
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1398 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348533 នាក់
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្តេញមន្ត្រីជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ដោយសារស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍។
តាមសេចក្តីប្រកាស លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន (ព្រំដែនក្នុងខេត្តតាកែវ) នៃនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានដកហូតមុខតំណែង ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ ត្រូវបានគឹដឹងថាជាកូនប្រុសប្រធានពន្ធនាគារខេត្តមួយ។ មន្រ្តីនគរបាលរូបនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយស្ថានភាពស្រវឹង កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៨P សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោក ស៊ិន រ៉ាយូ បានបើករថយន្តមួយគ្រឿងម៉ាក RANGE ROVER ពាក់ផ្លាកលេខ ភ្នំពេញ 2BT-1698 ក្នុងល្បឿនលឿន និងស្រវឹង រួចជ្រុលទៅបុកពីក្រោយពេញទំហឹងរថយន្តមួយគ្រឿងម៉ាក BYD ពាក់ផ្លាកលេខ ភ្នំពេញ 2BR-9148 ដែលកំពុងឈប់ចាំរថយន្តធន់ធំកំពុងបត់ចេញពីឃ្លាំង រួចរុញរថយន្តទៅបុកម៉ូតូមួយគ្រឿងទៀត BEAT មួយគ្រឿងទៀត។
កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំដោយបានកំណត់ថា «រាល់មន្ដ្រីចំណុះក្រសួងមហាផ្ទៃទាំង៣ ប្រភេទដែលមាន រដ្ឋបាលស៉ីវិល នគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ដែលផឹកស៊ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌នៅក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ»។សូមគាំទ្រចំពោះចំណាត់ការ លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុវត្តន៍នយោបាយសំអាតផ្ទះខ្លួនឯងជាមុន.។