វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2215 នាក់
ម្សិលមិញ 2184 នាក់
សរុប 13422089 នាក់
ភ្នំពេញ៖ជំនាញអង្គការសហប្រជាជាតិបីរូប ពីបីស្ថាប័នផ្សេងគ្នា យល់ស្របគ្នាថារឿងក្តីលោក កឹម សុខា ជារឿងនយោបាយ និងប្រឡាក់ប្រឡូសដោយភាពមិនប្រក្រតី ។
ឯស្ថានបេសកកម្មអចិន្ត្រៃយ៍ កម្ពុជាប្រចាំការិយាល័យសិទ្ធមនុស្ស អង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវនៅថ្ងៃទី១៧មករា បានចេញសេចក្តិថ្លែងការណ៍ច្រានចោលការចេញផ្សាយព័ត៌មាន របស់អ្នករាយការណ៍ពិេសស៣រូប របស់ UN ពាក់ព័ន្ធនឹងដំណើរការសវនាការ ជំនុំជម្រះលើជនជាប់ចោទ កឹម សុខា។
ថ្ងៃទី១៧ ខែ មករា ចេញភ្លាមៗក្រោយការបិទបញ្ចប់សវនាការជំនុំជម្រះក្តីលោក កឹម សុខា វគ្គដំបូង ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ និង ១៦ ខែមករានោះ អ្នកជំនាញអង្គការសហប្រជាជាតិទាំងនេះនៅក្នុងសេចក្ដីថ្លែងការណ៍បាន លើកឡើងថា ការចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ឬសន្ទិដ្ឋភាព ឬត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលសព្វថ្ងៃនេះ គឺបង្កើតឱ្យមានករណីរំលោភច្បាប់កាន់តែរីករាលដាល ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិទាំងបីរូប រួមមាន អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស ទទួលបន្ទុកផ្នែកលើកស្ទួយ និងការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ លោក ដេវីត ខេ (David Kaye) និង លោក ឌីយ៉ាហ្គោ ហ្ការស៊ា-សៃយ៉ាន់ (Diego García-Sayán) អ្នករាយការណ៍ពិសេស ទទួលបន្ទុកផ្នែកឯករាជ្យ ភាពចៅក្រម និងមេធាវី បន្ថែមថា ដំណើរការតាំងតែពីដើមដំបូង នៃការចាប់ និងឃុំខ្លួនលោក កឹម សុខា គឺជាប់ប្រឡាក់ប្រឡូសទៅដោយភាពមិនប្រក្រតី និងជាសញ្ញាណបញ្ជាក់យ៉ាងច្បាស់ អំពីការមិនខ្ចីខ្វល់អំពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងជាតិ។
លោក កឹម សុខា ត្រូវបានតុលាការបញ្ជូនខ្លួនទៅជំនុំជម្រះ។ ប៉ុន្តែ ការជំនុំជម្រះក្តីនេះ ត្រូវបានរឹតត្បិតយ៉ាងខ្លាំង ដោយមិនឱ្យសាធារណជនទូទៅ ជាពិសេសមន្ត្រីអង្គការសង្គមស៊ីវិល និងស្ថាប័នផ្សព្វផ្សាយព័ត៌មាន ចូលទៅក្នុងបន្ទប់សវនាការ ដើម្បីស្ដាប់ និងតាមដានការកាត់ក្តីនេះឡើយ លើកលែងតែមន្ត្រីទូតប៉ុន្មាននាក់ ដែលតុលាការអនុញ្ញាត។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អ្នកស្រី អេមីលី ហ្ស៊ីប៊ើក (Emily Zeeberg) តាមសម្ដីដកស្រង់ក្នុងសារព័ត៌មាន VOD បានស្នើឱ្យរបបក្រុងភ្នំពេញ ពិចារណាបញ្ហានេះឡើងវិញ។ អ្នកស្រី អេមីលី រម្លឹកថា សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន និងសេរីភាពអង្គការសង្គមស៊ីវិលក្នុងការចូលរួមសកម្មក្នុងកិច្ចការសង្គម រួមទាំងការមិនធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំងផង គឺជាធាតុផ្សំដែលមិនអាចខ្វះបាន ក្នុងដំណើរការប្រជាធិបតេយ្យ នៃប្រទេសប្រកាន់ប្រជាធិបតេយ្យណាក៏ដោយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា បើចង់ដឹងថា នីតិវិធីតុលាការ ត្រឹមត្រូវ ឬមិនត្រឹមត្រូវ គឺមានតែអ្នកឯកទេសច្បាប់ប៉ុណ្ណោះ ដែលអាចពន្យល់បាន។ គ្មានស្ថាប័ន ឬបុគ្គលដទៃណា អាចជ្រៀតជ្រែកកិច្ចការតុលាការនេះបានទេ៖ «ចំពោះទិដ្ឋភាពច្បាប់ និងដំណើរការនីតិវិធីច្បាប់នៃសំណុំរឿងហ្នឹង គឺមានតែមេធាវីទេ ដែលអាចដឹងច្បាប់ និងធ្វើការពន្យល់បាន។ ប៉ុន្តែ ការិះគន់ ការតិទៀនពីភាគីណាក៏ដោយ រួមទាំងអ្នកគាំទ្រលោក កឹម សុខា និងអតីតបក្សប្រឆាំង នឹងមិនមានឥទ្ធិពលទៅលើការសម្រេចរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យនោះទេ»។