
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 31532 នាក់
ម្សិលមិញ 11636 នាក់
សរុប 20598951 នាក់
ប្រទេសសឹង្ហបុរី៖ការប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ គ្រោងធ្វើនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ។នេះបើតាមការប្រកាសរបស់តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) ។
ដំណើរការនេះកើតឡើងបន្ទាប់ពីថៃបានលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ដែលធ្លាប់ជាក្របខ័ណ្ឌសម្រាប់កម្ពុជា និងថៃពិភាក្សាអំពីតំបន់សមុទ្រត្រួតស៊ីគ្នា។ បន្ទាប់ពីនោះមក កម្ពុជាបានងាកមកប្រើយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បីបន្តស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ និងដោយសន្តិវិធីជំនួសវិញ។
សម្រាប់កម្ពុជា ការចូលរួមក្នុងដំណើរការនេះគឺបង្ហាញថា រាជរដ្ឋាភិបាលនៅតែជ្រើសរើសផ្លូវការទូត និងការចរចា ជំនួសឱ្យការប្រឈមមុខគ្នា។ បញ្ហាដែនសមុទ្ររវាងកម្ពុជា និងថៃមានប្រវត្តិយូរមកហើយ មិនមែនជាបញ្ហាដែលអាចដោះស្រាយបានក្នុងរយៈពេលខ្លីបាននោះទេ។ ដូច្នេះ ការមានវេទិកាផ្លូវការសម្រាប់ភាគីទាំងពីរជជែកគ្នាគឺជារឿងសំខាន់។
ក្នុងកិច្ចប្រជុំនេះដែរ កម្ពុជានឹងមានការចូលរួមពីលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាភ្នាក់ងាររបស់កម្ពុជា លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែនជាភ្នាក់ងាររង ព្រមទាំងមន្ត្រីជំនាញ និងក្រុមការងារផ្នែកច្បាប់មួយចំនួនទៀត។ ការរៀបចំក្រុមការងារបែបនេះបង្ហាញថា កម្ពុជាចូលរួមក្នុងដំណើរការដោយផ្តោតលើទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស។
គួររំលឹកផងដែរថា គណៈកម្មការផ្សះផ្សានេះមានសមាសភាពអ្នកផ្សះផ្សាចំនួន៥រូប ដោយកម្ពុជាបានតែងតាំងលោក Peter Taksøe-Jensen និងលោក Jean-Marc Thouvenin ខណៈថៃបានតែងតាំងលោក Rüdiger Wolfrum និងលោក Albert Hoffmann។ បន្ទាប់មក អ្នកផ្សះផ្សាទាំងបួនរូបបានជ្រើសរើសយកលោកស្រី Katrina Cooper ឱ្យធ្វើជាប្រធានគណៈកម្មការឯករាជ្យ។
ក្នុងនោះដែរ ការបើកឱ្យមានការផ្សាយជាសាធារណៈគឺជាចំណុចមួយដែលគួរឱ្យកត់សម្គាល់ ដោយអាចជួយឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានដោយផ្ទាល់ និងយល់កាន់តែច្បាស់អំពីដំណើរការដែលកំពុងកើតឡើង។ សម្រាប់បញ្ហាដែលមានភាពរសើបដូចជាបញ្ហាព្រំដែន តម្លាភាពមានសារៈសំខាន់ ព្រោះការខ្វះព័ត៌មានអាចនាំឱ្យកើតមានការយល់ច្រឡំ ឬការបកស្រាយខុសគ្នា។
ចំណុចដែលគួរឱ្យសង្ឃឹម គឺភាគីទាំងពីរមានឱកាសជជែកគ្នានៅក្នុងក្របខ័ណ្ឌដែលផ្អែកលើច្បាប់អន្តរជាតិ។ ការចូលរួមក្នុងដំណើរការផ្សះផ្សាមិនមែនមានន័យថា ភាគីណាមួយត្រូវបោះបង់ផលប្រយោជន៍ជាតិរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ វាជាវិធីមួយក្នុងការដាក់ជំហររបស់ខ្លួនលើតុចរចា ហើយស្វែងរកដំណោះស្រាយដែលអាចទទួលយកបានដោយភាគីទាំងពីរ។
បញ្ហានេះក៏មានទំនាក់ទំនងជាមួយឱកាសសេដ្ឋកិច្ចនៅក្នុងតំបន់សមុទ្រត្រួតស៊ីគ្នាផងដែរ ជាពិសេសធនធានធម្មជាតិ និងសក្តានុពលប្រេង និងឧស្ម័ន។ ប្រសិនបើកម្ពុជា និងថៃអាចឈានដល់ការយល់ព្រមគ្នាតាមផ្លូវច្បាប់ នោះតំបន់ដែលធ្លាប់ជាប្រភពនៃការខ្វែងគំនិតគ្នា អាចក្លាយជាតំបន់ដែលភាគីទាំងពីររកឃើញផលប្រយោជន៍រួម។
គេក៏មិនគួររំពឹងពេកទេថា ការចាប់ផ្តើមដំណើរការផ្សះផ្សានឹងធ្វើឱ្យជម្លោះត្រូវបានបញ្ចប់ភ្លាមៗនោះទេ។ បញ្ហាដែលបានអូសបន្លាយអស់ជាងពីរទសវត្សរ៍មកហើយនេះ ត្រូវការទាំងពេលវេលា ការចរចាដោយប្រុងប្រយ័ត្ន និងឆន្ទៈពីភាគីទាំងពីរ តែអ្វីដែលសំខាន់នៅពេលនេះ គឺកុំឱ្យភាពខ្វែងគំនិតគ្នាអំពីរបញ្ហាព្រំដែនដែលមានស្រាប់នេះបានក្លាយជាឧបសគ្គរារាំងដល់ការសន្ទនាទៅបានហើយ។
សម្រាប់កម្ពុជា ការរក្សាភាពអត់ធ្មត់ និងបន្តប្រើប្រាស់មធ្យោបាយការទូត គឺជាជម្រើសដែលអាចជួយរក្សាបរិយាកាសសម្រាប់ការចរចា។ ទន្ទឹមនឹងនេះ ការត្រៀមខ្លួនផ្នែកច្បាប់ និងបច្ចេកទេសក៏មានសារៈសំខាន់ ដើម្បីធានាថាផលប្រយោជន៍របស់កម្ពុជាត្រូវបានការពារយ៉ាងច្បាស់លាស់ក្នុងដំណើរការចរចា។
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពីនីតិវិធីផ្សះផ្សារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមឧបសម្ព័ន្ធទី V នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
សេចក្តីថ្លែងការណ៍បើករបស់កម្ពុជា និងថៃ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៩:០០ ព្រឹក ម៉ោងសិង្ហបុរី និងនឹងមានការផ្សាយផ្ទាល់ជា ភាសាអង់គ្លេស ខ្មែរ និងថៃ។
នីតិវិធីនេះត្រូវបានកម្ពុជាផ្តួចផ្តើមនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈការជូនដំណឹងស្នើឱ្យបង្កើតយន្តការផ្សះផ្សាក្រោម មាត្រា 11 នៃឧបសម្ព័ន្ធទី V នៃ UNCLOS ដោយយោងផងដែរទៅមាត្រា 298 ក្រោយពីភាគីថៃបានសម្រេចលុបជាឯកតោភាគីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ MoU 2001 ដែលជាយន្តការទ្វេភាគីតែមួយគត់ក្នុងការដោះស្រាយបញ្ហាដែនសមុទ្រនៃប្រទេសទាំងពីរ។ ថៃបានដាក់សេចក្តីឆ្លើយតបនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦។
សេចក្តីប្រកាសរបស់ PCA បញ្ជាក់ជាផ្លូវការថា នីតិវិធីសម្រុះសម្រួលកម្ពុជា–ថៃ ក្រោម UNCLOS បានចូលដល់ដំណាក់កាលកិច្ចប្រជុំជាមួយភាគីទាំងពីរហើយ។ នេះជាយន្តការដោះស្រាយវិវាទដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ដែលគណៈកម្មការអព្យាក្រឹតអាចស្តាប់ភាគីទាំងពីរ ពិនិត្យបញ្ហាផ្នែកច្បាប់ និងអង្គហេតុ ស្វែងរកចំណុចដែលអាចឯកភាពគ្នា និងដាក់សំណើ ឬអនុសាសន៍សម្រាប់ដំណោះស្រាយដោយសន្តិវិធី។