
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1034 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348169 នាក់
កូរ៉េខាងជើង៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក No Kwang Chol ត្រូវបានបណ្ដេញចេញពីតំណែង នៅក្រោមក្របខណ្ឌនៃការរុះរើថ្នាក់ដឹកនាំយោធានៃប្រទេសកុម្មុយនិស្តមួយនេះ។
ភ្នាក់ងារសារព័ត៌មាន AFPដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA)ឲ្យដឹងថា នៅក្នុងសេចក្ដីរាយការណ៍មួយ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថាផែនការរុះរើថ្នាក់ដឹកនាំយោធាត្រូវបានសម្រេចឡើងអំឡុងកិច្ចប្រជុំមួយដឹកនាំដោយមេដឹកនាំកំពូលលោក គីម ជុងអ៊ុន កាលពីថ្ងៃសៅរ៍ម្សិលមិញ។ តាម KCNA លោក No Kwang Chol មិនត្រឹមតែត្រូវបានបណ្ដេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិប៉ុណ្ណោះទេ តែថែមទាំងត្រូវបានទម្លាក់តំណែងក្នុងជួរថ្នាក់ដឹកនាំគណបក្សកាន់អំណាចផងដែរ មកជានាយករងទី១ នៃនាយកដ្ឋានឧស្សាហកម្មអាវុធ។
លោក Kim Song Gi ដែលជានាយកនៃការិយាល័យនយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី ខណៈមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត គឺទីប្រឹក្សាខាងការពារជាតិ លោក Pak Jong Chon ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មការយោធាមជ្ឈិម និងត្រូវបានបញ្ចូលទៅក្នុងការិយាល័យនយោបាយ នៃគណបក្សពលករកូរ៉េ។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីរាយការណ៍ដាច់ដោយឡែកមួយ KCNA ក៏បានឱ្យដឹងដែរថាលោក គីម ជុងអ៊ុន បានកោតសរសើរយ៉ាងខ្លាំងដល់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងក្រុមមន្ត្រីកូរ៉េខាងជើង នៅឯពិធីមួយកាលពីថ្ងៃសៅរ៍ សម្រាប់ការចូលរួមអភិវឌ្ឍបច្ចេកវិទ្យាយោធា ដោយផ្ដល់ឱ្យពួកគេនូវមេដាយកិត្តិយសថ្នាក់ខ្ពស់៕