
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 31901 នាក់
ម្សិលមិញ 11636 នាក់
សរុប 20599320 នាក់
ប្រទេសថៃ៖កាលពីថ្ងៃទី១០កញ្ញាឆ្នាំ២០២៦ការិយាល័យស៊ើបអង្កេតកណ្តាល (CIB)ថៃ តាមរយៈនាយកដ្ឋានបង្ក្រាបបទល្មើសរបស់ខ្លួន បានចាប់ខ្លួនអ្នកស្រី ពន់យ៉ាវី អាយុ៤៧ឆ្នាំ ដែលជាស្ត្រីជិតស្និទ្ធរបស់លោកឪឈោត អាយុ៦៦ឆ្នាំ ជាព្រះចៅអធិការវត្តភុថៃសុវណ្ណ ព្រះអារ៉ាមលួង ក្នុងខេត្តអយុធ្យា និងជាអ្នកបង្កើតបន្តោងព្រះនឿដួង (រាសីខ្ពង់ខ្ពស់) ដ៏ល្បីល្បាញក្នុងប្រទេសថៃ។
ករណីនេះវាផ្តើមចេញពីការស៊ើបអង្កេតដែលរកឃើញពីការកិបកេងប្រាក់របស់វត្តយកមកប្រើជាផលប្រយោជន៍ផ្ទាល់ខ្លួន។ចៅអធិការវត្តនេះ បានផ្តល់ប្រាក់មួយចំនួនទៅឱ្យស្ត្រីជិតស្និទ្ធ ដើម្បីបំប្លែងនិងលាក់បាំងទ្រព្យសម្បត្តិតាមរយៈឈ្មោះអ្នកផ្សេង ចំនួនទឹកប្រាក់លើសពី៩២ លានបាត។
ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរក៏បានរកឃើញឃ្លីបវីដេអូ ជាភស្តុតាងនៃទំនាក់ទំនងផ្លូវភេទមិនសមរម្យរវាងព្រះចៅអធិការ និងស្ត្រីជិតស្និទ្ធនៅក្នុងកុដិបាន ក្លាយជារឿងអាស្រូវដែលទទួលបានការចាប់អារម្មណ៍ក្នុងបណ្តាញសង្គមយ៉ាងច្រើននៅក្នុងប្រទេសថៃ។
អ្នកស្រីប៊ុនយ៉ាវី "អេ" រុងរឿង (Punyawee "Ae" Rungrueang) អាយុ ៤៧ ឆ្នាំ ដែលត្រូវបានរៀបរាប់ថាជាដៃគូរបស់ព្រះសង្ឃវ័យ ៦៦ វស្សាអង្គនេះត្រូវបានចាប់ខ្លួនក្រោមដីកាចាប់ខ្លួនដែលចេញដោយតុលាការព្រហ្មទណ្ឌតំបន់ទី១ ពីបទពុករលួយ និងប្រព្រឹត្តខុសឆ្គង លេខ 30/2569 ចុះថ្ងៃទី ៨ខែកញ្ញា ឆ្នាំ២០២៦ ពីបទជួយគាំទ្រមន្ត្រីរាជការឱ្យកិបកេងប្រាក់រួមបញ្ចូលទាំងការឃុបឃិត និងការលាងលុយកខ្វក់រួមគ្នា។
បន្ទាប់ពីការចាប់ខ្លួន អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេត និងដំណើរការផ្លូវច្បាប់នឹងការស៊ើបអង្កេតបន្ថែមទៀតក្នុងគោលបំណងកំណត់អត្តសញ្ញាណភាគីពាក់ព័ន្ធផ្សេងទៀត។ប៉ូលិសថៃ បានឱ្យដឹងថា អ្នកស៊ើបអង្កេតកំពុងប្រមូលភស្តុតាង និងធ្វើការស៊ើបលើចំណុចចំនួនពីរ។ ទីមួយ គឺទាក់ទងនឹងការចោទប្រកាន់ថា អតីតព្រះសង្ឃវ័យ៦៦ឆ្នាំ ដែលធ្លាប់ជាព្រះចៅអធិការ នៅវត្ត Phutthaisawan ក្នុងក្រុងអយុធ្យា បានបង្វែរមូលនិធិវត្តចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួន ហើយទន្ទឹមគ្នាបានចេញវិញ្ញាបនបត្រទទួលស្គាល់ការបរិច្ចាគនានា ក្រោមឈ្មោះរបស់វត្ត។
រីឯទីពីរ គឺផ្តោតលើការតាមដានប្រភពប្រាក់ ដែលអាចជាប់ពាក់ព័ន្ធនឹងអ្នកសមគំនិតដទៃទៀត។ អ្នកស៊ើបអង្កេតបានរកឃើញកំណត់ត្រាហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងវិញ្ញាបនបត្របរិច្ចាគប្រាក់ វិញ្ញាបនបត្រទាក់ទងនឹងការចេញវត្ថុស័ក្តិសិទ្ធិ និងការបរិច្ចាគសម្រាប់ការងារជួសជុលវត្ត ដោយប្រតិបត្តិការទាំងនេះ សរុបចូលគ្នាទាំងអស់ មានចំនួនសរុបលើសពី ២១៥លានបាត។
ក្រុមអ្នកស៊ើបអង្កេតជឿថា អាចមានភាគីទីបីម្នាក់ឬពីរនាក់ទៀត ជាប់ពាក់ព័ន្ធក្នុងករណីនេះ។ ប៉ុន្តែវាមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ ថាតើភាគីទីបីដែលសង្ស័យទាំងនោះ ជាឧបាសិកា ឬជាព្រះសង្ឃ ស្របពេលដែលអ្នកស៊ើបអង្កេត កំពុងនៅបន្តប្រមូលភស្តុតាង។ នាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្មរបស់ប៉ូលិសថៃ ក៏បានបញ្ជូនឯកសារពាក់ព័ន្ធ ទៅកាន់ការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) ដើម្បីពិនិត្យបន្ថែមផងដែរ។
ទាក់ទងបញ្ហានេះនាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរ៉ាកុល (Anutin Charnvirakul) កំពុងប្រឈមមុខនឹងការរះគន់យ៉ាងខ្លាំងពីសាធារណជន បន្ទាប់រូបថតចាស់ៗបានលេចឡើងសារជាថ្មី ដែលបង្ហាញពីលោកកំពុងបង្ហាញដោយមោទនភាពនូវបន្តោងព្រះតម្លៃ ៩០,០០០ ដុល្លារអាមេរិក ដែលធ្វើឡើងដោយព្រះសង្ឃមួយអង្គ ដែលបច្ចុប្បន្នកំពុងរងការចោទប្រកាន់ពីបទកេងបន្លំប្រាក់រាប់លានដុល្លារពីវត្ត និងបានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យនៅក្នុងទីសក្ការបូជា។
រូបថតទាំងនោះ ដែលត្រូវបានថតនៅក្នុងខែតុលា ឆ្នាំ២០២៣ បង្ហាញថា លោក អនុទិន — ដែលកាលនោះជានាយករដ្ឋមន្ត្រីស្តីទី — កំពុងបង្ហាញបន្តោងមាស ចតុគាម រាមទេព (Jatukam Ramathep) ដ៏កម្រ ឆ្នាំ២០០៦ ទៅកាន់អ្នកសារព័ត៌មាន ដោយកោតសរសើរថាវាជានិមិត្តរូបនៃ "អំណាចទន់ (soft power)" របស់ថៃ។ បន្តោងព្រះនេះ ផលិតដោយវត្ត ពុទ្ធៃសវ៉ាន់ (Wat Phutthaisawan) ក្នុងខេត្តអយុធ្យា មានតម្លៃប្រហែល ៣ លានបាត (៩០,៧០០ ដុល្លារអាមេរិក)។ចៅអធិការវត្តនោះ គឺព្រះភិក្ខុ វជិរញាណ វី (Phra Wachirayan Wi) ឬស្គាល់ថា ហ្លួងពូ អាទិចត ធម្មវរោ (Luang Pho Atichot Dhammawaro)ដែលត្រូវបានចាប់ខ្លួន។
រឿងអាស្រូវនេះឥឡូវនេះបានរីករាលដាលកាន់តែធំ។អគ្គលេខាធិការ AMLO លោក Thepsu Bovornchotidara បានថ្លែងថា ថវិកាទាំងអស់នឹងត្រូវត្រួតពិនិត្យ ដោយកត់សម្គាល់ថា លុយបានហូរចូលតាមរយៈគណនីធនាគារផ្ទាល់ខ្លួនផង និងមូលនិធិផង។ លោកបានបន្តថា វានៅឆាប់រហ័សពេកក្នុងការសន្និដ្ឋានថា តើទ្រព្យសម្បត្តិរាប់រយលានបាតតំណាងឱ្យ «ដើមទុនប្រផេះ» ដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ឬយ៉ាងណា។
ទំនាក់ទំនងរបស់លោក អានុទិន (Anutin) ជាមួយព្រះសង្ឃដែលអាម៉ាស់រូបនេះ បានចោទជាសំណួរធ្ងន់ធ្ងរអំពីការវិនិច្ឆ័យរបស់លោក។ នាយករដ្ឋមន្ត្រីថៃមិនទាន់បានធ្វើការអត្ថាធិប្បាយជាសាធារណៈនៅឡើយទេ ប៉ុន្តែប្រជាជនថៃកំពុងសួរថា៖ តើរឿងនេះឆ្លុះបញ្ចាំងអ្វីខ្លះអំពីការវិនិច្ឆ័យរបស់អ្នកដឹកនាំប្រទេស?
ស្រ្តីដែលស្ថិតនៅចំកណ្តាលនៃរឿងអាស្រូវនេះ មិនទាន់បានឆ្លើយតបជាសាធារណៈនៅឡើយទេ ប៉ុន្តែតួនាទីរបស់នាងជាដៃគូរបស់ព្រះសង្ឃ បានទាក់ទាញការរិះគន់យ៉ាងចាស់ដៃពីសំណាក់ពុទ្ធសាសនិក ដែលមើលឃើញថានាងជាអ្នកសមគំនិតក្នុងការប្រមាថដល់ស្ថាប័នដ៏ពិសិដ្ឋ។ (ប្រភពកាសែតថៃ)