វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1868 នាក់
ម្សិលមិញ 2791 នាក់
សរុប 13404393 នាក់
ភ្នំពេញ ៖រឿងរ៉ាវស្ត្រីម្នាក់ដែលគេឃើញបែកមុខមាត់ជិះផាសអាប់ដោយសារត្រុវប្តីវ៉ៃ កាលពីព្រលប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលជិតជ្រោះបាត់ស្នេហ៍ ភូមិឡឥដ្ឋទី១ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ នោះ ពេលនេះសមត្ថកិច្ចបានតាមប្រមាញ់ចាប់ខ្លួនបុរសជាប្តីបានហើយ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ។
ប៉ុន្តែក្រោយពីមកដល់សមត្តកិច្ចវាបែរជាផ្ទុះរឿងរ៉ាវថា មូលហេតុដែលឈានដល់ហិង្សានេះគឺផ្តើមចេញពីរឿងប្រពន្ធលួចមានប្រុសសហាយ ហើយបុរសជាប្តីនោះថែមទាំងមានភ័ស្តុតាងរូបថតឱបគ្នាយ៉ាងស្អិតល្មួតរវាងប្រពន្ធនិងប្រុសសហាយ មកបង្ហាញសមត្ថកិច្ចទៀតផង។
បុរសជាប្តីដែលរងការចោទប្រកាន់ថា បានវ៉ៃច្របាច់ក ឆូតមុខប្រពន្ធ រួចយកលុយ៣០០ដុល្លារ និងទូរស័ព្ទ២គ្រឿងទៅបាត់នោះ មានឈ្មោះហន សម្ផស្ស អាយុ២៤ឆ្នាំ មុខរបរតៃកុងរថយន្ត មានស្រុកកំណើតនៅភូមិទ្រា ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ ស្ត្រីជាប្រពន្ធមានឈ្មោះអាត លីណា អាយុ២៣ឆ្នាំ មុខរបរធ្វើការងារនៅបារ៍បារាំង មានស្រុកកំណើតនៅខេត្តរតនគិរី ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានកូនស្រីម្នាក់ក្នុងបន្ទុកអាយុជាង១ខួប។
ជនសង្ស័យជាប្តីបានអះអាងថា ការចោទប្រកាន់របស់ប្រពន្ធថាខ្លួនវាយដំ និងយកកាំបិតឆូតមុខនោះ មិនមែនជាការពិតទេ ហើយមូលហេតុដែលនាំឱ្យផ្ទុះហិង្សា គឺដោយសារប្រពន្ធមានសហាយ ហើយខ្លួនជាប្តីថែមទាំងមានភ័ស្តុតាងច្បាស់លាស់ទៀតផង។ ព្រមជាមួយនេះ ទាំងស្ត្រីជាម្តាយក៏ដូចជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ ក៏បានកាន់រូបថត១សន្លឹក បង្ហាញពីសកម្មភាពស្ត្រីជាប្រពន្ធជនសង្ស័យឈរថតញញឹមខ្ជឹបឱបប្រុសស្នេហ៍យ៉ាងស្អិតល្មួត ខណៈដែលប្រុសស្នេហ៍រូបនោះ (ដោះអាវ) កំពុងដាក់អារម្មណ៍បិទភ្នែក ឱបថើបថ្ងាសគូស្នេហ៍យ៉ាងត្រជាក់ល្ហឹម។
នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ខ្លួនបានកើតមានទំនាស់ជាមួយប្រពន្ធ ដោយសារតែខ្លួនបានសួរនាំប្រពន្ធរឿងរូបថតដែលប្រពន្ធរបស់ខ្លួនមានសហាយថតឱបជាមួយប្រុសថ្មីយ៉ាងល្អូកល្អិន។ ខណៈនោះ ស្រីជាប្រពន្ធបានស្ទុះមកច្រានខ្លួន និងវាយនឹងអំបោស ហើយជេរអាឆ្កែ ទើបខ្លួនខឹងទ្រាំមិនបាន វាយមួយដៃសងវិញិ បណ្តាលឱ្យប្រពន្ធដួលត្រូវកូនសោរងរបួសបែកមុខតែម្តង។ កន្លងមក ឱ្យតែឈ្លោះគ្នា ខ្លួនតែងរងការធ្វើបាបពីសំណាក់ប្រពន្ធជារឿយៗ ហើយតាមពិត ខ្លួនមិនបានប្រចណ្ឌប្រពន្ធហួសហេតុដូចការចោទប្រកាន់នោះទេ តែរឿងគឺផ្តើមចេញពីប្រពន្ធរបស់ខ្លួនមានប្រុស និងថតឱបគ្នាទៀតផង ដោយមិនគិតថា ខ្លួនមានប្តីនិងមានកូនទៅហើយនោះទេ។
ជនសង្ស័យជាប្តី បានបន្តថា ខ្លួននិងនារីជាប្រពន្ធបានរស់នៅជាមួយគ្នាតាំងពីឆ្នាំ២០១៦ ដោយទៅសែននៅផ្ទះខាងស្រីក្នុងខេត្តរតនគីរី។ ការរស់នៅជាមួយគ្នាបានកូនស្រី១ អាយុ១ឆ្នាំ និង៦ខែ មិននឹកស្មានថា ប្រពន្ធទៅមានប្រុសថ្មីបែបនោះ ហើយថែមទាំងចោទប្រកាន់ថា ខ្លួនបានវាយនិងយកកាំបិតឆូតមុខនាងទៀត។ ហេតុនេះដើម្បីបំភ្លឺពីការពិត ខ្លួនបានទាក់ទងហៅអ្នកយកព័ត៌មានទៅបំភ្លឺដល់បន្ទប់ជួល ក៏ត្រូវបាននគរបាលឃាត់ខ្លួនតែម្តង។
នៅចំពោះមុខអ្នកយកព័ត៌មាន ស្ត្រីឈ្មោះក្រួច នាង អាយុ៥២ឆ្នាំ ដែលត្រូវជាម្តាយជនសង្ស័យជាប្តី បានឱ្យដឹងថា កូនប្រុសរបស់ខ្លួនជាមនុស្សស្លូតត្រង់ នេះជារឿងអយុត្តិធម៌ ហើយសូមឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យកូនប្រុសរបស់គាត់ផង។ចំណែកប្អូនស្រីជនសង្ស័យក៏បានឱ្យដឹងដែរថា ការទាស់ទែងគ្នានេះគឺផ្តើមចេញពីបងថ្លៃស្រីរបស់ខ្លួនមានសហាយ ហើយបងប្រុសមិនបានវាយទេ គឺគ្រាន់តែយកដៃរុញប៉ុណ្ណោះ។
តាមសម្តីស្ត្រីឈ្មោះអាត លីណា បានឱ្យដឹងថា ដោយសារតែត្រូវប្តីកំណាចកំពូលប្រចណ្ឌចេះតែរករឿងឈ្លោះប្រកែកប្រើអំពើហិង្សាវាយដំដូចសត្វធាតុ ទើបនាងទ្រាំលែងបានក៏វេចបង្វេចចុះចោលប្តី មកសម្ងំរស់នៅជាមួយបងស្រីបង្កើតខ្លួនឯង ធ្វើឱ្យប្តីខឹងសម្បាតាមរករឿងមិនឈប់ លុះតាមមកសុំត្រូវគ្នាបបួលឱ្យនាងទៅរួមរស់ជុំគ្នាវិញ តែនាងមិនព្រម ស្រាប់តែប្តីកំណាចផ្ទុះកំហឹងចាប់ច្របាច់កវាយដំនាងយ៉ាងចាស់ដៃ និងថែមទាំងយកកាំបិតឆូតផ្ទៃមុខ បណ្តាលឱ្យរងរបួសធ្ងន់ថែមទៀត។តាំងពីរួមរស់ជាប្តីប្រពន្ធនឹងគ្នាប្រមាណជាង៣ឆ្នាំមកនេះ នាងតែងទទួលនូវការវាយធ្វើបាបពីបុរសជាប្តី សរុបមិនតិចជាង១០លើកនោះទេ ព្រោះតែប្តីនេះមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងណាស់។
ស្ត្រីខាងលើ បានអះអាងថា ក្រោយកើតហេតុ នាងត្រូវបានបងស្រី និងអ្នកជិតខាងជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត តាមម៉ូតូកង់បីភ្លាមៗ និងត្រូវគ្រូពេទ្យដេរមុខរបួស ត្រង់ច្រមុះដេរ៤ថ្នេរ ត្របកភ្នែកដេរ២ថ្នេរ។ សម្រាប់ជនសង្ស័យជាប្តីទោះជាដោះសារចឹងក៏ដោយក៏សមត្តកិច្ចនៅឃុំខ្លួននៅឡើយដើម្បីរង់ចាំការសម្របសម្រួលមុននឹងបញ្ជូនទៅតុលាការ៕