
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1697 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348832 នាក់
នៅថ្ងៃចន្ទ សប្តាហ៍ថ្មីនៃខែកញ្ញា លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានធ្វើបទបង្ហាញស្តីពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ ដែលបានបន្សល់ទុកនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមឈ្លានពានទាំងពីរលើកកាលពីឆ្នាំ២០២៥ ជូនដល់មន្ត្រីសេនានុព័ន្ធយោធា (តំណាងយោធាប្រទេសជាមិត្តប្រចាំនៅកម្ពុជា) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT។
បទបង្ហាញនេះ ធ្វើឡើងមានគោលបំណងផ្តល់ព័ត៌មានលម្អិត និងច្បាស់លាស់អំពីផលប៉ះពាល់ និងបញ្ហាប្រឈមនានាដែលបណ្តាលមកពីសំណល់យុទ្ធភណ្ឌទាំងនោះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហានេះដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។
លោក ហេង រតនា បានបញ្ជាក់ថា CMAC បាននិងកំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន តាមតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ស្របតាមគោលដៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវបទបញ្ជាឱ្យធ្វើសកម្មភាពចាំបាច់ជាអាទិភាព សម្រាប់ធានាជូនប្រជាពលរដ្ឋក្នុងការវិលត្រឡប់ ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព។
សូមជម្រាបថា គ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន បន្សល់ទុកគ្រាប់ជាច្រើន ដូចជាសំណល់គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់សារធាតុគីមី អាវុធគីមី ក៏ដូចជាគ្រាប់ដ្រូន (Drone) ជាដើម។ សង្គ្រាមថៃឈ្លានពានកម្ពុជាទាំងពីរលើកកាលពីឆ្នាំ២០២៥ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌ ដែលបានធ្វើឱ្យប៉ះពាល់ភូមិប្រមាណ ៣៤០ភូមិ ប៉ះពាល់ផ្ទៃដី ៤៤១ ០០០ហិកតា និងបានប៉ះពាល់ចំនួន ៩១ ០០០គ្រួសារ៕