វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1599 នាក់
ម្សិលមិញ 2663 នាក់
សរុប 15673879 នាក់
ភ្នំពេញ៖ នៅថ្ងៃទី៣១កក្កដា២០២០នេះលោក រ៉ុង ឈុន ត្រូវបានសមត្តកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ប្រាប់កាសែត ថា «លោក រ៉ុង ឈុន ពិតជាត្រូវបានចាប់ខ្លួនមែន ទាក់ទងនឹងការបំភ្លៃការពិតលើបញ្ហាព្រំដែន ដែលជាបទល្មើសជាក់ស្តែង គឺបទល្មើសញុះញង់បង្កឲ្យមានភាព វិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។បច្ចុប្បន្ន លោក រ៉ុង ឈុន ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។
ការចាប់ខ្លួនលោករ៉ុងឈុនប្រធានសហភាពសហជីពកម្មករបានកើតឡើងក្រោយពីលោករ៉ុងឈុនចេញសេចក្តីថ្លែងការណ៍ពាក់ពន្ធ័បញ្ហាប្រជាជនមានបញ្ហាដីធ្លីនៅតាមព្រុំដែនក្នុងខេត្តត្បូងឃ្មុំហើយត្រូវបាន គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាចេញសេចក្តីថ្លែងការណ៍ព្រមានថាជា ការធ្វើសកម្មភាព ក្នុងចេតនាបំផ្លើសការពិតអំពីរឿងព្រំដែន ហើយនាំឲ្យសាធារណជនភាន់ច្រឡំ គឺអាចប្រឈមមុខនឹងផ្លូវច្បាប់។
សេចក្តីថ្លែងការណ៍ នៅថ្ងៃ សុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានប្រកាសទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែង ការណ៍របស់ឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ផ្សាយព័ត៌មានមិនពិត និងបំផ្លើស នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយបានចោទថា ” …ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីយួនជាច្រើនរយហិកតា ហើយបើគិតពីបន្ទាត់ព្រំដែន ចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល៥០០ ម៉ែត្រក្នុងដីកម្ពុជា…. ខ្សែបន្ទាត់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗចូលមកក្នុងទឹកដីកម្ពុជាប្រមាណ ៣ គីឡូម៉ែត្របច្ចុប្បន្ននេះ និងថា អាជ្ញាធរយួនបានមកចូលរួមបណ្ដេញ និងរុញច្រានប្រជាពលរដ្ឋខ្មែរដែលរងគ្រោះពីដីធ្លីចូលប្រមាណជាង ២០០ម៉ែត្រក្នុងដីខ្មែរ ដែលអាជ្ញាធរខ្មែរមិនបានទប់ស្កាត់ ចំពោះទង្វើអាជ្ញាធរយួនធ្វើមកលើពលរដ្ឋរង គ្រោះ… នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ” ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមប្រកាសបដិសេធចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ឈ្មោះ រ៉ុង ឈុន និងគូកននៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល អំពីការធ្វើឲ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឲ្យមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីស្រែចំការនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ បំផ្លើសពីការពិត និងមានការឃុបឃិតដោយ ចេតនាជាមួយជនខិលខូចដែលបានអះអាងថា ជាដីកេរដូនតារបស់ខ្លួនជាយូរមកហើយនោះ និងថា គណៈ កម្មាធិការព្រំដែនកម្ពុជា និងយួន បានស្នើសុំឲ្យពលរដ្ឋផ្អាកការបង្កបង្កើនផលលើដីនោះ ជាបណ្តោះអាសន្នសិន រង់ចាំការបោះបង្គោលរួចរាល់សិនទើបឲ្យពួកគាត់ធ្វើស្រែចំការលើដីនោះវិញ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បញ្ជាក់ថា៖
១-ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ពុំបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះទេ និងពុំមានអាជ្ញាធរវៀតណាម ចូលមករុញច្រានពលរដ្ឋខ្មែរមិនឲ្យដាំដុះក្នុងដីខ្មែរប្រមាណ ២០០ម៉ែត្រ នោះទេ។ ពាក់ព័ន្ធនឹង ករណីនេះ រដ្ឋបាលខេត្តត្បូងឃ្មុំក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរ ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
២-ការអះអាងថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា បានស្នើសុំឲ្យពលរដ្ឋខ្មែរផ្អាកការបង្ក បង្កើនផលលើដីនោះជាបណ្តោះអាសន្ន រង់ចាំការបោះបង្គោលរួចរាល់សិន ទើបឲ្យពួកគាត់ធ្វើ ស្រែចំការលើដីនោះវិញ។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមធ្វើការបដិសេធ ចោលទាំងស្រុងនូវការប្រឌិតព័ត៌មានក្លែងក្លាយនេះ។ ជាគោលការណ៍ក្នុងការធ្វើព្រំដែន រាជ រដ្ឋាភិបាលកម្ពុជាតែងតែបញ្ជាក់ហើយបញ្ជាក់ទៀតថា នឹងរក្សាទុកដីឲ្យពលរដ្ឋខ្មែរដែលបាន និងកំពុងគ្រប់គ្រងអាស្រ័យផលទាំងនោះ ឲ្យបន្តការគ្រប់គ្រងនិងកាន់កាប់បង្កបង្កើនផលដដែល។ រាជរដ្ឋាភិបាលគ្មានគោលការណ៍ សងដីឲ្យពលរដ្ឋវិញ ក្រោយការបោះបង្គោលព្រំដែន ដូចការលើកឡើងរបស់ជនខិលខូចនោះឡើយ។
បច្ចុប្បន្ននេះ ទោះបីការបោះបង្គោល និងខណ្ឌសីមាព្រំដែនបានរួចរាល់ហើយនៅតំបន់នោះក្តី ទោះជាដីនៅតំបន់នោះស្ថិតនៅក្នុងអធិបតេយ្យភាពកម្ពុជាហើយ ក្ដី ភាគីទាំងពីរត្រូវរង់ចាំ និងគោរពតាម ស្មារតីនៃសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ស្តីពីការរក្សាស្ថានភាពដដែល រហូត ដល់ភាគីទាំងពីរធ្វើការផ្លាស់ប្តូរលិខិតុបករណ៍សថ្លាបន្លើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ និងពិធី សារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខា នា ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ រួចរាល់សិន ទើបមានសិទ្ធិអនុវត្តកាន់កាប់ស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ហើយដែលការងារនេះនឹងធ្វើនាពេលខ្លីខាងមុខ។
យោងសារាចរណែនាំលេខ១១ សរណន ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០០ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់មិនឲ្យធ្វើអ្វីដែលអាចធ្វើឲ្យមានការប្រែប្រួលបរិស្ថានតំបន់ព្រំដែនកម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ពុជា-ថៃ និងយោងតាម សជណ លេខ ៩០១ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៨ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីផ្ទៃដីដែលភាគីកម្ពុជាទទួលបាន បន្ទាប់ពីការចរចាខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោកកម្ពុជា ជាមួយនឹងប្រទេសជិតខាងទាំងបី វៀតណាម ថៃ និងឡាវ និងសេចក្តីណែនាំលេខ០៦ ដនស-សដ-សណ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ស្តីពីការ ចុះបញ្ជីដីដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ពុជា ថៃ ដីនៅតំបន់ខាងលើ និងនៅតំបន់ឯទៀតដែលវៀតណាមត្រូវប្រគល់មកឲ្យកម្ពុជាវិញ ជាដីរបស់រដ្ឋ ដែលប្រគល់សិទ្ធិឲ្យលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាអ្នកគ្រប់គ្រងបន្តដូចមានចែងក្នុងបទដ្ឋានខាងលើ ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅ ប្រទេស សូមកុំជឿ និងកុំចែកចាយរាល់ការបង្ហោះសេចក្តីថ្លែងការណ៍បោកប្រាស់របស់ឈ្មោះ រ៉ុង ឈុន និងជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ច ការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះអាចប្រឈមមុខនឹងផ្លូវច្បាប់។គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមចូល រួមរក្សាទុកចំណែកដីទាំងនោះ និងទប់ស្កាត់ ចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនទាំងឡាយណា ដែល មានចេតនាចង់បំពានយកដីរដ្ឋទាំងនោះ ដោយបង្កើតព័ត៌មានក្លែងក្លាយ បន្លំធ្វើឯកសារដោយខុសច្បាប់ក្នុង គោលបំណងនាំឲ្យមានការភ័ន្តច្រឡំដល់សាធារណៈមតិជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថាប្រភពពីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានសមាជិកភាគច្រើនរស់នៅឯក្រៅប្រទេស បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ តំណាងខ្លួន គឺ លោក រ៉ុង ឈុន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យផ្ទាល់ នៅកន្លែងដីមានទំនាស់របស់ប្រជាពលរដ្ឋ និង បានពិនិត្យមើលបង្គោលព្រំដែនពីលេខ១១៤ ដល់ លេខ១១៩ ផងដែរ ស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រពាងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រោយមកមួយថ្ងៃ គឺនៅថ្ងៃទី២១ ខែកក្កដា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលគេដឹងថា មិនគាំទ្ររដ្ឋាភិបាលកម្ពុជា ក៏ចេញសេចក្តីថ្លែងការណ៍ អំពីបេសកកម្មរបស់តំណាងខ្លួន។ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង ជាមេសហជីពមួយរូបផងនោះ ដែលជាអ្នកចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ក្នុងការចុះបំពេញបេសកកម្ម នៅតាមបណ្តោយព្រំដែន នៅខេត្តត្បូងឃ្មុំ ក្រុមការងាររបស់លោក បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋរងគ្រោះជាង១០០គ្រួសារ។
បើតាមលោក រ៉ុង ឈុន តំណាងប្រជាពលរដ្ឋទាំងនោះ បានប្រាប់លោកនិងក្រុមការងារថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពួកគេ បាត់បង់ដីអាស្រ័យផលជាច្រើនហិកតា ទៅខាងវៀតណាម ហើយពីបន្ទាត់ព្រំដែនចាស់ ដល់បង្គោលឡាក់ និង បង្គោលរណបថ្មី គឺបានចូលមកប្រហែល៥០០ម៉ែត្រ ក្នុងទឹកដីកម្ពុជា។
លោក ទទួលបានព័ត៌មានពីតំណាងប្រជាពលរដ្ឋទៀតថា ខ្សែបន្ទាប់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗ ចូលមកទឹកដីកម្ពុជា ដែលបច្ចុប្បន្ន រំកិលចូលមកបានប្រហែល៣គីឡូម៉ែត្រហើយ។
លោក រ៉ុង ឈុន បានដឹងតាមរយៈការរៀបរាប់របស់តំណាងប្រជាពលរដ្ឋទៀតថា ពេលពួកគាត់ ទៅបង្កបង្កើតផលលើដីរបស់ពួកគាត់ ដែលមានទំហំប្រមាណ៦០ហិកតា ពួកគាត់ ក៏ត្រូវអាជ្ញាធរស្រុកពញាក្រែក រារាំងនិងបណ្តេញចេញ។ លោក បន្តថា លើសពីនេះ អាជ្ញាធរវៀតណាម ថែមទាំងបានចូលរួមបណ្តេញនិងរុញច្រានប្រជាពលរដ្ឋខ្មែរទាំងនោះ ចេញពីដីធ្លីដែរ រហូតដល់អាជ្ញាធរវៀតណាម បានចូលមកដីខ្មែរប្រមាណ២០០ម៉ែត្រ ដោយអាជ្ញាធរកម្ពុជា មិនបានទប់ស្កាត់។
លោក រ៉ុន ឈុន ក្នុងនាមជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ថា ប្រជាពលរដ្ឋទាំងនោះ ក្នុងខេត្តត្បូងឃ្មុំ បានបាត់បង់ដីធ្លីជាច្រើន ទៅវៀតណាម បន្ទាប់ពីបោះបង្គោលព្រំដែនរួច ដូច្នេះ នៅសល់ដីតិចតួច រដ្ឋាភិបាល គួរតែផ្តល់ឲ្យពួកគាត់។ លោក និយាយក្នុងសេចក្តីថ្លែងការណ៍ទៀតថា ចំពោះទង្វើរបស់អាជ្ញាធរវៀតណាម ដែលរុញច្រានប្រជាពលរដ្ឋខ្មែរ រហូតអាជ្ញាធរវៀតណាមចូលមកដល់ដីខ្មែរប្រមាណ២០០ម៉ែត្រ គឺជាការរំលោភបំពានអធិបតេយ្យកម្ពុជា។
លោករ៉ុងឈុន ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងកងកម្លាំងការពារតាមខ្សែបន្ទាត់ព្រំដែន ដើម្បីកុំឲ្យកម្លាំងអាជ្ញាធរប្រទេសជិតខាង ចូលមកក្នុងដែនអធិបតេយ្យកម្ពុជា។ បន្ថែមពីនេះ លោក ស្នើឲ្យរដ្ឋាភិបាល ផ្តល់ដីទំហំ៦០ហិកតា ដែលកំពុងស្ថិតក្នុងជម្លោះ ជូនទៅប្រជាពលរដ្ឋវិញ។