វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4602 នាក់
ម្សិលមិញ 3845 នាក់
សរុប 12122281 នាក់
យ៉ាងហ្គន៖ យោធាមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទទី១កុម្ភៈ បានប្រើកម្លាំងយោធាដណ្ដើមអំណាចពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលគ្រប់គ្រងប្រទេសតាមការបោះឆ្នោត ។
សេចក្តីរាយការណ៍ឲ្យដឹងថា នៅព វេលាម៉ោង៣ភ្លឺព្រឹកថ្ងៃទី១កុម្ភៈ បណ្តាញអ៊ីនធ័រនែត ចាប់រអាក់រអួលអស់៧៥% បន្ទាប់មកត្រូវកាត់ផ្តាច់ទាំងស្រុង នៅតាមទីក្រុងធំៗ។ ប្រព័ន្ធទូរស័ព្ទក៏ដាច់ដោយអន្លើ។ យោធាបង្ហាញវត្តមានពេញរដ្ឋធានី និងចាប់យកលោកស្រី អ៊ុងសានស៊ូជីដែលជាទីប្រឹក្សារដ្ឋ និងលោកប្រធានាធិបតីលោក យូ វីនម្យីនត៍ (U Win Myint) ទាំងព្រលឹមអុល ទៅឃុំទុកនៅក្រុងណៃពិដោ។ អភិបាលក្រុងរ៉ង់ហ្គូន សិល្បករ ប្រមុខដឹកនាំសង្គមស៊ីវិល និងអ្នកនយោបាយនៅតំបន់ជនជាតិភាគតិចជាច្រើនរូប ត្រូវបានក្រោមយោធាចាប់ខ្លួន ជាបន្តបន្ទាប់នៅវេលាម៉ោងបីកន្លះភ្លឺនាថ្ងៃចន្ទទី ១កុម្ភៈ ថ្ងៃដែលត្រូវបើកប្រជុំសភាអាណត្តិថ្មីបន្ទាប់ពីការបោះឆ្នោតសភាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ដែលគណបក្សគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ឈ្នះសម្លេងភាគច្រើន ។
នៅវេលាម៉ោង៨ព្រឹក Tatmadaw( ឈ្មោះកងកម្លាំងយោធាភូមា) បានចេញសេចក្តីថ្លែងការណ៍ ប្រកាសធ្វើរដ្ឋប្រហារនិងឡើងក្តោបអំណាច ដោយមានលោកឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង (Min Aung Hlaing) មេទ័ពដ៏មានអំណាចបំផុតនៅភូមា ជាអ្នកគ្រប់គ្រងអំណាចក្នុងដៃស្ទើរតែម្នាក់ឯង (កាន់ទាំងអំណាចរដ្ឋបាល សភា និងតុលាការ)។ ក្រុមរដ្ឋប្រហាបានតែងតាំងអនុប្រធានាធិបតីភូមាបច្ចុប្បន្ន លោក មីង ស្វេ Myint Swe អតីតមេទ័ពដ៏មានអំណាចនៅរ៉ង់ហ្គូន ជាប្រធានាធិបតីស្តីទី (តួនាទីកត្តិយស) សម្រាប់រយៈពេលមួយឆ្នាំដែលពួកធ្វើរដ្ឋប្រហារចាត់ទុកប្រទេសក្នុងគ្រាអាសន្នដើម្បីរៀបចំការបោះឆ្នោតជាថ្មី?។
អាកាសយានដ្ឋានអន្តរជាតិបានបិទ។ ផ្លូវថ្នល់សំខាន់ៗក្នុងរដ្ឋធានី និងនៅរ៉ង់ហ្កូន ត្រូវបិទខ្ទប់។ ធនាគារក៏ត្រូវបិទរហូតដល់មានបទបញ្ជាថ្មី ដែលជាហេតុនាំប្រជាពលរដ្ឋសម្រុកនាំគ្នាទៅដកលុយ តែហាងទំនិញនៅបើកនៅឡើយទេ។សេចក្ដីជូនដំណឹងរបស់សមាគមធនាគាបានឲ្យដឹងថា “សមាជិកទាំងអស់របស់សមាគមធនាគារមីយ៉ាន់ម៉ា បានបិទធនាគាររបស់ខ្លួនដោយចាប់ផ្តើមជាឯកច្ឆន្ទពីថ្ងៃទី១ខែកុម្ភៈនេះទៅ”។សេចក្តីថ្លែងការណ៍បាននិយាយថា ធនាគារនានានឹងស្នើសុំការអនុញ្ញាតពីធនាគារកណ្តាលមីយ៉ាន់ម៉ា សម្រាប់ការបិទជាបណ្តោះអាសន្នហើយជូនដំណឹងដល់ពួកគេនៅពេលពួកគេគ្រោងនឹងចាប់ផ្តើមសេវាកម្មឡើងវិញ។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅបានប្រកាសថា មេដឹកនាំរបស់ពួកគេគឺលោកស្រី អោង សាន ស៊ូជី បានអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ កុំទទួលស្គាល់ការធ្វើរដ្ឋប្រហារដោយយោធា និងក្រោកឡើងធ្វើបាតុកម្មតវ៉ា។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្ស NLD បានគូសបញ្ជាក់ ថា «សកម្មភាពដែលយោធាកំពុងធ្វើ បាននិងកំពុងនាំប្រទេសជាតិ ត្រលប់ទៅរបបផ្ដាច់ការសាជាថ្មី។ ខ្ញុំជំរុញឱ្យប្រជាជនទាំងអស់ កុំទទួលស្គាល់ទង្វើបែបនេះជាដាច់ខាត ហើយក្រោកឈរឡើងធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋប្រហាររបស់យោធា»។នៅល្ងាចថ្ងៃទី១ខែកុម្ភៈនៅមុខស្ថានទូតមីយ៉ាន់ម៉ា ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនលោកស្រីអង់សាន ស៊ូជី ពីសំណាក់យោធា។
ក្រុមបាតុករអំពាវនាវឲ្យកម្លាំងយោធាដោះលែងលោកស្រី ស៊ូជី និងមន្ត្រីរដ្ឋាភិបាលដែលបានចាប់ខ្លួន ។ ថៃគឺជាប្រទេសដែលមានពលរដ្ឋមីយ៉ាន់ម៉ារស់នៅជាង១លាននាក់ ។ឧបនាយករដ្ឋមន្ត្រីថៃ លោកប្រាវិតវង់សុវាន់(Prawit Wongsuwon) បានលើកឡើងថា ការដែលយោធាដណ្តើមអំណាចដឹកនាំប្រទេសគឺជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ។ លោកPrawit Wongsuwon បន្តទៀតថា រដ្ឋាភិបាលថៃបារម្ភខ្លាំងនោះគឺខ្លាចអ្នកឆ្លងកូវីដ-១៩ មកពីប្រទេសមីយ៉ាន់ម៉ាកាន់តែច្រើន។លោកប្រាវីតលើកបែបនេះជួណពេលដែលរដ្ឋមន្ត្រីសុខាភិបាលបានប្រកាសលាលែងពីតំណែងបន្ទាប់ពីមេត្រូវបានចាប់ខ្លួន។សូមបញ្ជាកថា៖ ថៃនិងមីយ៉ាន់ម៉ា មានបន្ទាត់ព្រំដែនប្រវែងដល់ទៅ២៤០០គីឡូម៉ែត្រ ហើយការឆ្លងដែនចូលក្នុងប្រទេសថៃ គឺជារឿងមិនអាចគេចផុត។តាមសារព័ត៌មានBangkok Post បានផ្សាយថា មីយ៉ាន់ម៉ា បានបិទព្រំដែនជាប់ប្រទេសថៃស្ថិតនៅក្នុងតំបន់ Mae Sai ខេត្តChiang Rai ។ ជាមួយគ្នានេះច្រកព្រំដែនផ្សេងទៀតក៏ត្រូវបានបិទផងដែរ ។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញ ដែលតាក់តែងដោយយោធាកាលពីឆ្នាំ២០០៨ គ្រោងផ្តល់អំណាចបន្តិចម្តងៗទៅឱ្យស៊ីវិល បានបើកផ្លូវឱ្យភូមាមានរដ្ឋាភិបាលស៊ីវិល នៅឆ្នាំ២០១១មក តែបានកំណត់ឱ្យក្រុមយោធាជាអ្នកកាន់ក្រសួងបីសំខាន់ៗ (មហាផ្ទៃ ការពារជាតិ និងព្រំដែន) និងមានអាសនៈ នៅក្នុងសភា២៥% ដោយមិនឆ្លងកាត់ការបោះឆ្នោត។ រដ្ឋធម្មនុញ្ញនេះបានចែងហាមឃាត់មិនឱ្យពលរដ្ឋភូមារៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស បានក្លាយជាប្រធានាធិបតីទេ។ ក្រុមយោធាមានចេតនាធ្វើគ្រប់យ៉ាងរារាំងលោកស្រីអ៊ុងសានស៊ូជី។
នៅពេលឈ្នះ ក្នុងសម័យបោះឆ្នោតសភាឆ្នាំ២០១៥ លោកស្រីអ៊ុងសានស៊ូជី មិនអាចកាន់តួនាទីជាប្រមុខរដ្ឋ ជាផ្លូវការបានមែន តែលោកស្រីមានតំណែងជា “ទីប្រឹក្សារដ្ឋ” ដែលជាអ្នកដឹកនាំប្រទេសពិតៗដោយជាក់ស្តែង។ បានន័យថា ក្រុមយោធាបានបាត់បង់អំណាចគ្រប់គ្រងដំណើរការនយោបាយអស់មួយភាគធំ។ បើតាមអ្នកវិភាគនយោបាយ នេះជាចម្លោះប្រហោងនៃច្បាប់រដ្ឋធម្មនុញ្ញ ដែលពួកយោធាមិនបានគិតដល់។
អង្គការសហប្រជាជាតិ (UN) និងបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំង ហើយថែមទាំងព្រមានដែរថា នឹងចាត់វិធានការឆ្លើយតប បើសិនជាយោធាមិនព្រមដោះលែងលោកស្រី ស៊ូជី និងអ្នកដែលត្រូវបានចាប់ខ្លួនឱ្យមានសេរីភាពវិញទេនោះ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony J Blinken ក៏បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងផងដែរក្នុងសេចក្តីថ្លែងការណ៍មួយ និងបានជំរុញឲ្យយោធាផ្លាស់ប្តូរសកម្មភាពរបស់ខ្លួនជាបន្ទាន់។ “យើងសូមអំពាវនាវដល់មេដឹកនាំយោធាមីយ៉ានម៉ាឲ្យដោះលែងមន្ត្រីរដ្ឋាភិបាលនិងមេដឹកនាំសង្គមស៊ីវិលទាំងអស់ ហើយគោរពឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ាដូចដែលបានបង្ហាញនៅក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីថ្ងៃទី៨ខែវិច្ឆិកា។ សហរដ្ឋអាមេរិកឈរជាមួយប្រជាជនមីយ៉ាន់ម៉ា នៅក្នុងសេចក្តីប្រាថ្នារបស់ពួកគេចំពោះលទ្ធិប្រជាធិបតេយ្យ សេរីភាព សន្តិភាពនិងការអភិវឌ្ឍ”។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres លោក អង់តូនីញ៉ូ ហ្គូតទែស បានលើកឡើងថា ការប្រកាសប្រមូលក្តោបក្តាប់អំណាចទាំងស្រុង ពីសំណាក់ក្រុមយោធា នឹងបំផ្លាញដល់ការធ្វើកំណែទម្រង់ ប្រជាធិបតេយ្យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបាន ថ្លែងថ្កោលទោសផងដែរ ចំពោះការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ព្រមទាំងអ្នកនយោបាយជាច្រើនរូបទៀត នៅក្រោយហេតុការណ៍រដ្ឋប្រហារ។
លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសរសេរលើទំព័រTwitter ថា តាងនាមឲ្យសហភាពអឺរ៉ុប លោកសូមថ្កោលទោស យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការធ្វើរដ្ឋប្រហារ ព្រមទាំងការចាប់ខ្លួនលោកស្រីអ៊ុងសាន ស៊ូជី និងអ្នកនយោបាយផ្សេងទៀត។ លោកបន្តថា លទ្ធផលនៃការបោះឆ្នោតបែបប្រជាធិបតេយ្យ ត្រូវតែទទួលបានការគោរពទទួលយក។ ចំណែកលោក Josep Borrell ប្រមុខការទូតសហភាពអឺរ៉ុប បានលើកឡើងថា ប្រជាជនភូមាត្រូវការលទ្ធិប្រជាធិបតេយ្យ ហើយសហភាពអឺរ៉ុប នឹងនៅជាមួយប្រជាជនភូមាជានិច្ច។
ចំណែកលោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស បានសរសេរលើTwitter ថា លោកថ្កោលទោស រដ្ឋប្រហារយោធារបស់កងទ័ពភូមា និងថ្កោលទោសចំពោះការចាប់ឃុំខ្លួនលោកស្រីអ៊ុងសាន ស៊ូជី ព្រមទាំងអ្នកទោសនយោបាយឯទៀត។លោកហ្កាប្រ៊ីអេលអាតាល់( Gabriel Attal )អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានថ្លែងនៅតាមវិទ្យុ នៅព្រឹកថ្ងៃទី១កុម្ភៈនេះថា រដ្ឋាភិបាលបារាំង សូមអំពាវនាវឲ្យកងទ័ពភូមា ត្រូវដោះលែងមនុស្សទាំងអស់ ហើយទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលប្រជាជនភូមាបានសម្រេចចិត្ត។ លោកបានអះអាងថា រដ្ឋាភិបាលបារាំង កំពុងពិភាក្សា ជាមួយដៃគូ និងស្ថាប័នអន្តរជាតិឯទៀត ដើម្បីរកយន្តការអន្តរជាតិ ជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យភូមា។ រដ្ឋាភិបាលជប៉ុន សិង្ហបុរី ឥណ្ឌា និងអូស្ត្រាលីជាដើម សុទ្ធតែបានសម្តែងការព្រួយបារម្ភ អំពីការរលត់រលាយ នូវការរីកចំរើនបង្គួរ នៃលទ្ធិប្រជាធិបតេយ្យនៅភូមា។
ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ផ្សាយថា៖រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ខ្លួនបានដឹងលឺអំពីការធ្វើរដ្ឋប្រហារយោធា ដែលកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានាថ្ងៃចន្ទនេះ ហើយសង្ឃឹមថា ភាគីទាំងអស់អាចដោះស្រាយការខ្វែងគំនិតគ្នានានា នៅក្រោមរដ្ឋធម្មនុញ្ញ និងរក្សាឲ្យបាននូវស្ថិរភាព។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានលើកឡើងយ៉ាងដូច្នេះថា «ខាងយើងបានកត់សម្គាល់ឃើញនូវអ្វី ដែលបាននិងកំពុងកើតឡើងនៅមីយ៉ាន់ម៉ា ហើយកំពុងតែស្វែងយល់ស្ថានការណ៍បន្ថែមទៀត។ ចិនគឺជាអ្នកជិតខាងល្អមួយរបស់មីយ៉ាន់ម៉ា ហើយយើងសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា នឹងអាចដោះស្រាយការខ្វែងគំនិតគ្នាទាំងឡាយ នៅក្រោមរដ្ឋធម្មនុញ្ញ ក៏ដូចជាក្របខណ្ឌច្បាប់នៃប្រទេសខ្លួន ហើយរក្សាការពារឲ្យបាននូវស្ថិរភាពនយោបាយ និងសង្គម»។
សូមបញ្ជាក់ថាកាលពីខែមុនប្រមុខការទូតចិនលោក វ៉ាង យី (Wang Yi) បានជួបជាមួយអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) អំឡុងដំណើរទស្សនកិច្ចមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ឥឡូវអំណាចគ្រប់គ្រងមីយ៉ាន់ម៉ា ត្រូវបានផ្ទេរទៅឲ្យលោក មីន អោង ហ្លេង សាន ស៊ូជី និងប្រធានាធិបតី នៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា ប្រទេសចិនធ្លាប់បានគាំទ្រមីយ៉ាន់ម៉ា កាលពីសម័យដែលប្រទេសនេះស្ថិតក្រោមរបបយោធា ប៉ុន្តែចិនក៏តែបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាដដែល នៅក្រោយពេលលោកស្រី អោង សាន ស៊ូជី ក្លាយជាមេដឹកនាំរបស់សហភាពមីយ៉ាន់ម៉ា។
ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗ ដែលធ្លាប់បានកើតឡើងនៅមីយ៉ាន់ម៉ា៖
*ឆ្នាំ១៩៤៧៖លោក អោង សាន ដែលជាមេដឹកនាំចលនាប្រឆាំងជប៉ុន និងចលនាទាមទារឯករាជ្យជាតិពីអង់គ្លេស ត្រូវបានគេលួចធ្វើឃាត។ លោកស្រី អោង សាន ស៊ូជី គឺជាកូនស្រី តែម្នាក់ គត់របស់លោក អោង សាន។
*ឆ្នាំ១៩៤៨៖មីយ៉ាន់ម៉ា ទទួលបានឯករាជ្យជាផ្លូវការពីអង់គ្លេស ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក U Nu
*ឆ្នាំ១៩៦២៖យោធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់ឧត្ដមសេនីយ៍ Ne Win បានឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារ។ គ្រប់គណបក្សប្រឆាំងទាំងអស់ នៅពេលនោះ ត្រូវបានហាមឃាត់ ហើយយោធាគ្រប់គ្រងលើរាល់កិច្ចការពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលធ្វើសេដ្ឋកិច្ចជាតិដាំក្បាលចុះក្រោម ដោយសារតែទណ្ឌកម្មអន្តរជាតិ។
*១៩៨៨៖បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ បានផ្ទុះឡើងនៅខែសីហា ហើយត្រូវបានបង្ក្រាបយ៉ាងសាហាវពីយោធា ខណៈបើតាមក្រុមអង្គការសង្គមស៊ីវិល មនុស្សប្រហែលជា ៥,០០០នាក់ បានស្លាប់ក្នុងការបង្ក្រាបនេះ។ នៅខែកញ្ញា ឆ្នាំដដែល លោកស្រី អោង សាន ស៊ូជី បានបង្កើតគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។
*១៩៩០៖នៅក្រោមសម្ពាធពីអន្តរជាតិ យោធាមីយ៉ាន់ម៉ា បានរៀបចំឱ្យមានការបោះឆ្នោតមួយ ដែលនៅពេលនោះ គឺគណបក្សរបស់លោកស្រី ស៊ូជី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ ប៉ុន្តែ យោធា បដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយថែមទាំងចាប់ខ្លួនលោកស្រី ស៊ូជី ឃុំក្នុងផ្ទះទៀតផង។
*ឆ្នាំ១៩៩៥៖នៅក្នុងខែកក្កដា លោកស្រី អោង សាន ស៊ូជី ត្រូវបានដោះលែងឱ្យមានសេរីភាព ចេញពីការឃុំខ្លួននៅក្នុងផ្ទះ។
*ឆ្នាំ១៩៩៧៖មីយ៉ាន់ម៉ា ចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់អាស៊ាន។
*ឆ្នាំ២០០០៖លោកស្រី អោង សាន ស៊ូជី ត្រូវបានយោធាចាប់ឃុំខ្លួននៅក្នុងផ្ទះសាជាថ្មី ជាហេតុជំរុញឱ្យអឺរ៉ុប បង្កើនការដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា។
*ឆ្នាំ២០០២៖លោកស្រី អោង សាន ស៊ូជី ត្រូវបានដោះលែងឱ្យមានសេរីភាពជាថ្មីម្ដងទៀត និងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរជុំវិញប្រទេស។
*ឆ្នាំ២០០៣៖លោកស្រី អោង សាន ស៊ូជី ត្រូវបានយោធាចាប់ឃុំខ្លួនជាថ្មី ដោយយោធាអះអាងថាដើម្បីការពារសុវត្ថិភាពលោកស្រី បន្ទាប់ពីមានការវាយប្រហារមួយលើក្បួនរថយន្ដរបស់លោកស្រី។
*ឆ្នាំ២០០៦៖យោធាមីយ៉ាន់ម៉ា ប្រកាសថាពួកគេសម្រេចផ្លាស់ប្ដូររដ្ឋធានីទៅទីក្រុង ណៃពិដោរ វិញ។ ដំបូងឡើយ ទីក្រុង យ៉ាងហ្គន គឺជារដ្ឋធានីរបស់មីយ៉ាន់ម៉ា។
* ឆ្នាំ២០០៧៖ប្រជាជនមីយ៉ាន់ម៉ា រាប់ពាន់នាក់ បាននាំគ្នាចុះតាមដងផ្លូវធ្វើបាតុកម្មតវ៉ា នៅក្នុងទីក្រុងយ៉ាងហ្គន ក្រោយរដ្ឋាភិបាលយោធាលុបចោលជំនួយលើឥន្ធនៈ។ មនុស្សរាប់សិបនាក់ ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត នៅក្នុងការបង្ក្រាបរបស់យោធា។
*ឆ្នាំ ២០០៨៖ដំណើរការផ្លាស់ប្ដូរទៅរកប្រជាធិបតេយ្យ បានចាប់ផ្ដើម ជាមួយភាពចម្រូងចម្រាសពាក់ព័ន្ធនឹងការបោះឆ្នោតប្រជាមតិ លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលត្រូវបានធ្វើឡើង តែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្យុះស៊ីក្លូន Nargis វាយប្រហារលើមីយ៉ាន់ម៉ា។
*ឆ្នាំ២០១០៖គណបក្ស USDP ស្និទនឹងយោធាមីយ៉ាន់ម៉ា ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ដែលគណបក្ស NLD ពហិការមិនចូលរួម។ លោកស្រី អោង សាន ស៊ូជី ត្រូវបានដោះលែងឱ្យ មានសេរីភាពពីការឃុំខ្លួននៅក្នុងផ្ទះ នៅខែវិច្ឆិកា ឆ្នាំដដែល។
*ឆ្នាំ២០១២៖ជម្លោះនៅក្នុងរដ្ឋ Rakhine បានបង្ខំឱ្យជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារាប់សែននាក់ រត់ភៀសខ្លួនទៅបង់ក្លាដែស និងរាប់រយនាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់។
*ឆ្នាំ២០១៥៖គណបក្ស NLD ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសកល ហើយលោកស្រី ស៊ូជី ក្លាយជាមេដឹកនាំដោយមានតួនាទីជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។
*ឆ្នាំ២០១៦៖ជម្លោះនៅក្នុងរដ្ឋ Rakhine ផ្ទុះឡើងជាថ្មី បន្ទាប់ពីយោធាមីយ៉ាន់ម៉ា អះអាងថាក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បានសម្លាប់មន្ត្រីប៉ូលិស៩នាក់។ អំពើហិង្សានេះបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ា ជាច្រើននាក់ស្លាប់ និងរាប់សែននាក់ផ្សេងទៀត រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ផងដែរ។
*ឆ្នាំ២០១៧៖យោធាមីយ៉ាន់ម៉ា បានដឹកនាំប្រតិបត្តិការយោធាមួយ នៅក្នុងរដ្ឋ Rakhine ដោយបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ាច្រើនជាង ៧៣០,០០០នាក់ ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានចោទថាយោធាមីយ៉ាន់ម៉ា មានជាប់ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា។ ប៉ុន្តែ លោកស្រី អោង សាន ស៊ូជី តំណាងរដ្ឋាភិបាលរបស់លោកស្រី បានច្រានចោលការចោទប្រកាន់បែបនេះ។
*២០១៩៖ជម្លោះប្រដាប់អាវុធ បានផ្ទុះឡើងនៅក្នុងរដ្ឋ Rakhine រវាងយោធាមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធរ៉ូហ៊ីងយ៉ា។ លោកស្រី ស៊ូជី ក៏បានជំរុញឱ្យយោធា បង្ក្រាបក្រុមឧទ្ទាមមួយនេះដែរ។
*ឆ្នាំ២០២០៖នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ គណបក្ស NLD បានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល។
*ឆ្នាំ២០២១៖នៅថ្ងៃទី២៦ ខែមករា៖ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោកឧត្ដមសេនីយ៍ត្រី Zaw Min Tun បានព្រមានថា យោធានឹងចាត់វិធានការឆ្លើយតប បើសិនជាបណ្ដឹងតវ៉ាលើលទ្ធផល បោះឆ្នោតរបស់ពួកគេ មិនត្រូវបានដោះស្រាយទេនោះ។
នៅថ្ងៃទី២៨ ខែមករា៖ គណៈកម្មាការរៀបចំការបោះឆ្នោត ច្រានចោលការចោទប្រកាន់របស់យោធា ដោយនិយាយថាការបោះឆ្នោតបានប្រព្រឹត្តទៅដោយមានតម្លាភាព និងយុត្តិធម៌។នៅថ្ងៃទី៣០ ខែមករា៖ យោធាមីយ៉ាន់ម៉ា បាននិយាយថាពួកគេនឹងការពាររដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ។
នៅថ្ងៃទី០១ ខែកុម្ភៈ៖ យោធាមីយ៉ាន់ម៉ា បានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ព្រមទាំងផ្ទេរអំណាចទៅឱ្យ លោកអគ្គមេបញ្ជាការយោធា មីន អោងហ្លេង (Min Aung Hlaing)។