
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 31747 នាក់
ម្សិលមិញ 11636 នាក់
សរុប 20599166 នាក់
ខេត្តព្រះវិហ៊ារ៖អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងជាសម្បត្តិមនុស្សជាតិទាំងមូល ដោយបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ។
ក្រសួងការពារជាតិរំលេចថាក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តធ្វើសកម្មភាពទន្រ្ទានមកលើដែនអធិបតេយ្យរបស់កម្ពុជា តាមរយៈការដាក់ពង្រាយទូកុងទឺន័រ ការរាយបន្លាលួស ការជីកប្រឡាយ ការធ្វើលេណដ្ឋាន ការធ្វើផ្លូវបេតុងចូលកាន់តែជិតតំបន់ប្រាសាទព្រះវិហារ ដែលជាទង្វើររំលោភបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក.។
ក្រៅពីក្រុមអ្នកសង្កេតការណ៍អាស៊ាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ចុះបេសកកម្មទៅកាន់ខេត្តព្រះវិហារ ដើម្បីប្រមូលព័ត៌មាន និងរាយការណ៍អំពីស្ថានភាព ជាក់ស្តែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសផលប៉ះពាល់ដែលកើតឡើងលើប្រជាពលរដ្ឋ និងតំបន់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។
បេសកកម្មព័ត៌មាននេះ បានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានគោលបំណងពង្រឹងការផ្សព្វផ្សាយ និងការប្រមូលព័ត៌មានពីស្ថានភាពនៅតំបន់ដែលរងផលប៉ះពាល់ ដោយជម្លោះព្រំដែនទៅកាន់សាធារណជនជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថាការចុះត្រួតពិនិត្យនៅតំបន់ប្រាសាទព្រះវិហ៊ារបានកើតឡើងបន្ទាប់ពីមានរបាយការណ៍បេសកកម្មរួមរបស់អ្នកជំនាញមកពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (WHC) និងក្រុមប្រឹក្សាអន្តរជាតិស្តីពីបូជនីយដ្ឋាន និងតំបន់បេតិកភណ្ឌ (ICOMOS) បានរៀបរាប់លម្អិតអំពីការខូចខាតយ៉ាងដំណំចំពោះប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បណ្តាលមកពីការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃកាលពីឆ្នាំមុន។
របាយការណ៍បេសកកម្មនេះរៀបចំឡើងដោយលោកស្រី Mechtild Rössler អ្នកជំនាញមកពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងលោក Pierre Smars អ្នកជំនាញមកពី ICOMOS ដែលបានចូលរួមក្នុងបេសកកម្មប្រឹក្សារួមទៅកាន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា។
របាយការណ៍ដែលមានកម្រាស់ជាង ១០០ ទំព័រ មានរូបថតជាច្រើនបង្ហាញពីការខូចខាតចំពោះប្រាសាទដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៩នេះ។
បេសកកម្មប្រឹក្សាបន្ទាន់នេះធ្វើឡើងតាមសំណើរបស់អាជ្ញាធរកម្ពុជា បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ ដែលត្រូវបានរាយការណ៍ថា បានបណ្តាលឱ្យផ្នែកជាច្រើននៃប្រាសាទរងការខូចខាត។នេះជាបេសកកម្មអន្តរជាតិផ្លូវការលើកដំបូងដែលបានចុះទៅកាន់ទីតាំងនេះ ចាប់តាំងពីមានបេសកកម្មត្រួតពិនិត្យរបស់ UNESCO-ICOMOS ក្នុងឆ្នាំ២០០៩។
អ្នកជំនាញត្រូវបានអាជ្ញាធរជាតិព្រះវិហារ (NAPV) ជម្រាបថា អាជ្ញាធរបានកំណត់ឃើញតំបន់រងការខូចខាតចំនួន ៥៦២កន្លែង ក្នុងនោះ ១៤២កន្លែងបណ្តាលមកពីការវាយប្រហារកាលពីខែកក្កដា និង ៤២០កន្លែងបណ្តាលមកពីការវាយប្រហារកាលពីខែធ្នូ។អ្នកជំនាញក៏ត្រូវបានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជម្រាបថា ថៃ បានប្រើកាំភ្លើងធំមធ្យម និងធុនធ្ងន់ ដូចជា កាំភ្លើងធំទំហំ ១០៥មីលីម៉ែត្រ និង ១៥៥មីលីម៉ែត្រ រួមទាំងគ្រាប់បែកចង្កោម និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានទម្លាក់គ្រាប់ត្បាល់ទំហំ ៨១មីលីម៉ែត្រ ១០០មីលីម៉ែត្រ និង ១២០មីលីម៉ែត្រ ចំដោយផ្ទាល់ទៅលើប្រាសាទ។
របាយការណ៍បានបញ្ជាក់ថា៖ «បេសកកម្មបានវិភាគឃើញថា ការវាយប្រហារទាំងនេះបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងជ្រាលជ្រៅ និងធ្ងន់ធ្ងរដល់ភាពសុចរិតនៃតំបន់បេតិកភណ្ឌ។ ផ្នែកនៃស្ថាបត្យកម្មមួយចំនួនត្រូវបានបំផ្លាញទាំងស្រុងដោយការវាយប្រហារចំៗ ខណៈធាតុមួយចំនួនទៀតរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ត្រូវបានឃ្លាតចេញពីទីតាំងដើម និង/ឬដួលរលំដោយសារកម្លាំងផ្ទុះយ៉ាងខ្លាំង»។
របាយការណ៍បានបន្ថែមថា ជម្លោះបានប៉ះពាល់យ៉ាងខ្លាំងដល់ភាពសុចរិត និងភាពជាក់ស្តែងដើមរបស់តំបន់បេតិកភណ្ឌ។របាយការណ៍បានបញ្ជាក់ថា៖ «ទីតាំងនេះគួរតែត្រូវបានបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ខណៈស្ថានភាពខូចខាតរបស់ទីតាំងត្រូវបន្តកត់ត្រាជាឯកសារ។ សំណង់ដែលមានស្ថិរភាពខ្សោយបំផុតគួរតែត្រូវបានពង្រឹងសុវត្ថិភាព ហើយផ្នែកស្ថាបត្យកម្មដែលរងការខូចខាត បំណែកដែលនៅសល់ និងតំបន់ដែលបច្ចុប្បន្នកំពុងប្រឈមនឹងហានិភ័យកាន់តែខ្ពស់ គួរតែត្រូវបានការពារ។ ការឈានមកដល់នៃរដូវវស្សាគឺជាមូលហេតុមួយបន្ថែមទៀតដែលតម្រូវឱ្យមានការចាត់វិធានការឱ្យបានឆាប់រហ័ស»។
របាយការណ៍បានបន្តថា៖ «បេសកកម្មនេះស្នើឱ្យមានការចរចាពហុភាគី ដើម្បីទទួលបានការធានាថា នឹងមិនមានសកម្មភាពប្រទូសរ៉ាយបន្ថែមទៀតកើតឡើង ហើយការសម្អាតគ្រាប់មិនទាន់ផ្ទុះ និងវិធានការបន្ទាន់ផ្សេងទៀតអាចដំណើរការទៅមុខបាន។ គួររៀបចំវិធីសាស្ត្ររួមគ្នារវាងក្រុមការងារសម្អាតគ្រាប់មិនទាន់ផ្ទុះ និងបុគ្គលិកផ្នែកបេតិកភណ្ឌ»។
បេសកកម្មបានអំពាវនាវឱ្យមានការចូលរួមពីភាគីថៃ ក្នុងការធានាថាការងារបន្ទាន់អាចចាប់ផ្តើមបាន ហើយមិនមានការប្រទូសរ៉ាយកើតឡើងជាថ្មី។របាយការណ៍បានបន្ថែមថា៖ «បេសកកម្មផ្តល់អនុសាសន៍ថា ការចូលរួមរបស់ថៃត្រូវតែមានការរំពឹងទុក និងអនុញ្ញាតឱ្យកើតមាន។ វាជារឿងបន្ទាន់ក្នុងការធានាថា ការងារបន្ទាន់អាចដំណើរការទៅមុខបាន ដោយគ្មានហានិភ័យចំពោះកម្មករ អ្នកគ្រប់គ្រងទីតាំង និងអ្នកជំនាញ និងក្រុមការងារអន្តរជាតិ»៕