
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 31959 នាក់
ម្សិលមិញ 11636 នាក់
សរុប 20599378 នាក់
សៀមរាប៖អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានចេញការបញ្ជាក់ពាក់ព័ន្ធនឹងការលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ សៀវ ឡុងនី ដែលអាជ្ញាធរចាត់ទុកថាមានខ្លឹមសារប្រាសចាកពីការពិត និងកំពុងបង្កឱ្យមានការយល់ច្រឡំពីសំណាក់សាធារណជនទៅលើតួនាទីនិងភារកិច្ចរបស់មន្ដ្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា។
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ស្ដ្រីឈ្មោះ ឈាន សុខន ដែលមានគណនីហ្វេសប៊ុកឈ្មោះ សៀវ ឡុងនី បាននិយាយក្នុងការផ្សាយវីដេអូរបស់ខ្លួនថា មន្ដ្រីអាជ្ញាធរជាតិអប្សរាបានប្រើប្រាស់សិទ្ធិអំណាចហួសហេតុ គាបសង្កត់ប្រជាពលរដ្ឋដែលគ្រាន់តែលក់ដូរតិចតួចដើម្បីចិញ្ចឹមក្រពះនៅតាមផ្លូវជុំវិញប្រាសាទអង្គរ។ ស្ដ្រីដដែលបន្ថែមថា ពលរដ្ឋភាគច្រើននៅក្នុងក្រុងសៀមរាបមិនស្វាគមន៍មន្ដ្រីអាជ្ញាធរជាតិអប្សរាទេ ដោយសារតែទង្វើមិនសមរម្យនេះ ហើយខ្លួនដែលជាអ្នកជួបផ្ទាល់ម្នាក់ពិតជាឈឺចាប់។
តែអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា បុគ្គលឈ្មោះ សៀវ ឡុងនី នេះនិយាយខុសពីការពិត។ ស្ដ្រីរូបនេះបានប្រកបមុខរបរលក់ការ៉េមចល័តនៅតាមបណ្ដោយផ្លូវជុំវិញព្រះអង្គចេក ព្រះអង្គចម ដោយគ្មានសណ្ដាប់ធ្នាប់ ព្រមទាំងបង្កជម្លោះជាមួយភ្នាក់ងារសណ្ដាប់ធ្នាប់ក្រុងនៅទីនោះ។ ក្រោយពីរដ្ឋបាលខេត្ដ-ក្រុងមានការរៀបចំទីតាំងត្រឹមត្រូវជូនអាជីវករនៅទីនោះលក់ដូរ បុគ្គលរូបនេះមិនព្រមចូលលក់ទេ ហើយបានផ្លាស់មកលក់ដូរចល័តនៅតាមផ្លូវជុំវិញប្រាសាទអង្គរដោយគ្មានសណ្ដាប់ធ្នាប់ របៀបរៀបរយ រំខានដល់ការទស្សនា និងការធ្វើដំណើររបស់សាធារណជន ទើបក្រុមការងារសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាតែងតែទប់ស្កាត់ ប៉ុន្ដែសាមីខ្លួនមិនសហការព្រមទាំងបង្កជម្លោះជាមួយក្រុមការងារថែមទៀត។
បើតាមអាជ្ញាធរជាតិអប្សរា ស្ដ្រីដដែលធ្លាប់បានទទួលការណែនាំនិងធ្វើកិច្ចសន្យាជាមួយស្នងការដ្ឋាននគរបាលខេត្ដសៀមរាបម្ដងរួចមកហើយពាក់ព័ន្ធការឡាយវីដេអូបង្កការយល់ច្រឡំដល់សាធារណជន។ យ៉ាងណាមិញ សម្រាប់ករណីដែលកើតឡើងជាថ្មីនេះ ស្ដ្រីដែលគេស្គាល់ថាឈ្មោះ សៀវ ឡុងនី ក៏បានចេញវីដេអូសុំទោសជាសាធារណៈចំពោះពាក្យសម្ដីដែលខ្លួនបាននិយាយក្នុងការផ្សាយផ្ទាល់ ហើយសន្យាឈប់ធ្វើសកម្មភាពបែបនេះទៀតហើយ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ជាថ្មីថា កិច្ចការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានល្អនៅតំបន់អង្គរ គឺជាផ្នែកមួយនៃកិច្ចការអាទិភាពក្នុងទិសដៅអភិរក្សបេតិកភណ្ឌរបស់ជាតិ រក្សាបានរបៀបរៀបរយ និងភាពរលូននៃដំណើរទស្សនារបស់ប្រជាជន ទេសចរជាតិនិងអន្ដរជាតិ។ កន្លងមកការលក់ដូរគ្រប់ទីកន្លែងបានបង្កផលប៉ះពាល់ខ្លាំងដល់សណ្ដាប់ធ្នាប់ និងការរំខានអ្នកទស្សនា។ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គភាពពាក់ព័ន្ធដោះស្រាយបានមួយភាគធំនូវបញ្ហាលក់ដូរអនាធិបតេយ្យ និងបានបង្កើតទីតាំងសម្រាប់អាជីវករដោយឥតគិតថ្លៃ ប៉ុន្ដែក៏នៅមានអ្នកលក់ដូរចល័តមួយចំនួនបន្ដសកម្មភាពនៅទីតាំងមួយចំនួនដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យដដែល ជាហេតុដែលមន្ដ្រី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរាបន្ដទប់ស្កាត់និងណែនាំជាបន្ដបន្ទាប់៕