ្ឋទាំងនោះពុំបានឆ្លងកាត់នៅតាមព្រំដែន។
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា តាមរយៈបណ្តាញសង្គម twitter នាព្រឹកថ្ងៃទី២៦មិថុនានេះ បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមានវីរ៉ុសកូវីដបំប្លែងខ្លួនដែលតានៅកម្ពុជានាពេលនេះ។ វីរ៉ុសកូវីដបំប្លែងខ្លួននេះ អាចនឹងកើនឡើងបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយចាំបាច់ទាមទារអោយគ្រប់គ្នាចូលរួមទប់ស្កាត់ជាបន្ទាន់។វីរ៉ុសកូវីដ១៩បំប្លែងខ្លួនប្រភេទដែលតា «Delta»នេះ ត្រូវបានរាយការណ៍ថាមានវត្តមាននៅកម្ពុជាតាមរយៈពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ នៅតាមបណ្តារខេត្តនៃកម្ពុជាដែលមានដូចជា ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តកំពងចាម និងខេត្តកំពត។ កម្ពុជារកឃើញ វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទនេះចំនួន ១២ករណីហើយ បន្ទាប់ពីរកឃើញករណីថ្មីចំនួន៥នាយប់ថ្ងៃទី២៥មិថុនានេះ នៅខេត្តសៀមរាប២ករណី និង៣ករណីទៀតនៅខេត្តឧត្តរមានជ័យ។
សម្រាប់ក្នុងស្រុកថៃវិញនៅថ្ងៃទី២៨ខែមិថុនា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៤០៦ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ហើយមានតែ១៨នាក់ប៉ុណ្ណោះជាករណីនាំចូល។មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៥,៣៩៧ករណីត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ៩ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។