
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 894 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348029 នាក់
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៃទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរ ពិសេសទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យទិសដៅរដ្ឋាភិបាលកម្ពុជា-វៀតណាម ដាក់ចេញ ២០ពាន់លានដុល្លារអាមេរិក សម្រេចបាន ក្នុងពេលខាងមុខនេះ។
ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភា ក្នុងពេលដែលលោកជំទាវដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានអបអរសាទរ និងគាំទ្រចំពោះចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជានិងវៀតណាម ដែលបានប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងពន្លឿនទំហំពាណិជ្ជកម្មឱ្យឈានដល់ ២០ពាន់លានដុល្លារអាមេរិក ក្នុងពេលខាងមុខ។ នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនឡើងរហូតដល់ ១១.៣៣ពាន់លានដុល្លារអាមេរិក ដោយឡែកនៅឆ្នាំ២០២៦ នេះ មានការរំពឹងថានឹងកើនឡើងរហូតដល់ជាង ១២ពាន់លានដុល្លារអាមេរិក។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ង្វៀន ធី ថាញ់ ក៏បានរំលឹកនូវលទ្ធផលត្រចះត្រចង់នៃជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម កាលពីចុងខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងការពង្រឹងពង្រីកការងារការទូតសភា ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាជំរុញវិស័យពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍ អប់រំ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ និងការឯកភាពគ្នានៅក្នុងការកែសម្រួលអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋសភាប្រទេសទាំងពីរ ដែលបានធ្វើឡើងកាលពីឆ្នាំ២០២២ ឱ្យសមស្របតាមសភាពការណ៍ជាក់ស្តែង។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ង្វៀន ធី ថាញ់ ក៏បានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមចំពោះកិច្ចសហប្រតិបត្តិការរវាងគ្នានៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី មានដូចជា ក្នុងក្របខ័ណ្ឌក្រុមមិត្តភាព គណៈកម្មការជំនាញ ក្រុមសមាជិកសភាជាស្ត្រី សមាជិកសភាវ័យក្មេង ក៏ដូចជាកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា។ រដ្ឋសភាប្រទេសទាំងពីរនឹងបន្តគាំទ្រគ្នានៅលើវេទិកាអន្តរសភាឱ្យកាន់តែសកម្មបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល៕